ក្រុមរដ្ឋឥស្លាម ISIS រងគ្រោះទ្វេដងដោយបាត់បង់ក្រុង Ramadi និងមេដឹកនាំ ១០ នាក់ត្រូវសម្លាប់
ក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិក បានសម្លាប់មេដឹកនាំកំពូលរបស់ក្រុមរដ្ឋឥស្លាម ស៊ីរី និង អ៊ីរ៉ាក់ ISIS អស់ ១០ នាក់ហើយនៅក្នុងខែនេះដោយមានម្នាក់ជាមេដឹកនាំភេរវកម្មនៅប៉ារីសផង។ នេះជាហេតុនាំឲ្យក្រុមរដ្ឋឥស្លាមរងគ្រោះទ្វេដង បន្ទាប់ពីកងកម្លាំងអ៊ីរ៉ាក់បានវាយមកវិញនៅទីតាំងរឹងមាំចុងក្រោយរបស់ក្រុមរដ្ឋឥស្លាមគឺទីក្រុង Ramadi។
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi បានលើកទង់ជាតិអ៊ីរ៉ាក់ឡើងវិញនៅក្នុងក្រុង Ramadi ក្រោយយោធាខ្លួនវាយយកភាគកណ្ដាលបានមកវិញ។ ជ័យជម្នះនេះអាចជាសញ្ញាបង្ហាញឲ្យឃើញកាន់តែច្បាស់ពីយុទ្ធសាស្ត្ររបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់នាពេលកន្លងមក ក្នុងការប្ដេជ្ញាវាយកម្ទេចឲ្យអស់ពួកក្រុមរដ្ឋឥស្លាម។ វរសេនីយ៍ឯកយោធាអាមេរិកលោក Steve Warren បានថ្លែងថា ក្នុងពេលមួយខែមកនេះមេដឹកនាំកំពូលក្រុមរដ្ឋឥស្លាម ១០ នាក់ត្រូវបានសម្លាប់។ មេដឹកនាំពួកគេមួយរូបមានឈ្មោះថា Abdul Qader Hakim គឺជាបុគ្គលដែលជាប់ទាក់ទងការវាយប្រហារនៅប៉ារីស ហើយរូបគេត្រូវបានសម្លាប់នៅភាគខាងជើង ប្រទេសអ៊ីរ៉ាក់។
កាលពី ពីរថ្ងៃ កន្លងទៅនេះក្រុមចម្រុះដែលវាយប្រហារតាមដែនអាកាសនៅស៊ីរី ទើបបានសម្លាប់ទើបបានសម្លាប់មេដឹកនាំមួយរូបទៀតរបស់ក្រុមរដ្ឋឥស្លាម ដែលមានមូលដ្ឋាននៅស៊ីរី មានឈ្មោះថា Charaffe al Mouadan។ ការវាយប្រហារតាមដែនអាកាសទៅលើមេដឹកនាំក្រុមរដ្ឋឥស្លាម គឺជាសញ្ញាបង្ហាញពីភាពជោគជ័យក្នុងសមរភូមិ ដែលក្រុមឧទ្ទាមទាំងនេះបានបាត់បង់នូវទំនប់វារីអគ្គិសនី នៅតាមខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ នៃរដ្ឋធានា Raqqa នៅស៊ីរី កាលពីថ្ងៃអាទិត្យកន្លងទៅ។

0 comments:
Post a Comment