២០២០ ពិភពលោកនឹងបាត់បង់ការងារចំនួន ៥ លានការងារដោយសារកំណើនវិស័យមនុស្សយន្ត (Robot)
ទីផ្សារការងារនៅក្នុងរង្វង់ពេលពី ៤ ទៅ ៥ ឆ្នាំខាងមុខទៀតនឹងមានការប្រែប្រួល ទាំងនេះគឺដោយសារនៃការរីកលូតលាស់ នៃផ្នែកឧស្សាហកម្ម មនុស្សយន្ត (Robot) និងគ្រឿងម៉ាស៊ីនទាំងឡាយ ដែលជាហេតុធ្វើឲ្យមនុស្សបាត់បង់នូវការងារចំនួន ៥,១ លានការងារ ក្នុងបណ្តាប្រទេសចំនួន ១៥ ដែលមានឧស្សាហកម្មឈានមុខខាងផ្នែកបច្ចេកវិទ្យា។
ការពិភាក្សាធ្វើឡើងដោយ World Economic Forum ដែលតែងធ្វើកិច្ចប្រជុំប្រចាំខ្លួនជារៀងរាល់ឆ្នាំនៅក្នុងប្រទេស ស្វីស បានធ្វើការព្យាករណ៍ថា នៅឆ្នាំ ២០២០ មនុស្សនៅជុំវិញពិភពលោកនឹងបាត់បង់ការងារធ្វើចំនួន ៧,១ លានការងារ ដែលក្នុងនោះការងារចំនួន ២ លានការងារបង្កើតថ្មីនឹងត្រូវបាត់បង់ទៅវិញ។ បញ្ហាទាំងអស់នេះ បង្កឡើងដោយសារ ការរីកចម្រើននៃបច្ចេកវិទ្យា ដែលគ្រឿងយន្តមួយចំនួន បានមកជំនួសតួនាទីរបស់មនុស្សយ៉ាងច្រើន ក្នុងវិស័យចង្វាក់ផលិតកម្ម និង សុខាភិបាល។
អង្គការពលកម្មអន្តរជាតិ ដែលជាផ្នែកមួយនៃអង្គការសហប្រជាជាតិ បានធ្វើការព្យាករណ៍រួចហើយថា ការកើនឡើងនៃការអត់ការងារធ្វើនៅជុំវិញសាកលលោក នឹងកើនដល់ ១១ លានការងារ ក្នុងឆ្នាំ ២០២០។ ចំនួន ២ ភាគ ៣ នៃការងារដែលបាត់បង់ គឺនឹងធ្លាក់ទៅក្នុងវិស័យការងារក្នុងការិយាល័យ វិស័យរដ្ឋបាល ខណៈពេលដែលគ្រឿងម៉ាស៊ីននឹងចូលមកជំនួសកិច្ចការប្រចាំថ្ងៃទាំងនេះ នេះបើយោងតាមការស្រាវជ្រាវជាសាកល។
ការកើនឡើងវិស័យបច្ចេកវិទ្យានៅថ្ងៃខាងមុខ នឹងចូលមកជំនួសកម្លាំងពលកម្មរបស់មនុស្សនៅគ្រប់ឧស្សាហកម្មទាំងអស់ ដូចជា កសិកម្ម វិស័យសុខាភិបាល ថាមពល និង វិស័យហិរញ្ញវត្ថុដែលនឹងត្រូវប្រើកម្មវិធីកុំព្យូទ័រមកធ្វើការវិភាគជំនួសមនុស្ស។ បញ្ហាប្រឈមមួយទៀត គឺស្ត្រីនឹងក្លាយជាបុគ្គល ងាយរងគ្រោះជាងគេនៅពេលមានកំណើនវិស័យមនុស្សយន្ត (Robot) និងគ្រឿងម៉ាស៊ីន។
នៅក្នុងរង្វង់ពេល ៥ ឆ្នាំខាងមុខទៀត បុរសអាចនឹងទទួលបានការងារមួយ ក្នុងចំណោមការងារ ៣ ដែលនឹងបាត់បង់ រីឯស្ត្រីវិញ នឹងទទួលបានការងារតែមួយ ក្នុងចំណោមការងារដល់ទៅ ៥ ដែលនឹងបាត់បង់។
ប្រភព៖ Thebnews
0 comments:
Post a Comment