សាងផ្លូវជោគជ័យឲ្យហើយនៅវ័យខ្ទង់ ២០ ជាមួយយុទ្ធសាស្ត្រសំខាន់ៗ ចំនួន ៦យ៉ាងនេះ
សាងផ្លូវជោគជ័យឲ្យហើយនៅវ័យខ្ទង់ ២០ ជាមួយយុទ្ធសាស្ត្រសំខាន់ៗ ចំនួន ៦យ៉ាងនេះ
ដូចដែលបានដឹងស្រាបហើយថា មនុស្សមានវ័យខ្ទង់ ២០ ឆ្នាំ គឺជាវ័យដ៏សំខាន់ ក្នុងការបង្កើតឱកាសទទួលបានភាពជោគជ័យនៅថ្ងៃអនាគត។ នៅក្នុងវ័យនេះ គឺជាវ័យដែល មនុស្សចូលចិត្តគិតអ្វីប្លែកៗ ហើយតែងតែទាមទារឲ្យបាននូវឯករាជ្យភាពពីអ្នកដទៃ។
ប្រសិនបើ អ្នកណាដែលបានត្រៀមខ្លួនយ៉ាងល្អនោះ អ្វីៗប្រាកដជាប្រសើរឡើង។ ប៉ុន្តែបើអ្នកមិនបានយកចិត្តទុកដាក់ទេ ផលអាក្រក់ជាច្រើន ប្រាកដជាកើតមានមិនខាន។ ខាងក្រោមនេះ គឺជា គន្លឹះសំខាន់ៗមួយចំនួន ដែលជួយឲ្យអ្នកសាងផ្លូវជោគជ័យ នៅពេលមានអាយុខ្ទង់ ២០ឆ្នាំ៖
១) រៀនគ្រប់គ្រងពេលវេលា ( Learn to manage your time)
ពេលវេលា គឺជាអ្វីៗគ្រប់យ៉ាងរបស់មនុស្ស ពោលគឺ ប្រសិនបើ ចេះរៀបចំឲ្យបានល្អ នោះអ្នកអាចធ្វើអ្វីៗប្រកបដោយប្រសិទ្ធភាពខ្ពស់។ គ្មាននរណាម្នាក់ មានពេលវេលាលើសពី ២៤ម៉ោង ក្នុងមួយថ្ងៃទេ ប៉ុន្តែអ្វីដែលសំខាន់ តើអ្នកអាចរៀបចំវាឲ្យបានល្អដោយរបៀបណា ព្រោះបើមិនដូច្នោះទេ អ្នកនឹងប្រឈមនឹងបញ្ហាជាច្រើន ជាពិសេសនៅពេលដែលមានការងារជាច្រើនដែលត្រូវធ្វើ។
២) ធ្វើដំណើរទៅកន្លែងផ្សេងៗតាមតែអាចធ្វើទៅបាន (Travel as much as you can)
អ្នកប្រាកដជា គ្មានគំនិតថ្មីនោះទេ ប្រសិនបើនៅតែមួយកន្លែង។ អ្នកគួរតែឆ្លៀតពេលតាមតែអាចធ្វើទៅបានជាពិសេសនៅពេលមានអាយុខ្ទង់ ២០ ឆ្នាំ ដើម្បីធ្វើដំណើរទៅកន្លែងផ្សេងៗ ព្រោះវាធ្វើឲ្យអ្នកទទួលបានរបស់ដែលថ្មី និង ប្លែក ដែលពិតជាផ្តល់ប្រយោជន៍យ៉ាងខ្លាំង ដល់ខួរក្បាលរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ផ្តល់នូវអារម្មណ៍ស្រស់ថ្លាផងដែរ។
៣) រកឲ្យឃើញថា អ្នកជានរណា ( Figure out who you really are)
ចំណុចខុសឆ្គងមួយក្នុងចំណោមកំហុសជាច្រើន របស់មនុស្សភាគច្រើន គឺ មិនបានរកឲ្យឃើញថា ខ្លួនឯងជានរណា។ ការរកឲ្យឃើញខ្លួនឯងជានរណានេះ មានន័យថា តើខ្លួនអ្នកជាមនុស្សប្រភេទណា ហើយមានចំណុចខ្លាំង និង ចំណុចខ្សោយអ្វីខ្លះ។ នៅពេលអ្នកអាចរកឃើញចម្លើយច្បាស់លាស់ហើយនោះ មានន័យថា អ្នកអាច ចាប់ផ្តើមធ្វើអ្វីមួយដែលត្រូវនឹងសមត្ថភាពរបស់ខ្លួន នាំឲ្យការរីកចម្រើនកើតឡើងយ៉ាងរហ័សបំផុត។
៤) ចាប់ផ្តើមសន្សំលុយកាក់ ( Start saving)
មនុស្សភាគច្រើនដែលស្ថិតក្នុងវ័យ ២០ ឆ្នាំនេះ មិនសូវចេះសន្សំអ្វីនោះទេ ពោលគឺ មានប៉ុន្មានចាយប៉ុណ្ណឹង។ នេះ គឺជាទម្លាប់អាក្រក់មួយដែលគួរតែកែប្រែជាបន្ទាន់ ដោយចាប់ផ្តើមចេះសន្សំដើម្បីត្រៀមនៅពេលជួបប្រការចាំបាច់ណាមួយនៅពេលខាងមុខ។ ប្រសិនបើ អ្នកចាប់ផ្តើមសន្សំលុយ ចាប់ពីពេលនេះតទៅ (តិចក្តី ច្រើនក្តី) វាជាវេលាដ៏ល្អបំផុត សម្រាប់អនាគតដ៏វែងឆ្ងាយ។
៥) យកចិត្តទុកដាក់លើសុខភាព ( Take care of your health)
ថ្វីត្បិតតែ មានវ័យក្មេងក៏ពិតមែន តែគួរតែយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុតអំពីបញ្ហាសុខភាព ព្រោះប្រសិនបើអ្នក ធ្វើអ្វីៗខ្វះការយកចិត្តទុកដាក់នោះ វានឹងជះឥទ្ធិពលដ៏អាក្រក់នៅពេលអនាគត ជាពិសេសនៅពេលមានវ័យចាស់បន្តិច។ មានន័យថា បើទោះបីជា អ្នកពូកែប៉ុណ្ណាក៏ដោយ អ្នកប្រាកដជា មិនអាចជោគជ័យបានឡើយ បើសុខភាពរបស់អ្នកមិនល្អ។
៦) ព្យាយាមទទួលការអប់រំឲ្យអស់ពីលទ្ធភាព ( Get as much education as possible)
ការអប់រំពិតជាមានសារៈសំខាន់ខ្លាំង ណាស់សម្រាប់មនុស្សគ្រប់រូប ជាពិសេសនៅក្នុងសង្គមពោរពេញដោយការប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ។ ប្រសិនបើអ្នក មិនមានចំណេះដឹងគ្រប់គ្រាន់នោះទេ អ្នកប្រាកដជាមិនអាចប្រកួតប្រជែងជាមួយនឹងអ្នកដទៃនោះឡើយ ព្រោះគេ ពិតជាទាមទារសមត្ថភាពពិតៗរបស់មនុស្សម្នាក់ៗក្នុងការធ្វើកិច្ចការ។ ដូច្នេះការអប់រំពិតជា កំណត់អំពីភាពជោគជ័យនៅពេលអនាគតរបស់អ្នកយ៉ាងប្រាកដ៕
0 comments:
Post a Comment