រថភ្លើង​មួយ​បាត់​ខ្លួន​យ៉ាង​អាថ៏​កំបាំង ដល់ទៅ ៤២ឆ្នាំ…នៅសុខៗក៏លេចចេញមកវិញ

Advertisements

រឿងដ៏សែនចម្លែកនេះកើតឡើងនៅក្នុងប្រទេសអ៊ីតាលី បណ្តាក្រុមមន្ត្រីរដ្ឋាភិបាលនាំគ្នាបិទមាត់ជិតឈឹង នៅពេលដែលក្បួនរថភ្លើងមួយខ្សែព្រមជាមួយអ្នកដំណើរទាំងអស់បានបាត់ខ្លួនយ៉ាងអាថ៍កំបាំង
និងគ្មានដំណឹង ខណៈបើកចូលទៅក្នុងផ្លូវរូងភ្នំមួយកន្លែងនៅឆ្នាំ ១៩៤៩ ប៉ុន្តែនៅសុខៗ ស្រាប់តែលេចចេញមកវិញក្នុងសភាពដូចដើមគ្រប់យ៉ាងនៅដើមឆ្នាំ១៩៩១…តែអ្វីដែលប្លែកចម្លែកខ្លាំងបំផុតនោះគឺ អ្នកដំណើរចំនួន ១២០នាក់ និងបុគ្គលិកប្រចាំរថភ្លើង ៣នាក់ទៀត នៅមានអាយុ (រូបរាង) ដូចកាលពីថ្ងៃដែលបាត់ខ្លួនចូលទៅក្នុងផ្លូវឆ្លងកាត់រូងភ្នំនោះដដែល គ្មានអ្នកណាអាយុច្រើនឡើង និងចាស់ឡើងនោះឡើយ រូបរាងដូចមុនគ្រប់យ៉ាង ហើយពួកគេថែមទាំងជឿថា រាល់ថ្ងៃនេះនៅតែជាឆ្នាំ ១៩៤៩ ដដែលទៀតផង

រដ្ឋាភិបាល អ៊ីតាលី លាក់ទុករឿងនេះយ៉ាងស្ងាត់ មិនព្រមនិយាយពីក្បួនរថភ្លើងមួយខ្សែលេខ F 626 នេះឡើយ និងថែមទាំងមិនព្រមនិយាយថា តើយកក្បួនរថភ្លើងមួយខ្សែនោះទៅទុកនៅទីណាទៀតផង មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមមន្ត្រីរបស់រដ្ឋាភិបាលនៅបានតាមសង្កេតមើលអ្នកដំណើរទាំងអស់នោះទៀតផង លើកលែងតែ ២នាក់ដែលជាជនជាតិបរទេស ដែលបានលបលួចរត់គេចពីការសាកសួរប៉ុណ្ណោះ ចំណែកបុគ្គលិកប្រចាំរថភ្លើង ៣នាក់នោះ រដ្ឋភិបាលបានរក្សាទុកនៅក្នុងទីកន្លែងសម្ងាត់មួយដែលមិនបង្ហើបប្រាប់សាធារណជនឡើយ។

ព័ត៌មាននៃការបាត់ខ្លួនរបស់ក្បួនរថភ្លើងលេខ F 626 យ៉ាងអាថ៍កំបាំងអស់រយៈពេល ៤២ឆ្នាំ និងលេចចេញមកវិញនោះ ទោះជាខាងរដ្ឋាភិបាលខំព្យាយាមបិទព័ត៌មានយ៉ាងណាក៏ដោយ តែក៏សារព័ត៌មានអ៊ីតាលីស្ទើរតែគ្រប់ច្បាប់នៅតែតាមដានរឿងនេះជាប់ជានិច្ច។ សាក្សីដែលដឹងពីហេតុការណ៍នេះ បានបង្ហើបឱ្យដឹងថា តាំងពីពេលចាប់ផ្តើមចេញដំណើរ ក្បួនរថភ្លើងមួយខ្សែនេះ មានវ៉ាហ្កុងទាំងអស់ ១៣ទូ បានបាត់សូន្យឈឹងទៅក្នុងផ្លូវរថភ្លើងក្នុងរូងភ្នំដែលមានប្រវែងជាង ២០ម៉ែត្រ យ៉ាងអាថ៍កំបាំង មិនព្រមលេចចេញនៅមាត់ផ្លូវរូងភ្នំម្ខាងទៀតឡើយ។ ក្រុមមន្ត្រីក៏ធ្វើការបិទផ្លួវរូងភ្នំនោះ ដើម្បីធ្វើការរុករក ដែលមានទាំងប៉ូលិស និងអ្នកវិទ្យាសាស្ត្រផងដែរ ដោយបានរុករកគ្រប់កន្លុកកន្លៀត តែមិនឃើញមានតម្រុយ ឬស្លាកស្នាមសូម្បីតែបន្តិចឡើយថា តើហេតុអ្វីបានជាវាបាត់ទៅបែបនេះ?

ផ្លូវរថភ្លើងត្រូវបានរើចេញ ហើយយកមកដាក់ជាថ្មីនៅពេលដែលគេនាំគ្នារុករកហើយនៅតែមិនឃើញ ធ្វើឱ្យមនុស្សជាច្រើនជឿថា ច្បាស់ជាមនុស្សពិភពផ្កាយចុះមកចាប់ក្បួនរថភ្លើងមួយខ្សែនេះយកទៅមិនខាន។ តាមរបាយការណ៍របស់សារព័ត៌មាន ផ្លូវរថភ្លើងកាត់រូងភ្នំនោះត្រូវបានបើកឱ្យដំណើរការឡើងវិញនៅឆ្នាំ ១៩៥០ តាំងពីពេលនោះមក ទោះជាមានក្បួនរថភ្លើងឆ្លងកាត់ទៅមករាប់ពាន់ខ្សែក៏ដោយ ក៏គ្មានឧបត្តិហេតុចម្លែកអាថ៍កំបាំងណាមួយកើតឡើងទៀតឡើយ។

តែយ៉ាងណាក៏ដោយ ពេញមួយរយៈពេលច្រើនឆ្នាំកន្លងមកនេះ ក៏នៅតែមានអ្នកខំព្យាយាមតាមរកក្បួនរថភ្លើងលេខ F 626 នេះដែរ តែក៏ជួបតែភាពទទេរស្អាតដដែល ទើបមានអ្នកខ្លះសរុបថា ក្បួនរថភ្លើងមួយខ្សែនេះត្រូវបានរុំព័ទ្ធដោយពេលវេលា និងធ្វើដំណើរឆ្ពោះទៅអនាគតដ៏សែនឆ្ងាយមួយ។

រឿងរ៉ាវបែបនេះក៏ធ្លាប់កើតឡើងនៅក្នុងសហរដ្ឋអាមេរិកដែរ កប៉ាល់ អ៊ីនស៊ើរ៉ា ដែលជាកប៉ាល់ការពារកប៉ាល់ប្រយុទ្ធរបស់កងទ័ពអាមេរិក នៅសុខៗក៏បាត់ខ្លួនយ៉ាងអាថ៍កំបាំងចេញពីកំពង់ផែនៅឯ ហ្វ៊ីឡាឌែលហ្វៀ ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ តែរួចហើយស្រាប់តែនៅសុខៗក៏ទៅបង្ហាញខ្លួនឡើងនៅឯកំពង់ផែកងទ័ពជើងទឹក ណ័រហ្វ៉ដ ដែលមកទល់សព្វថ្ងៃនេះក៏នៅតែរកចម្លើយមិនទាន់ឃើញដដែល។

នៅពេលរដ្ឋាភិបាលបិទព័ត៌មាន សារព័ត៌មានក្នុងប្រទេសអ៊ីតាលីក៏ព្យាយាមក្នុងការបើកកកាយឡើង នៅទីបំផុតសារព័ត៌មាន រ៉ូមដេលី ដែលលក់ដាច់ច្រើនជាងគេបំផុតនោះក៏ទៅរុករកបានខ្សែអាត់សំឡេងរបស់ ម៉ារីអូ ហ្វ្រានស៊ីនី ជាងម៉ាស៊ីននៅលើក្បួនរថភ្លើងមួយខ្សែនោះមកផ្សព្វផ្សាយ ដែលមានរឿងរ៉ាវដូចតទៅ…

«ខណៈដែលក្បួនរថភ្លើងបើកចូលទៅក្នុងផ្លូវរូងភ្នំនោះ មិនយូរប៉ុន្មានក៏មានផ្សែងអ័ព្វពណ៌សយ៉ាងក្រាស់អណ្តែតមក ពេលនោះខ្ញុំមានអារម្មណ៍ថាខួរក្បាលវឹលវល់យ៉ាងខ្លាំង បន្ទាប់ពីនោះក៏បាត់ស្មារតីលែងដឹងខ្លួនតែម្តង មកដឹងខ្លួនឡើងវិញក៏នៅពេលក្បួនរថភ្លើងបានចេញផុតពីផ្លូវរូងភ្នំនោះទៅហើយ។ យើងគិតថា ពេលវេលាប្រហែលជាឆ្ងាយពីគ្នាមិនដល់មួយនាទីផង តែមានឯណា! នៅពេលក្បួនរថភ្លើងរបស់យើងត្រឡប់មកដល់ស្ថានីយ បូឡក់ណា វិញទើបបានដឹងថា វាឆ្ងាយពីគ្នាដល់ទៅ ៤២ឆ្នាំឯណោះ នេះគឺជាអ្វីដែលខ្ញុំដឹង»។

អ្នកដំណើរឯទៀតៗក៏រាយការណ៍ស្រដៀងៗគ្នានេះដែរថា មានផ្សែងអ័ព្វធ្លាក់ចុះមកយ៉ាងក្រាស់ពេលចូលទៅក្នុងផ្លូវរូងភ្នំនោះ រួចហើយក៏លែងដឹងខ្លួនតែម្តង…អ្នកដំណើរនៅក្នុងក្បួនរថភ្លើងលេខ F 626 ដែលជាជនជាតិបរទេស ២នាក់ដែលរត់គេចពីសាកសួរព័ត៌មាននោះគឺ អាដហ្វ រ៉ូនើរ៍ ជាជនជាតិអាល្លឺម៉ង់ និង ម៉ាទីន បាតលេតត៍ ជនជាតិអាហ្វ្រិកខាងត្បូង ត្រូវបានអ្នកសារព័ត៌មានអ៊ីតាលីទូរស័ព្ទទៅបន្លំសាកសួរដោយអះអាងថាខ្លួនក៏ជាអ្នកដំណើរនៅក្នុងក្បួនរថភ្លើងនោះដែរ។

រ៉ូនើរ៍ បានរៀបរាប់ថា ជីវិតរបស់គេផ្លាស់ប្តូរច្រើនណាស់ ពេលដែលគេបាត់ខ្លួនទៅជាមួយក្បួនរថភ្លើងនោះ គេមានអាយុ ៣០ឆ្នាំ មានកូនប្រុសម្នាក់អាយុ ១០ឆ្នាំ «ឥលូវនេះកូនប្រុសខ្ញុំអាយុ ៥២ឆ្នាំហើយ ធាត់ និងកើតជំងឺបេះដូង ចំណែកភរិយាខ្ញុំវិញក៏ឈានចូល ៧០ឆ្នាំហើយ កំពុងតែកើតរោគទឹកនោមផ្អែម ឯខ្ញុំឯណេះវិញបែរជាមានអាយុត្រឹមតែ ៣០ឆ្នាំប៉ុណ្ណោះ ដូចកាលពីឆ្នាំ ១៩៤៩ អ៊ីចឹង»។

រឿងរ៉ាវទាំងអស់នេះគឺជាភាពអាថ៍កំបាំងរបស់ពិភពលោកដែលពិបាកនឹងអធិប្បាយណាស់ ស្មុគស្មាញ និងគួរឱ្យអស្ចារ្យក្នុងចិត្តខ្លាំងណាស់សម្រាប់អ្នកដែលបានដឹង៕


missing train in italy 42 years
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment