យោងតាមការចុះផ្សាយរបស់ទស្សនាវត្តីវិទ្យាសាស្ត្រ Nature កាលពីថ្ងៃចន្ទទី ២ឧសភា អ្នកវិទ្យាសាស្ត្រទើបតែកំណត់បានភពចំនួនបីថ្មីផ្សេងទៀត ដែលរណបនឹងផ្កាយកណ្តាលមួយ ប្រៀបបាននឹងព្រះអាទិត្យដូច្នោះដែរ។ បើទោះបីជាពេលនេះ គេនៅមិនទាន់មានភស្តុតាងវិទ្យាសាស្ត្រ គ្រប់គ្រាន់ក៏ដោយ តែបើតាមការស្មាន គឺភពថ្មីទាំងនេះ គឺជាភពដែលអាចរស់នៅបាន។
ភពថ្មីចំនួនបី ដែលនៅចំងាយប្រមាណជា៣៩ឆ្នាំពន្លឺ ពោលគឺស្មើនឹង៣៩០០០០ ពាន់លានគីឡូម៉ែត្រ ពីចក្រវាលរបស់យើង ទើបតែត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញ។ ចំងាយនេះគឺនៅជិតបង្កើយ បើនិយាយក្នុងភាសាអ្នកស្រាវជា្រវអវកាស។ គ្រាន់តែត្រូវបានប្រកាសរកឃើញភ្លាម ភពថ្មីទាំងបីនេះ បានចោទលើកឡើងជាសំណួរជាច្រើន សម្រាប់អ្នកស្រាវជ្រាវ ជាពិសេសទាក់ទិនទៅនឹងលទ្ធភាព ដែលអាចមានជីវិតរស់នៅ នៅខាងលើនោះ។
យោងតាមការចុះផ្សាយរបស់ទស្សនាវត្តី Nature ដែលស្រង់របាយការណ៍ ពីអ្នកវិទ្យាសាស្ត្រគឺ គេសន្និដ្ឋានថា ភពទាំងបីនេះ រណប រឺវិលជុំវិញផ្កាយដ៏ធំមួយ ដែលមានសណ្ឋានប្រហាក់ប្រហែលនឹងព្រះអាទិត្យ គ្រាន់តែមានសីតុណ្ហភាពត្រជាក់ជាងព្រះអាទិត្យ។ ក្នុងចំណោមភពទាំងបីនោះ មានភពពីរ ដែលនៅជិតខ្លាំងបំផុតនឹងផ្កាយកណ្តាលនេះ ហើយដែលតាមការស្មាន ភពទាំងពីរនេះអាចវិលជុំវិញផ្កាយកណ្តាលនេះ តែមិនវិលជុំវិញខ្លួនឯង ដូចផែនដីយើងទេ ដោយសារតែនៅកៀកពេក។ ក្នុងន័យនេះ ភពទាំងពីរ អាចមិនមានអំណោយផលគ្រប់គ្រាន់ ដែលអាចធ្វើឲ្យមានជីវិតរស់នៅលើនោះបានទេ។
ដោយឡែក ភពទីបីដែលនៅឆ្ងាយ ទើបធ្វើឲ្យគេសង្ឃឹមច្រើន ថាអាចរស់នៅបាន។ សម្រាប់ពេលនេះ គេនៅមិនទាន់ដឹងថា ភពទីបីនេះ នៅចម្ងាយប៉ុន្មានពីផ្កាយកណ្តាលដែលខ្លួនរណបនោះទេ។ ប៉ុន្តែអ្វីដែលស្ថិតក្នុងក្តីសង្ឃឹមរបស់អ្នកវិទ្យាសាស្ត្រ គឺភពទីបីនេះ ស្ថិតនៅមិនឆ្ងាយពីភពផែនដីយើង ហើយដែលធ្វើឲ្យប្រព័ន្ធTelescope អវកាស ឈ្មោះ Hubble អាចថតនិងចាប់យកទិន្ន័យបាន។ ទិន្ន័យស្តីពីបរិយាកាសដែលនៅជុំវិញភពនោះ អាចនឹងជួយឲ្យមានការសន្និដ្ឋានកាន់តែច្បាស់ អំពីលទ្ធភាព ថាតើមានទំរង់ជីវិតរស់នៅលើនោះដែររឺទេ រឺក៏ភពនោះអាចឲ្យមនុស្សទៅរស់នៅបានដែររឺទេ៕
0 comments:
Post a Comment