ករណីឃាតកម្មមួយបានកើតឡើងលើសាស្ត្រាចារ្យសកលវិទ្យាល័យវ័យ៦៣ឆ្នាំម្នាក់ដែលត្រូវសិស្សរបស់ខ្លួនចាក់សម្លាប់នៅភាគខាងជើងកោះសូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី។
តាមប្រភពព័ត៌មានពី Asian Correspondent ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃច័ន្ទកន្លងទៅ។ លោកស្រី Lubis Nur Ain ដែលជាសាស្ត្រាចារ្យប្រឹក្សាយោបល់នៃសកលវិទ្យាល័យ Muhammadiyah ត្រូវបាននិស្សិតវ័យ២០ឆ្នាំឈ្មោះ Roymardo Sah Siregar ចាក់សម្លាប់ក្នុងបន្ទប់ទឹក។
តាមសម្ដីនិស្សិតម្នាក់រៀននៅសកលវិទ្យាល័យខាងលើ ឈ្មោះ Runa Wilandari បានប្រាប់ទៅសារព័ត៌មាន Kompas ថា៖”ខ្ញុំអត់ស្គាល់ជនម្នាក់ហ្នឹងទេ តែមិត្តភ័ក្ដិខ្ញុំនិយាយថាគាត់ជានិស្សិតជំនាន់ឆ្នាំ២០១៣។ ពេលអ្នកគ្រូNur ចូលសម្អាតខ្លួនដើម្បីបួងសួង(តាមបែបសាសនាអ៊ីស្លាម) ពេលនោះពួកយើងឮសំឡេងអ្នកគ្រូស្រែកចេញពីបន្ទប់ទឹក”។
និស្សិតម្នាក់ទៀតឈ្មោះ Doni ដែលបានដឹងដំណើរដើមទងមួយចំនួនបាននិយាយថា៖”ពីមុន គេប្រទះឃើញRoymardo នៅជាមួយស្រីម្នាក់នៅក្នុងបន្ទប់ទឹក។ ហើយចាប់ពេលនោះ អ្នកគ្រូ Nur បានឲ្យពិន្ទុវាយតម្លៃលើ Roymardo ទាបរហូត”។ Doni បន្ថែមថាលោកភ្ញាក់ផ្អើលខ្លាំងពេលដឹងថាជនប្រព្រឹត្តបទឧក្រិដ្ឋនោះជាសិស្សប្រជាប្រិយម្នាក់ក្នុងសាលា។
ទោះជាយ៉ាងណា ជនសង្ស័យត្រូវបានប៉ូលិសឃាត់ខ្លួនរយៈពេលមិនយូរប៉ុន្មានក្រោយពេលធ្វើសកម្មភាពចាក់លោកស្រីសាស្ត្រាចារ្យត្រង់ផ្នែកកជាច្រើនដងនិងព្យាយាមរត់គេច៕
0 comments:
Post a Comment