ប្រលោមលោកក្តៅសាច់១៨+៖ ស្គាល់រសជាតិស្នេហ៏នៅKTV
ប្រលឹមអុលឡើងទូរសព្ទរោទ៍គឺលេខទី៣៣របស់ អាស៊ាន ដែលខ្ញុំបានសេវទុក៖
-អាឡូ! អាសិដ្ឋ។ កន្លែង អាម៉ាប់ គេត្រូវការជំនួយការម្នាក់ដែលចេះកុំព្យូទ័រ អ៊ីនធឺណិត និងភាសាអង់គ្លេសអាចនិយាយទំនាក់ទំនងបាន អញថាហ្អែងអាចធ្វើបាន។
-ត្រូវហើយ អញអាចទៅរួច។ ចុះប្រធានហ្នឹង ជនជាតិអីហ្អា?
-ជនជាតិអី? គឺអាម៉ាប់ហ្នឹងហើយ។ ការងារវាច្រើនពេក វាត្រូវការជំនួយការម្នាក់ អីចឹងហ្អែងជាប់អូតូ។
-ចុះប្រាក់ខែ?
-១៥០ដុល្លារ លើសការរំពឹងទុករបស់ហ្អែង៥០ដែរតើ។ ហ្អែងម៉ោ ល្អម្យ៉ាងដែរ ព្រោះអាពីរនាក់ប្រាក់ខែច្រើននោះវានៅបន្ទប់មួយពីរនាក់ ទុកឱ្យអញប្រាក់ខែតិចនៅបន្ទប់មួយម្នាក់ឯង ឥឡូវអាប្រាក់ខែច្រើននៅជាមួយអាប្រាក់ខែច្រើន អាតិចនៅជាមួយអាតិច ថ្លៃបន្ទប់មួយខែ៦០គឺ៣០ម្នាក់វើយ។
-គ្មានបញ្ហាទេ។ ចុះអញត្រូវឡើងទៅពេលណា?
-ហ្អែងប្រុងឡើងមកឆ្នាំក្រោយ? គឺថ្ងៃហ្នឹងហើយ តែបើរៀបចំមិនទាន់ស្អែកក៏បាន ព្រោះថ្ងៃនេះថ្ងៃសុក្រ ហើយអាម៉ាប់វាថា ត្រូវចូលធ្វើការថ្ងៃចន្ទ។
-អញទៅថ្ងៃសៅរ៍ចុះ ព្រោះត្រូវទៅសុំច្បាប់គេឈប់នៅសណ្ឋាគារ ហើយត្រូវនិយាយជាមួយម៉ាក់ប៉ាទៀត។
-បាន! ហ្អែងខលទៅប្រាប់អាម៉ាប់ផង។
-អញដឹងហើយ។
………………………………….
ទីបំផុតខ្ញុំអាចជុំគ្នានឹងមិត្តភ័ក្ដិរៀនជាមួយគ្នា១២ឆ្នាំវិញហើយ ពួកយើងនៅតែស្និទ្ធស្នាលដូចពីក្មេង។ បាយល្ងាចជុំគ្នាបួននាក់ក្នុងបន្ទប់ជួល អាស៊ានរំលឹកខ្ញុំពីពាក្យសន្យា KTV៖
-ចុះរឿង KTV នោះយ៉ាងម៉េចហើយអាសិដ្ឋ?
-យើងមិនភ្លេចទេ ពួកឯងចង់ទៅថ្ងៃណា?
ធៀន លូកមាត់៖
-យប់នេះគឺល្អបំផុតហើយ ព្រោះស្អែកថ្ងៃអាទិត្យចង់ដេកដល់ម៉ោងម៉ានក៏មិនអីដែរ។
ស៊ាន និយាយទាំងបាយពេញមាត់៖
-អាសិដ្ឋ វាថា ឱ្យហ្អែង និងអាម៉ាប់ចេញលុយ។
-អញនិយាយលេងទេ។ អញដាក់លុយមកច្រើនគួរសមដែរ ទុកឱ្យអញចេញចុះ ចាត់ទុកថា អរគុណពួកម៉ាកដែលបានជួយគ្នាឱ្យមកស្គាល់ជីវិតការងារក្នុងក្រុងភ្នំពេញ ម៉ាយប់អស់ប្រហែលប៉ុន្មាននៅហ្នឹង?
អាម៉ាប់ និយាយចំអកខ្ញុំ៖
-កុំភ័យអី មិនថ្លៃជាងខេត្តយើងទេ?
-អស់ម៉ានអស់ទៅ អញគ្រាន់តែសួរមុនទេខ្លាចដាក់លុយទៅមិនគ្រប់ នាំលំបាកដល់ អាធឿន និងលោកប្រធានរបស់អញ…..។
ធឿន និយាយកាត់ខ្ញុំ៖
-អើ! បួននាក់ទៅកន្លែងធម្មតាអស់មិនដល់២០០ទេ។ ទៅរួចអត់ហ្អា?
-គ្មានបញ្ហាទេ។
……………………………………………………..
នោះបន្ទប់១0៥! អ្នកនាំភ្ញៀវជូនពួកយើងដល់ក្នុងបន្ទប់ អ្នកទទួលកុម្ម៉ង់ក៏ចាប់ផ្ដើមសួរនាំ។ ស្រាបៀរមួយកេះ និងរបស់ញ៉ាំកំប៉ិកកំប៉ុកបានមកដល់។ នារីចាក់ចម្រៀងមកជួយចាក់ស្រា និងផឹកជាមួយពួកយើងបីបួនកែវ ទើបនារីមេការនាំនារីកំដរ៦-៧នាក់មកដល់។
អាស៊ាន ចង្អុលយកស្រីស្អាតពាក់អាវវាលក ខោវប៊យរឹបរាងខ្លីលើជង្គង់ជាងមួយចំអាម។ ធឿន ចង្អុលទៅស្រីស្អាតម្នាក់ទៀតពាក់អាវសស្ដើងមើលឃើញក្បាលពោះ បង្អួតរាងដោយសំពត់ខ្លីប្រហែលនឹងខោរបស់នារីដែល អាស៊ាន ហៅមុននេះដែរ។ អាម៉ាប់ ដើរទៅដឹកដៃស្រីស្អាតសិចស៊ីជាងគេក្នុងចំណោមពួកនាងមកអង្គុយជិត ចំណែកខ្ញុំក្រោកទៅហុច៥ដុល្លារឱ្យមេការ ហើយនិយាយទៅកាន់នាង៖
-អរគុណហើយ ខ្ញុំមិនយកអ្នកអង្គុយទេ។
នាងទទួលលុយហើយអរគុណខ្ញុំ បន្ទាប់មកនាងដឹកដៃខ្ញុំទៅអង្គុយលើសាឡុង និយាយអឹបនឹងត្រចៀកខ្ញុំ៖
-បង! មើលនារីម្នាក់ទៅ ឱ្យនាងបានអង្គុយញ៉ាំជាមួយផង ព្រោះនេះជាការងារនាង បើបងមិនពេញចិត្តប៉ុន្មាននាក់នេះទេ ខ្ញុំអាចទៅហៅអ្នកផ្សេងមកទៀតបាន។
-មិនអីទេ ខ្ញុំពិតជាមិនត្រូវការអ្នកអង្គុយជាមួយមែន។
-បងឃើញម្នាក់ស្លៀកខោខ្លីសាច់ក្រណាត់នោះទេ? នាងទើបតែមកធ្វើការនៅទីនេះបានជាងបួនប្រាំខែទេ ឮថានាងក៏រៀនដល់មហាវិទ្យាល័យឆ្នាំទីពីរដែរ។
ខ្ញុំងាកទៅតាមអ្នកណែនាំ ចំពេលដែលនាងសម្លឹងមករកខ្ញុំដែរ ឃើញទឹកមុខនាងស្លូតបូតគួរឱ្យអាណិតខ្ញុំក៏ងក់ក្បាលព្រមឱ្យនាងមកអង្គុយជាមួយ។ មេការស្រែកហៅនាង អាដា! នាងដើរញញឹមសំដៅមកខ្ញុំ ហើយអង្គុយចុះអែបខ្ញុំដូចនារីបីនាក់ផ្សេងទៀតដែលពួកម៉ាកខ្ញុំហៅដែរ។ អង្គុយចុះហើយនាងហើបមាត់តិចៗ៖
-អរគុណបង។ ហេតុអីបងមិនចង់មាននារីអង្គុយក្បែរ ខ្លាចមិនគប្បីនឹងប្រពន្ធ?
-អូ! បងគ្មានប្រពន្ធទេ គ្រាន់តែបងមិនទម្លាប់នៅជិតស្រីៗ។
-ខ្ញុំនិយាយលេងទេ។
ពួកយើងចាប់ផ្ដើមច្រៀងលេង និងផឹករហូតអស់ស្រាបៀរមួយកេះ ហើយហៅថែមមួយកេះទៀត។ ពួកម៉ាកខ្ញុំបីនាក់នោះ សុទ្ធតែឱបថើបនារីអង្គុយកំដរ ត្រូវហើយពេលខ្លះក៏លើសពីឱបថើបបន្តិចបន្តួចដើម្បីឱ្យមានសំឡេងស្រែកហ៊ោ។ បើនិយាយថា ពួកគេគ្មានសុជីវធម៌ក៏ពិបាកដែរព្រោះនេះជាបរិយាកាសនៅក្នុងបន្ទប់នេះ ស្រីស្អាតទាំងបីលេងជាមួយពួកគេដោយមិនប្រកាន់ខ្លួនគឺស្និទ្ធស្នាលដូចជាគូស្នេហ៍នឹងគ្នាម៉ឺនឆ្នាំ។ ខ្ញុំស្រវឹងធ្លាក់ភ្នែកបន្តិចហើយ តែចរិតមិនប៉ះពាល់ស្រីៗនៅតែមិនប្ដូរ។ ខ្ញុំនិយាយទៅកាន់ អាដា៖
-អូនមិនសួរឈ្មោះបងទេហ្អេ?
-ចង់សួរដែរ តែបងមិនសួរឈ្មោះខ្ញុំ ហើយមិនស្និទ្ធស្នាលជាមួយខ្ញុំដូចពួកម៉ាកបងផង ទើបខ្ញុំមិនហ៊ានសួរ។
-អូនឯងឈ្មោះ ដា។ ទាល់តែឱបថើបគ្នាដូចពួកគេទើបហៅថា ស្និទ្ធស្នាលមែនទេ?
-មិនមែនទេបង ប៉ុន្តែនៅទីនេះ បើភ្ញៀវមិននិយាយលេងសើច ឬកាន់ដៃកាន់ជើងយើងខ្លះទេ មានន័យថា ភ្ញៀវមិនសប្បាយចិត្ត ឬមិនពេញចិត្តនឹងយើង ហើយបើភ្ញៀវឆាប់ចេញ ឬឱ្យយើងចេញ អីចឹង…..។
-បងយល់ហើយ។ អូននៅរៀនឆ្នាំទីពីរមែនទេ? រៀនផ្នែកអី?
-ម៉េចបងដឹងថា ខ្ញុំនៅរៀន?
-មេការប្រាប់បង។
-អីចឹងទើបបងព្រមឱ្យខ្ញុំអង្គុយជាមួយមែនទេ? ខ្ញុំព្យួរឈ្មោះយូរហើយបង។
-បងអាចដឹងថា ហេតុអីអូនមកធ្វើការនៅទីនេះបានទេ?
-វែងឆ្ងាយណាស់ បងអាចទ្រាំស្ដាប់ដល់ចប់ទេ?
-បងតាំងចិត្តស្ដាប់ឱ្យចប់ តាំងពីបងងក់ក្បាលឱ្យអូនមកអង្គុយជិតម្ល៉េះ។
-ខ្ញុំមកពីបាត់ដំបង ប៉ាម៉ាក់ខ្ញុំមានដីចម្ការ សត្វ និងគ្រឿងយន្តសម្រាប់ការងារចម្ការទាំងអស់។ ជាងបីឆ្នាំមុនខ្ញុំជាប់បាក់ឌុប ហើយមករៀនបន្តផ្នែកហិរញ្ញវត្ថុនិងធនាគារដោយជួលផ្ទះនៅជាមួយមិត្តភ័ក្ដិមកពីភូមិជាមួយគ្នា។ ពេលនោះទាំងថ្លៃសិក្សា និងការរស់នៅគឺសមរម្យណាស់សម្រាប់ខ្ញុំ ប៉ុន្តែពេលខ្ញុំរៀនដល់ឆ្នាំទីពីរ ប៉ាខ្ញុំបានបញ្ចាំដីធ្លី ក្រោយមកបញ្ចាំផ្ទះគឺដោយសារល្បែង បន្ទាប់មកក៏ត្រូវម្ចាស់បំណុលកាត់កងយកអស់ រួចគាត់ក៏គេចខ្លួនពីស្រុកបាត់ទៅ។ ចំណែកម៉ាក់ និងប្អូនពីរនាក់របស់ខ្ញុំទៅសុំស្នាក់នៅបណ្ដោះអាសន្ននៅផ្ទះមីងខ្ញុំ។ ម៉ាក់ខ្ញុំត្រូវស៊ីឈ្នួលធ្វើការងារតាមចម្ការគេដើម្បីចិញ្ចឹមប្អូនប្រុសស្រីទាំងពីររបស់ខ្ញុំ។ គាត់មិនហៅខ្ញុំឱ្យទៅស្រុកវិញទេ ប៉ុន្តែគាត់ប្រាប់ថា គាត់គ្មានលទ្ធភាពជួយខ្ញុំទេសូម្បីមួយពាន់រៀលក្នុងមួយខែ ព្រោះបីនាក់គាត់នៅឯស្រុកពេលខ្លះបានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក។ ពេលនោះខ្ញុំដឹងថា បើទៅស្រុកក៏មានតែដើរធ្វើការតាមចម្ការគេដើម្បីរស់ ដូច្នោះហើយខ្ញុំបានរកការងារនៅភ្នំពេញ ក៏បានចូលធ្វើអ្នកគិតលុយនៅភោជនីយដ្ឋានមួយពីម៉ោង៤ល្ងាចដល់ម៉ោង១១យប់បានប្រាក់ខែ៨០ដុល្លារ។
=
៨០ដុល្លារខ្ញុំអត់ទៅរៀនគឺអាចគ្រប់គ្រាន់សម្រាប់ការរស់នៅដ៏ត្បិតត្បៀត និងផ្ញើទៅផ្ទះបានខ្លះ ប៉ុន្តែ២ខែក្រោយមកមិត្តរួមបន្ទប់ខ្ញុំគេជាអ្នករៀនសូត្រ ខ្ញុំមកគោះទ្វារក្រោយម៉ោង១១រាល់យប់ ពួកគេមិនអាចនៅជាមួយបានទេ។ ខ្ញុំត្រូវបង្ខំចិត្តរើចេញ ហើយសុំជួលបន្ទប់នៅជាមួយនារីធ្វើការនៅខារ៉ាអូខេពីរនាក់ដែលជួលបន្ទប់នៅក្នុងប្លុកជាមួយគ្នា។ ពេលនោះខ្ញុំមិនបង្កការលំបាកដល់ពួកគេទេ ខ្ញុំទៅដល់ផ្ទះម៉ោង១១យប់ជាង រំលងម៉ោង១២ខ្ញុំគេងលក់ហើយ។ ពួកនាងពេលខ្លះក៏មកផ្ទះនៅម៉ោង១ទៅ២យប់ ពេលខ្លះក៏មិនឃើញមក។ រួមបន្ទប់ជាមួយគ្នាបាន៣ខែការរស់នៅ និងប្រវត្តិគ្រួសារពួកយើងទាំងបីលែងមានការលាក់បាំងហើយ នៅទីបំផុតខ្ញុំក៏អង្គុយនៅក្នុងបន្ទប់នេះ ម៉ោងស្មើនេះជាមួយពួកបង។
លើកលែងតែបងម្នាក់ បួនប្រាំខែមកនេះសភាពការងាររបស់ខ្ញុំក្នុងបន្ទប់នៅទីនេះគឺដូចបងឃើញនារីបីនាក់ដែលអង្គុយជាមួយពួកម៉ាករបស់បងអីចឹង ហើយដូចជាមិត្តរួមបន្ទប់ជួលរបស់ខ្ញុំពីនាក់នោះដែរ គឺយប់ខ្លះទៅបន្ទប់ជួលវិញ យប់ខ្លះមិនទៅ ខ្ញុំគិតថាបងយល់ហើយ។
នាងងើយមុខមើលទៅលើ ហឺតសំបោរមួយ ធ្មេចបើកៗភ្នែកបន្តិចទើបបន្ត៖
-ប៉ុន្តែខ្ញុំអាចផ្ញើលុយឱ្យម៉ាក់និងប្អូនពីរនាក់របស់ខ្ញុំមិនតិចជាង១០០ដុល្លារទេក្នុងមួយខែ ម៉ាក់ខ្ញុំពេលឈឺគាត់អាចសម្រាកនៅផ្ទះមិនបាច់ទៅចម្ការទាំងឈឺទាំងជាទេ ប្អូនខ្ញុំនៅតែអាចទៅសាលាទាំងពីរនាក់បាន។
ពីនារីម្នាក់ដែលបុរសប៉ះចុងម្រាមដៃមិនបាន និយាយពាក្យមិនពីរោះត្រចៀកមិនអាចរាប់រក ពេលនេះខ្ញុំរៀនចេះនិយាយពាក្យមិនពីរោះច្រើន ដៃឬខ្លួនមនុស្សប្រុសប៉ះខ្ញុំគឺដូចសំលៀកបំពាក់ដែលខ្ញុំស្លៀករាល់ថ្ងៃអីចឹងដែរ។ ខ្ញុំមិនស្អប់ខ្លួនឯង មិនខ្លាចអ្នកផ្សេងរើសអើងឬខ្ពើមឆ្អើមខ្ញុំទេ នេះគឺអ្វីដែលខ្ញុំអាចធ្វើបានដើម្បីម៉ាក់និងប្អូនទាំងពីររបស់ខ្ញុំ។ រឿងខ្ញុំចប់ហើយ អរគុណដែលបងស្ដាប់ បងជាមនុស្សទីបីបន្ទាប់ពីអ្នករួមបន្ទប់របស់ខ្ញុំដែលខ្ញុំនិយាយរឿងនេះប្រាប់ តែបងជាមនុស្សប្រុសទីមួយដែលស្ដាប់រឿងខ្ញុំ ក៏ជាមនុស្សប្រុសទីមួយដែរ ដែលអង្គុយមិនឱបថើបខ្ញុំ ថែមទាំងចង់ស្ដាប់រឿងផ្ទាល់ខ្លួនរបស់ខ្ញុំទៀត អរគុណ! ខ្ញុំពិតជាអរគុណដែលបងបានផ្ដល់អារម្មណ៍ចម្លែកមួយនេះដល់ខ្ញុំ។
និយាយចប់នាងស្រក់ទឹកភ្នែក ដោយមិនចង់ឱ្យបរិយាកាសអាប់អួនាងក៏ចូលបន្ទប់ទឹកមួយសន្ទុះទើបចេញមកវិញដោយទឹកមុខញញឹមធម្មតា។
……………………………………….
ត្រូវហើយ! យប់នោះមានតែខ្ញុំទេដែលមកគេងនៅបន្ទប់ជួលវិញ ពួកម៉ាកខ្ញុំបីនាក់ជិតដល់ម៉ោងបាយថ្ងៃត្រង់ទើបពួកគេមកដល់បន្ទប់ជួល។ ថ្ងៃចន្ទខ្ញុំចូលធ្វើការជាជំនួយការ អាម៉ាប់ ការងារល្មមនិងខ្ញុំអាចធ្វើបាន។ យូរៗម្ដងខ្ញុំខលទៅលេង អាដា។ នាងមិនធ្លាប់ខលមកខ្ញុំទេ ខ្ញុំក៏ដឹងថាហេតុអ្វីនាងមិនខលមកដែរ។ ប៉ុន្តែខ្ញុំដឹងថា នាងសប្បាយចិត្តណាស់ពេលខ្ញុំខលទៅលេង ព្រោះពេលខ្ញុំនិយាយលេងនិងនាង ខ្ញុំច្បាស់ក្នុងចិត្តថា នាងទទួលបានអារម្មណ៍ដូចជីវិតរបស់នាងកាលពី២ឆ្នាំជាងមុន។
ថ្ងៃមួយខ្ញុំឈឺទៅធ្វើការមិនកើត នាងមកមើលខ្ញុំដល់បន្ទប់។ នាងប្រាប់ខ្ញុំថា នាងសប្បាយចិត្តពេលបានរៀបចំអាហារ ទឹកក្ដៅទឹកត្រជាក់ឱ្យខ្ញុំ វាជាអារម្មណ៍ដ៏ពិសេសបំផុតសម្រាប់នាងដែលអាចមានមនុស្សប្រុសល្អម្នាក់ត្រូវមើលថែ។
ទីបំផុតខ្ញុំក៏សម្រេចចិត្តស្រង់ផ្កាមួយទងនេះចេញពីភក់។ ខ្ញុំបានធ្វើអំពើបាបមួយ ខ្ញុំកុហកប៉ាម៉ាក់ថា រៀនបន្តថ្នាក់អនុបណ្ឌិតឱ្យគាត់ផ្ញើលុយមកខ្ញុំ តាមពិត ខ្ញុំយកលុយទៅបង់ឱ្យនាងរៀនបន្ត។ នាងរកការងារបានធ្វើជាអ្នកទទួលភ្ញៀវនៅក្រុមហ៊ុនមួយ ប្រាក់ខែនាងខ្ញុំឱ្យនាងផ្ញើទៅស្រុកទាំងអស់ ១៥០ដុល្លាររបស់ខ្ញុំគឺយើងពីរនាក់អាចរស់បាន។ ពីរឆ្នាំកន្លះក្រោយមក នាងរៀនចប់ខ្ញុំនាំទៅជួបប៉ាម៉ាក់ ពួកយើងរៀបការ ហើយទទួលកាន់របររកស៊ីរបស់ប៉ាម៉ាក់ខ្ញុំបន្ត។ ប្រវត្តិរបស់នាងខ្ញុំសុំឱ្យសម្លាញ់ទាំងបីរបស់ខ្ញុំកប់ចោលក្នុងធរណី។
0 comments:
Post a Comment