ហួសចិត្តយុវជនម្នាក់លោតទឹកសម្លាប់ខ្លួនបន្ទាប់ពីសុំសង្សាររួមរ័កមិនបាន
រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រះមុនីវង្សចាស់ កាលពីវេលាម៉ោង១១យប់ថ្ងៃទី៤ ឧសភា ប៉ុន្តែការប៉ុនប៉ងធ្វើអត្តឃាតនេះមិនបានសម្រេចបំណងឡើយ ដោយសារត្រូវសមត្ថកិច្ចនគរបាលផ្នែកអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីដែលឈរជើងយាមការពារលើស្ពានព្រះមុនីវង្សរត់ឆ្លេឆ្លាជួលទូកចាមទៅជួយស្រង់ពីក្នុងទឹកទន្លេទាន់ពេលវេលា។ យុវជនដែលគិតខ្លីចង់សម្លាប់ខ្លួនខាងលើនេះ ពុំត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ ព្រោះគេមិនបានឱ្យប៉ូលិសធ្វើកំណត់ហេតុ និងសួរនាំ។ តាមប្រភពព័ត៌មានមួយបង្ហើបឱ្យដឹងទាក់ទិននឹងសកម្មភាពលោតទឹកសម្លាប់ខ្លួនពីសំណាក់យុវជនខាងលើនេះថា គឺបណ្តាលមកពីរូបគេខឹងនឹងសង្សាររបស់ខ្លួន ។ គេបានសង្កេតឃើញថា ក្រោយពេលដែលសមត្ថកិច្ចជួយស្រង់យុវជនគិតខ្លីនោះឱ្យរួចផុតពីការលង់ទឹកស្លាប់ លើកដាក់លើរថយន្តសង្គ្រោះបានតែបន្តិច យុវជនដដែលនោះបានសុំចុះពីលើរថយន្តសាមុយនៅក្រោមស្ពានអាកាស ហើយឡើងជិះម៉ូតូជាមួយស្ត្រីម្នាក់ឌុបចេញទៅបាត់តែម្តង ។ ប្រភពដដែលនិយាយថា មូលហេតុដែលយុវជនកំហូចនេះលោតទឹកសម្លាប់ខ្លួន ដោយសារខឹងបបួលសង្សារឡើងឋានសួគ៌ ហើយសង្សារអត់ព្រម ក៏សម្រេចចិត្តលោតទឹកបង្អួតពីភក្តីភាពថា គេស៊ូស្លាប់ ដើម្បីបញ្ជាក់ពីក្តីស្រឡាញ់របស់គេ ។ តែលទ្ធផលត្រូវបានសមត្ថកិច្ចជួយស្រង់ទាន់ពេលវេលាកុំអីក្លាយជាសាកសពទៅហើយ ឯនាងជាសង្សារក៏ក្លាយទៅជារបស់អ្នកផ្សេងដែរ ។ តាមប្រភពព័ត៌មានពាក់ព័ន្ធករណីនេះបានឱ្យដឹងថា មុនពេលកើតហេតុ យុវជនគិតខ្លីខាងលើបានជិះម៉ូតូម៉ាកស្កុបពីឌុបស្រីស្នេហ៍ម្នាក់ទៅឈប់នៅលើស្ពានព្រះមុនីវង្សចាស់ ហើយក៏លោតទឹកសម្លាប់ខ្លួនពីលើស្ពានតែម្តង។ ចំណែកនារីជាសង្សារបានឆ្លេឆ្លាលើស្ពានស្រែកហៅ គេឯងឱ្យជួយ ។ ទីបញ្ចប់នៅពេលដែលសមត្ថកិច្ចជួយស្រង់យុវជននោះចេញពីក្នុងទឹកមក នាងជាសង្សារក៏ឌុបចេញទៅបាត់តែម្តង៕
0 comments:
Post a Comment