មានមនុស្សមិនតិចទេដែលតែងតែក្រោកពីគេងយឺតពេល ដែលបណ្ដាលឲ្យពួកគេត្រូវទៅរៀន ឬ បំពេញកិច្ចការងារផ្សេងៗ មិនទាន់ម៉ោង រហូតដល់ពេលខ្លះអាចនឹងបាត់បង់ការងារទៀតផង។
មនុស្សគ្រប់គ្នាតែងតែមានអារម្មណ៍ខ្ជិលនៅពេលព្រឹក ដែលបណ្ដាលឲ្យពួកគេត្រូវអូសបន្លាយពេលវេលាក្នុងការគេងរហូតដល់ជ្រុលម៉ោង។ តែសម្រាប់ពេលនេះខ្ញុំនឹងណែនាំប្រិយមិត្តពីគន្លឹះមួយចំនួនដែលធ្វើឲ្យអ្នកអាចក្រោកពីព្រលឹម ជាមួយនឹងអារម្មណ៍ស្រស់ស្រាយទៀតផង។
1. កំណត់គោលដៅសម្រាប់ព្រឹកស្អែក មុនពេលអ្នកចូលទៅគេង
ការកំណត់គោលដៅសម្រាប់ព្រឹកថ្ងៃថ្មីរបស់អ្នក អាចជួយឲ្យអ្នកអាចក្រោកពីដំណេកទាន់ពេលបាន ដោយសារនៅពេលដែលអ្នកកំណត់គោលដៅខួរក្បាលរបស់អ្នកនឹងចងចាំនូវអ្វីដែលអ្នកបានកំណត់ នៅពេលដែលអ្នកដឹងខ្លួនពីដំណេកភ្លាម អ្នកនឹងនឹកឃើញពីគោលដៅដែលអ្នកបានកំណត់កាលពីយប់ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាមិនចង់បន្តគេងនៅលើគ្រែបន្តទៀតនោះទេ ។
ឧទាហរណ៍ ៖ ថ្ងៃស្អែកគឺជាថ្ងៃប្រលងរបស់អ្នកដូចនេះ នៅយប់ថ្ងៃនេះអ្នកកំណត់ក្នុងចិត្តថាថ្ងៃស្អែក ត្រូវតែភ្ញាក់ឲ្យទាន់ម៉ោង បើមិនដូច្នោះទេ អ្នកនឹងត្រូវបាត់បង់នូវការប្រលងរបស់អ្នក។
2. យកនាឡិការោទ៍របស់អ្នក ឲ្យឆ្ងាយពីគ្រែគេងបន្តិច
បើសិនជាអ្នកមានទម្លាប់ក្នុង ការបិទនាឡិការោទ៍ ហើយបន្តគេងទៅវិញនោះ អ្នកគួរតែសាកល្បងវិធីនេះ។ ព្រោះថានៅពេលនាឡិការោទ៍ រោទិ៍ឡើងវានឹងរំខានដល់ភាពងងុយគេងរបស់អ្នក ដែលបង្ខំអោយអ្នកត្រូវតែបិទវា តែបើសិនវានៅជិតដៃរបស់អ្នក អ្នកនឹងគ្រាន់តែយកដៃរបស់អ្នករាវទៅរកនាឡិការោទ៍រួចបិទវាទាំងភ្នែករបស់អ្នកនៅបិទនៅឡើយ។ តែប្រសិនបើវានៅឆ្ងាយជាងគ្រែគេងរបស់អ្នកបន្តិច អ្នកត្រូវតែបង្ខំចិត្ត ក្រោក ឬ ឈោងទៅបិទវា ការក្រោកបែបនេះអាចធ្វើឲ្យអ្នកស្វាងងងុយគេង ដែលធ្វើឲ្យអ្នកអាចក្រោកពីគ្រែគេងទាន់ពេលវេលា។
3. ភ្ញាក់ភ្លាមត្រូវតែក្រោកឲ្យផុតពីគ្រែជៀសវាងការគេងបន្ត
មនុស្សមួយចំនួនតែតែងមានទម្លាប់អាក្រក់នៅពេលព្រលឹម គឺ ភ្ញាក់ហើយតែបន្តគេងទៀត ។ នៅពេលដែលអ្នកភ្ញាក់ពីគេងត្រូវតែធ្វើឲ្យខ្លួនឯងស្វាងងងុយ ដោយវិធីផ្សេង ៗ ជៀសវាងការប្រើគំនិត “គេងបន្តិចទៀតក៏វាមិនទាន់ហួសពេលដែល” “គេងតែ ១០ នាទីទៀតទេ” ព្រោះនៅពេលដែលអ្នកគេងបន្តទៀតអ្នកនឹងលង់លក់កាន់តែខ្លាំង ដែលបណ្ដាលឲ្យអ្នកកាន់តែជ្រុលម៉ោងទៅទៀត។
4. ដុះធ្មេញរបស់អ្នក បើសិនជាអ្នកនៅមានអារម្មណ៍ថាងងុយគេង
ថ្វីត្បិតតែមនុស្សមួយចំនួនបានក្រោកចេញពីគ្រែគេងរួចមែនប៉ុន្តែ នៅមិនទាន់ប្រាកដថាស្វាងងងុយនោះទេ ដោយហេតុអាចធ្វើឲ្យគេមានអារម្មណ៍ថាចង់ទៅគេងបន្ត ដែលជាហេតុធ្វើឲ្យកាន់តែយឺតម៉ោងជាងមុនទៀត។ ដូចនេះប្រសិនបើអ្នកក្រោកពីគេងរួច អ្នកត្រូវតែទៅដុសសំអាតធ្មេញរបស់អ្នក ព្រោះនៅក្នុងថ្នាំដុសធ្មេញមានជាតិម៉ុងតុល អាចធ្វើឲ្យអ្នកស្វាងងងុយបាន និងមានអារម្មណ៍ស្រស់ស្រាយ។
5. ផឹកទឹកឲ្យបានមួយកែវ
កំឡុងពេលនៃការគេង អ្នកបានចំណាយពេលយ៉ាងតិចបំផុតក៏ 6 ទៅ 8 ម៉ោងដែរ ដោយមិនបានពិសាទឹក។ ហេតុដូចនេះវាបានធ្វើឲ្យអ្នកអស់កម្លាំង និងងងុយគេង នៅពេលដែលអ្នកអស់កម្លាំងអ្វីដែលអ្នកត្រូវការបំផុតគឺទឹក មិនមែនគេងនោះទេ។ ដូចនេះសូមបរិភោគទឹកឲ្យបានមួយកែវនៅពេលព្រឹកក្រោយពីក្រោកពីគេង វាអាចធ្វើឲ្យអ្នកស្វាងងងុយនិងមានអារម្មណ៍ស្រស់ស្រាយ។
តែអ្វីដែលអ្នកត្រូវតែធ្វើជាចាំបាច់នោះគឺការចូលគេងឲ្យបានទៀងទាត់ មិនត្រូវនៅដល់យប់ជ្រៅនោះទេ ហើយយើងត្រូវគេងឲ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់អោយបាន 8 ម៉ោង៕

0 comments:
Post a Comment