រឿងនិទានខ្មោចៈ ប្អូនស្រី

Advertisements
នាងជាក្មេងស្រីវ័យជំទង់ម្នាក់ មានសតិមិនសូវល្អ ចូលចិត្តសំងំក្នុងបន្ទប់។ ពេលបាយ បងស្រីរបស់នាងតែងយកបាយ ម្ហូប និងទឹកដាក់ថាសដែកទៅឱ្យនាងដល់ក្នុងបន្ទប់។ ពេលខ្លះ ក្មេងវិកលចរឹតម្នាក់នេះស្រែកបញ្ចេញសំលេងដូចខ្លាគ្រហឹម។ ជំងឺរបស់នាងគ្មានពេទ្យណាម្នាក់ហ៊ានអះអាងធានាព្យាបាលឡើយ កុំថាឡើយព្យាបាល សូម្បីតែចាក់ថ្នាំឱ្យនាងក៏គ្មាននរណាធ្លាប់ធ្វើបានដែរ។ បន្ទប់ហ្នឹងតូច ហើយងងឹតឈឹងមានពន្លឺបន្តិចបន្តួចពីអំពូលអគ្គិសនីជះពន្លឺពណ៌លឿងទុំ។ បើទោះជាបងស្រីនាងព្យាយាមបញ្ចុះបញ្ចូលនាងឱ្យចំណាយពេលចេញទៅខាងក្រៅ ឬដើរផ្សារ ចម្លើយរបស់នាងគឺតែងតែបដិសេធ។ នៅផ្ទះមួយនេះមានអាថ៌កំបាំងច្រើនណាស់ ពេលខ្លះរ៉ូប៊ីណេក្នុងបន្ទប់ទឹកហូរមកជាឈាម ពេលខ្លះមានធុំក្លិនសាកសពពេញផ្ទះ ហើយពេលខ្លះទៀត បងស្រីនាងចំណាំឃើញផ្នែកខ្លះនៃសាកសពធ្លាក់ចុះពីពិដាន , ដៃ , ជើង , និងសសៃសក់។ សភាពផ្ទះធំនេះមានភាពចំណាស់ និងទ្រុឌទ្រោម ហើយជញ្ជាំងមានសភាពបែកប្រេះដោយអាយុកាលរបស់វា។ ក្នុងនាមជាបងស្រី ណាលីតែងលាក់បាំងរឿងនេះមិនឱ្យដឹងទៅដល់ក្រៅផ្ទះទេ តែអាថ៌កំបាំងខ្លះៗត្រូវដឹងខ្ជរខ្ជាយទៅក្រៅដដែល , ដោយមាត់របស់នាងទីម និងនាងទីប ដែលជាអ្នកបំរើក្នុងផ្ទះចំណាស់នេះ។ ណាលីធ្លាប់មានស្វាមី៥នាក់មកហើយ តែពួកគេទាំងអស់សុទ្ធតែបាត់ខ្លួនទៅយ៉ាងអាថ៌កំបាំង។ មានអ្នកខ្លះជឿថានេះជាស្នាដៃប្អូនស្រីវិកលចរឹតរបស់នាង តែនាងក៏មិនប្រាកដពីមូលហេតុដែរ។ ល្ងាចមួយ ណាលីបានចេញទៅក្រៅដោយប្រាប់អ្នកបំរើនាងថាទៅជប់លាងមិត្តរបស់ខ្លួន។ ក្រោយពីធ្វើការងារ និងចម្អិនអាហាររៀបរយហើយ អ្នកបំរើទាំងពីរនេះនៅមានកិច្ចការធំមួយទៀតគឺយកបាយម្ហូបទៅឱ្យសានី ជាក្មេងស្រីវិកលចរឹតក្នុងបន្ទប់ងងឹតជាន់ក្រោមដីនោះ។ ស្ដាប់ទៅវាជាការងារដ៏ងាយស្រួលតែវាបែរជាពិបាកខ្លាំងសម្រាប់ពួកគេទាំងពីរទៅវិញ។ សានីមិនងាយបង្ហាញមុខឱ្យពួកគេទាំងពីរឃើញទេ រយៈពេលមកនៅជិតបួនឆ្នាំមកនេះពួកគេទាំងពីរបានឃើញនាងតែម្ដងប៉ុន្នោះ គឺពេលដែលនាងមកប្រាប់បងស្រីនាងថាចង់ផ្លាស់នៅបន្ទប់ក្រោមដីវិញ។ «មីកាទីម! អញខំធ្វើបាយ ធ្វើម្ហូបម៉ាចប់សព្វគ្រប់ នាងឯងនៅទំនេរយកបាយឱ្យអ្នកនាងសានីផងទៅ។» នាងទីបព្យាយាមលើកការងារដែលបានធ្វើជាលេសគេចវេសការលើកអាហារទៅបន្ទប់ងងឹត តែត្រូវនាងទីមបដិសេធ។ «ទេ ! អញជូតផ្ទះ លាងចាន នៅមានស្រោចផ្កាលាងបង្គន់ទៀត នាងឯងចម្អិនហើយលើកឱ្យអ្នកនាងផងទៅ។» ។ ទាំងពីរនាក់ប្រកែកមិនព្រមទៅតែរៀងខ្លួន ទីបំផុតក៏សម្រេចចិត្តលើកឡើងទៅទាំងពីរនាក់។ នេះជាលើកទីមួយហើយដែលពួកគេត្រូវចុះមកជាន់ក្រោមដី ព្រោះរាល់ដងការងារនេះត្រូវលោកស្រីរបស់នាងធ្វើដោយផ្ទាល់។ ជណ្ដើរចុះមានសភាពចាស់ពោរពេញដោយធូលី។ ទីនេះងងឹតឈឹង ដៃនាងទីមរញីរញ័រក៏ប៉ះនឹងកុងតាក់ភ្លើង ភ្លើងបើកឡើងជះពន្លឺតិចៗគ្រាន់បំភ្លឺផ្លូវកុំឱ្យបុកជញ្ជាំង។ មានបន្ទប់បិទជិតពីរដែលត្រូវចូល។ តើបន្ទប់ណាជារបស់អ្នកនាងសានីទៅ? នាងទីបមួលសោរទ្វារមួយតែទ្វារមានចាក់សោរពីក្នុងហើយបើកមិនរួច។ ភ្លាមនោះស្រាប់តែមាននរណាម្នាក់ស្រែកសន្ធាប់ពីក្រោយ។ «ធ្វើស្អីហ្នឹង?» វាជាសំលេងម្ចាស់ស្រីរបស់ពួកនាងទាំងពីរ មិនដឹងថាគាត់ត្រលប់មកវិញតាំងពីពេលណាទេ តែសំលេងដែលគាត់ស្រែកម៉ិញ ហាក់កំពុងលាក់បាំងគេពីអ្វីម្យ៉ាងក្នុងសភាពភិតភ័យ។ គាត់ស្ទុះមកកញ្ឆក់ថាសបាយហើយច្រាននាងទាំងពីរទៅម្ខាង។ «នេះមិនមែនបន្ទប់សានីទេ។» គាត់ពោលព្រមទាំងងាកមើលទៅបន្ទប់បន្ទាប់។ «នោះទើបជាបន្ទប់សានី ចាំទុកក្នុងអំបែងក្បាលអស់ហងផងទៅពួកមីងាប់»។ ថ្វីបើគាត់កំណាច និងនិយាយម៉ឺងម៉ាត់ពិតមែនតែរាល់ដងគាត់មិនដែលជេរនាងទាំងពីរអាក្រក់បែបនេះទេ។ បម្រើទាំងពីកើតការសង្ស័យយ៉ាងខ្លាំងនឹងបន្ទប់អាថ៌កំបាំង។ ណាលីមិនដែលបង្ហាញមុខឱ្យប្អូនស្រីនាងឃើញឡើយ។ នាងតែងរំក្រណាត់ក្បាល និងពាក់ម៉ាសមុខ ហើយពាក់ស្រោមដៃយ៉ាងជិតឈឹង រាល់ពេលចូលលេងប្អូនស្រីនាង។ ណាលីមានប្ដីច្រើន សង្សារក៏ច្រើន តែ...ពួកគេបានស្លាប់ទាំងអស់រាល់ពេលពួកគេបានជួបសានី , ប្អូនស្រីវិកលចរឹត។ ណាលីតែងប្រាប់ស្វាមី ឬសង្សារខ្លួនថាសានីជាមនុស្សវិកលចរឹត ទាំងដែលការពិត... ប្ដីក្រោយបំផុតរបស់នាងបានស្លាប់នៅមួយថ្ងៃក្រោយពីគាត់បានជួបនឹងសានី។ ការណ៍នេះធ្វើឱ្យអ្នកបម្រើទាំងពីរជឿថាសានីគឺជាអ្នកធ្វើរឿងនេះ ទាំងដែលការពិត... ដោយសារហេតុនេះហើយទើបនាងទាំងពីរមិនដែលប្រាថ្នាជួបសានីនោះទេ។ ល្ងាចមួយដូចរាល់ដង ពេលចម្អិនអាហារសម្រាប់សានីរួច ណាលីលើកអាហារមួយថាសចុះមកជាន់ក្រោមដី។ នាងគោះទ្វារបន្ទប់បីដង បណ្ដាលធូលីដែលជាប់នឹងទ្វារហុយផាត់មួយចំនួន។ ទ្វារបានបើកក្នុងសភាពងងឹតឈឹង និងស្ងប់ស្ងាត់គ្មានសូម្បីតែសំលេងតុកកែ។ «សានី! សានី» «ចាសបង ទុកអាហារលើតុនោះហើយ» «បងទៅវិញហើយ» ណាលីបម្រុងនឹងត្រលប់ទៅវិញស្រាប់តែសានីបង្អាក់។ «បងស្រី ឈប់សិន!» «មានការអី?» ណាលីសួរទាំងមិនចង់នៅទីនេះ។ នាងមិនហ៊ានទាំងមើលមុខប្អូនស្រីនាងផង។ «បង ខ្ញុំសួរមួយបានទេ?» សានីនិយាយក្នុងសំលេងស្រទន់ ស្ទើរស្រក់ទឹកភ្នែក។ នាងបន្ត «ហេតុអីខ្ញុំចេញទៅក្រៅមិនបាន?» សំនួរនេះធ្វើឱ្យបងស្រីនាងខឹងយ៉ាងខ្លាំង។ នាងស្ទុះទៅចាប់អង្រួនស្មារប្អូនស្រីខ្លួន ហើយស្រែកខ្លាំងៗ «អញប្រាប់នាងឯងប៉ុន្មានរយដងហើយថានាងឯងមិនអាចចេញក្រៅផ្ទះបានទេ ស្ដាប់ឮទេៗ? មិនចេះឆ្លុះកញ្ចក់មើលមុខខ្លួនឯងទេហ្អែស មើលអាក្រក់ប៉ុណ្ណា? មុខនាងឯងមិនដូចគេទេ ឯងគឺជាមនុស្សមុខអាក្រក់ជាងគេ ឯងមុខបិសាចៗ ថ្ងៃក្រោយបើឮសួរសំនួរនេះទៀត យើងនឹងវះមាត់នាងឯងជាពីរ។» ណាលីស្រែកដាក់ប្អូនជ្រុលជាងរាល់ដង។ ថ្ងៃនេះនាងមានអារម្មណ៍មួរម៉ៅពីខាងក្រៅ។ នាងមិនចង់ឱ្យប្អូនស្រីនាងមានគ្រោះថ្នាក់ទេ។ នាងទម្លាក់សំលេងចុះស្លូតជាងមុនហើយបន្ត «បើនរណាម្នាក់ឃើញឯង គេនឹងចាប់ឯងទៅជំរុំមេភូមិ ពេលនោះគេនឹងបូជាឯង សម្លាប់ឯងដោយដុតទាំងរស់។ នេះដោយសារឯងមុខអាក្រក់ជាងបិសាចទៅទៀត»។ ទឹកភ្នែកសានីស្រក់ចុះមកស្របនឹងទឹកភ្នែកបងស្រីនាងដែរ។ នាងមិនចង់ឃុំខ្លួនឯងក្នុងបន្ទប់បែបនេះទេ នាងចង់មានសេរីភាព នាងចង់ទៅក្រៅ នាងចង់រាប់អានមនុស្សថ្មី តែ...តែនាងធ្វើមិនបាន...ព្រោះការពិត... យប់ជ្រៅមួយ ណាលីនៅមិនទាន់ត្រលប់មកវិញទៀត។ អ្នកបម្រើទាំងពីរខ្សឹបខ្សៀវគ្នា «ឯងគិតមើលបើលោកស្រីទៅយូរបែបនេះ ប្អូនស្រីគាត់ច្បាស់ជាឃ្លានស្លាប់ហើយទម្រាំគាត់មកវិញ តោះយើងលើកម្ហូបឱ្យនាងទៅហ្អី?»នាងទីមបបួលក្នុងបំនងល្អតែត្រូវនាងទីបប្រកែក «ទេ អញមិនហ៊ានជាមួយអ្នកវិកលចរឹតទេវើុយ!» «តាមពិត នាងមិនមែនវិកលចរឹតទេ ពីម្សិលអញលបស្ដាប់ឮនាងនិយាយជាមួយបងស្រីនាងធម្មតា មិនឃើញស្រែកវេ៉កវ៉ាកអីផង។ ហើយក្រែងឯងចង់ដឹងពីបន្ទប់អាថ៌កំបាំងនោះហ្អី? ហើយអ្នកស្រីមិនបានយកសោរបន្ទប់ក្រោមដីនោះទៅជាមួយទេ តោះខ្លាចអី? គាត់នឹងមិនដឹងទេ» «តិចលោគាត់ត្រលប់មកវិញ?» «ថ្ងៃនេះមេឃពេញបូរម៌ គាត់ទៅវិហារបាត់ហើយ» អ្នកបម្រើទាំងពីរក៏យល់ព្រមចុះទៅជាន់ក្រោមដោយមានសោរបន្ទប់ និងអាហារមួយថាសផង។ សភាពងងឹតឈឹង នាងទីបរាវចុចកុងតាក់ភ្លើង បន្ទាប់មកភ្លើងក៏ភ្លឺ។ នាងទីមយកសោរចាក់បន្ទប់អាថ៌កំបាំង ឯនាងទីបលើកថាសអាហារទៅដាក់មុខបន្ទប់សានីដែលនៅជាប់បន្ទប់អាថ៌កំបាំងនោះ។ ទ្វារឈើរបើកឡើង បន្ទប់នៅងងឹតឈឹង នាងទីមស្រវារដៃប៉ះកុងតាក់ភ្លឺចិញ្ចែងចិញ្ចាច។ សាកសពជាច្រើនព្យួរសំយ៉ុងក្បាលចុះក្រោម ខ្លះរលួយ ខ្លះនៅស្រស់ស្រក់ឈាមតក់ៗ។ «អា!!!» បម្រើទាំងពីរស្រែកព្រមគ្នានូវទិដ្ឋិភាពដែលខ្លួនឃើញ។ សាកសពទាំងអស់ដែលនាងបានឃើញគឺជាអតីតលោកប្រុសរបស់នាងដែលបានបាត់ខ្លួន។ នៅក្រោយខ្នងនាង គឺម្ចាស់ស្រីរបស់នាងកំពុងកាន់កាំបិតធំ និងសម្លឹងមកកាន់នាងទាំងពីរដោយកំហឹង។ «លោកស្រី ខ្ញុំ...ខ្ញុំ...លោកស្រី លើកលែងទោសខ្ញុំផង» នាងសំពះអង្វរម្ចាស់ស្រីរបស់នាងតែឥតប្រយោជន៍ មុខកាំបិតបានហោះមកកាន់ក្បាលពួកនាងទៅហើយ។ ណាលីដែលហត់មកពីវិហារក៏ត្រូវកាប់ចិញ្ចាំរាងកាយអ្នកបម្រើទាំងពីរ ហើយនៅលើកព្យួរឡើងទៀត។ ឈាមស្រក់ដាបក្ដារ។ «លទ្ធផលសមនឹងការចង់ដឹងចង់ឮហួសហេតុរបស់ពួកឯងហើយ»។ ថាហើយនាងក៏លើកថាសបាយចូលបន្ទប់សានី។ --- រាល់យប់ , ណាលីមិនដែលនៅផ្ទះទេ ព្រោះរវល់នៅវិហារ។ សានីបានដឹងថាបងស្រីនាងមិននៅផ្ទះ នាងតែងលួចចេញពីបន្ទប់មកខាងក្រៅជារឿយៗ តែ...នាងបានត្រឹមតែអង្គុយលើស្មៅមើលព្រះចន្ទតែប៉ុណ្ណោះ មិនដែលចេញក្រៅរបងទេ។ នាងប្រាកដថាខ្លួនឯងមិនមែនជាមនុស្សវិកលចរឹតទេ គ្រាន់តែរងអនានិគមពីបងស្រីកំណាចតែប៉ុណ្ណោះ។ យប់មួយ នាងបានសម្រេចដើរចិត្តចេញមកក្រៅរបងផ្ទះ។ ដើរបានឆ្ងាយពីផ្ទះបន្តិចតាមផ្លូវដែលមានបង្គោលភ្លើងមួយៗ នាងបានកត់សម្គាល់ឃើញថាបុរសពីរនាក់ដែលកំពុងឈរនៅក្នុងផ្លូវនេះឡើងនៅពេលខាងមុខ។ ពួកគេស្ថិតក្នុងឯកសណ្ឋានធំដល់ចុងជើង។ នៅពេលពួកគេឃើញនាងពួកគេបានស្រែកថា: «នាងជានរណា? ឈប់សិន!» មិនគិតច្រើន សានីរត់ទៅមុខយ៉ាងលឿន។ នាងឮសំលេងជនទាំងពីររត់តាមពីក្រោយ។ នាងប្រញាប់រត់យ៉ាងលឿនដើម្បីគេចពីអ្នកតាមទាំងពីរហើយរត់ចូលសួនច្បារសាធារណមួយ។ រ៉ូប របស់នាងបានទាក់នឹងគុម្ភផ្កា ធ្វើឱ្យនាងមិនអាចរត់ទៅមុខរួច ទើបនាងសម្រេចស្រាតវាចោលហើយរត់បន្តទៀត។ នាងអាក្រាតកាយហើយហើយវាគឺត្រជាក់ខ្លាំងណាស់ប៉ុន្តែគ្មានជម្រើសទេ នាងត្រូវតែបន្តរត់ទៀត។ នាងរត់ហើយរត់តាមពន្លឺដែលបំភ្លឺតាមថ្នល់ ហើយអ្នកដើរតាមថ្នល់ទាំងអស់ដែលបានឃើញនាងនាំគ្នាស្រែក។ នៅជ្រុងផ្លូវមួយនាងរត់បុកបុរសម្នាក់។ នៅពេលដែលគាត់ឃើញនាងគាត់បើកភ្នែកធំៗហើយស្រែកថា «បិសាច! បិសាច!» នាងក៏រត់ចូលដុបព្រៃក្បែរផ្លូវនោះ ធ្វើឱ្យបន្លាមុតស្បែករបស់នាងទេរហូតរត់ដល់ចិញ្ចើមផ្លូវមួយទៀត។ នាងអស់កំលាំងណាស់មិនអាចរត់ទៅមុខទៀតបានទេ។ នាងបានដួលសន្លប់ទៅលើដី។ ប្រជាជនរត់មកទាំងហ្វូង ហើយពួកគេបានប្រមូលផ្តុំគ្នានៅជុំវិញនាងក្នុងទឹកមុខចងកំហឹងនិងស្អប់ខ្ពើម។ ពួកគេបានចាប់ផ្តើមទាត់និងធាក់នាងហើយស្រែកថា: «ឯងជាណាគេ? ហើយមកពីភពណា?» នៅទីបំផុត, អាចារ្យម្នាក់បានវែកចូលហ្វូងមនុស្សដែលកំពុងមានកំហឹង។ គាត់បានបញ្ជាឱ្យ«ចូរយកនាងទៅវិហារសិន!» ។ «យប់នេះយើងនឹងកម្ចាត់បិសាចនេះ!» ប្រជាជនបានអូសសានីដើម្បីបូជានិងបានចងនាងទៅលើឈើឆ្កាងថ្មដែលព្យួរនៅលើអាសនៈ។ ពួកគេជង់ឈើនៅក្រោមជើងរបស់នាង។ លោកអាចារ្យចាប់ផ្តើមសូត្រធម៌អាគម ហើយប្រជាជនចាប់ផ្តើមអធិស្ឋាន។ លោកអាចារ្យបានយកភ្លើងដុតចំបើងដុតពីក្រោមហើយវាផ្ទុះឡើងចេញជាអណ្តាតភ្លើង។ សានីស្រែកយ៉ាងខ្លាំងដោយការភិតភ័យ។ នាងបានសុំឱ្យពួកគេអាណិតមេត្ដានាងហើយទុកជីវិតឱ្យនាង ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេស្តាប់ការអង្វររបស់នាង។ ភ្លើងឆេះធំទៅៗយ៉ាងឆាប់រហ័ស ហើយផ្សែងបានចាប់ផ្តើមគួចជុំវិញនាង។ នាងព្យាយាមរើបម្រះពីចំណងនេះ, ប៉ុន្តែឥតប្រយោជន៍ទេ ភ្លើងនៅតែឆាបឆេះខ្លាំងឡើងៗ។ រាងកាយអាក្រាតរបស់ក្មេងស្រីរូបនេះត្រូវបានហ៊ុមព័ទ្ធដោយអណ្ដាតភ្លើង។ ភ្លាមនោះមានសំលេងមួយស្រែកឡើង «ធ្វើអីហ្នឹង?» វាដូចជាសំលេងរបស់... «តើនាងខុសអី?» ម្នាក់នោះបន្ត។ «ម្ចាស់ស្រីមើលមុខរបស់បិសាចនេះចុះ!»លោកអាចារ្យស្រែក។ «មើលខ្លួនដ៏គគ្រិចរបស់នាងចុះ។ មើលដៃនាងទៅ មានម្រាមដៃដល់ទៅប្រាំ! មើលទៅមុខដ៏គួរឱ្យខ្លាចនោះចុះ! មានភ្នែកតែពីរ! មានច្រមុះតែមួយ! មើលមាត់នាងចុះបបូរមាត់ពណ៌ក្រហមមិនមែនបៃតងដូចពួកយើងទេ ! ហើយធ្មេញរបស់នាងស្មើគ្នាគ្មានចង្គូមសោះ! នាងជាបិសាចគួរឱ្យខ្លាចណាស់ម្ចាស់ស្រី» ម្ចាស់ស្រីនោះដើរមកជិតសានីធ្វើឱ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បងស្រីជាទីស្រលាញ់ដែលនៅផ្ទះជាមួយនាង ជាម្ចាស់នៃហ្វូងបិសាចទាំងពួង។ គាត់ទម្លាក់ក្រមារដែលគ្របមុខបង្ហាញមាត់រយះដល់គុម្ភត្រចៀក និងធ្មេញស្រួចៗជាច្រើនជួរ គ្រាប់ភ្នែកពណ៌ក្រហមដក់ឈាម ម្រាមដៃមានតែបួនមើលទៅគួរឱ្យរន្ធត់។ «កុំបារម្ភអីសានី បងមិនធ្វើអីឯងទេ»។ សានីសន្លប់ឈឹងបាត់ស្មារតី។ ••• •••• ••• នាងភ្ញាក់មកវិញនៅក្នុងបន្ទប់ដែលដុតចង្កៀងភ្លឺផ្លុងៗ។ ដៃស្វិតជ្រីវជ្រួញដែលមានក្រចកស្រួចវែងៗលូកមកអង្អែលថ្ពាល់សានី។ នាងឃើញមុខបិសាចមាត់ធំកំពុងសម្លឹងនាងដោយកែវភ្នែកស្រទន់។ ទឹកភ្នែកហូរចុះមកកាត់ផែនថ្ពាល់ជ្រីវជ្រួញរបស់បិសាចនោះ។ «បងដឹងថាឯងតក់ស្លុតខ្លាំងហើយពេលដែលដឹងថាបងបែបនេះ តែបងសុំទោស បងនឹងមិនឱ្យឯងមានគ្រោះថ្នាក់ទេ បងមិនបណ្ដោយឱ្យគេរើសអើងចង់សម្លាប់ឯងទៀតទេ។» និយាយតែប៉ុណ្ណេះ សានីងើបឱបបងស្រីបិសាចនេះ។ «បងអាចពន្យល់រឿងរ៉ាវទាំងអស់ប្រាប់ខ្ញុំបានទេ?» «បាន» ណាលីងក់ក្បាលយល់ព្រម។ «កាលពីមុនគ្មាននរណាមកនៅទីក្រុងនេះទេ។ បងបានរស់នៅក្នុងទីប្រជុំជនមួយ។ ដោយតណ្ហារម្មណ៍ បងចង់ក្លាយជាមនុស្សដែលមានអំនាចបំផុត។ បងបានប្រើរូបមន្តស្ងោរថ្នាំបុរាណតាមមេធ្មប់។ ដោយមិនប្រយ័ត្ន ជាតិថ្នាំបានជ្រាប់ចូលសារពាង្គកាយរបស់បង ធ្វើឱ្យបងក្លាយជាបិសាចអាក្រក់បែបនេះ។ បងបានរត់មកនៅទីក្រុងស្ងប់ស្ងាត់ដាច់ស្រយ៉ាលមួយនេះ ដែលមានមនុស្សមិនច្រើនរស់នៅ។ ដោយខ្លាចពួកគេដឹងថាបងជាបិសាច និងដោយចង់ដឹកនាំពួកគេ បងបានលាយថ្នាំបិសាចនោះ និងបន្សាយវាទៅតាមខ្យល់។ មិនយូរបុ៉ន្មាន ជាតិថ្នាំជ្រាបចូលសារពាង្គកាយពួកគេ ធ្វើឱ្យពួកគេក្លាយជាបិសាចគួរឱ្យខ្លាច។ បងគឺជាម្ចាស់នៃពួកគេទាំងអស់។» «ក្រោយមក អ្នកផ្ទះយើងទាក់ទងមកបងដើម្បីបញ្ជូនប្អូនឯងមកនៅជាមួយបង។ បងមិនបដិសេធទេព្រោះខ្លាចពួកគេសង្ស័យ។ បងឃុំប្អូនជាច្រើនខែ ព្រោះដោយសារតែខ្លាចមានថ្ងៃនេះ ដោយសារខ្លាចមានអ្កនដឹងថាប្អូនជាមនុស្ស។ បងសម្លាប់ពួកគេ សម្លាប់ប្ដីខ្លួនឯងក្រោយពេលដែលពួកគេដឹងថាប្អូនគឺជាមនុស្ស។ អ្វីៗដែលបងធ្វើគឺដើម្បីឯង បងស្រលាញ់ឯង។» «ចាប់ពីថ្ងៃនេះទៅ គ្មាននរណាភ័យខ្លាចឯងទៀតទេប្អូនស្រី»។ និយាយចប់ណាលីកាន់កាំបិតដ៏មុតស្រួចតម្រង់ប្អូនស្រីនាង។ «ទេ...កុំ...បង បងធ្វើអីហ្នឹង...ទេ!!!» សានីព្យាយាមរើបម្រាស់តែនាងមិនអាចកម្រើកសូម្បីតែបន្តិច។ កាំបិតមុតបានវះមាត់នាងពីម្ខាងទៅម្ខាង។ ម្រាមមេដៃក៏ត្រូវកាត់ផ្ដាច់។ --- សានីងើបឈរដើរតម្រង់ទៅផ្លូវដ៏ងងឹតមួយ។ ចាប់ពីពេលនេះទៅគ្មាននរណាមើលងាយនាងទៀតទេ។ សានីជាម្ចាស់ថ្មីនៃទីក្រុងបិសាចនេះ។ “តែ...សុំទោសបងណា បងស្រីដែលខ្ញុំសម្លាប់បង ហើយដណ្ដើមដំនែងនេះ”៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment