តើរៀនភាសាបរទេសយ៉ាងម៉េចឲ្យឆាប់ចេះ?
ការសិក្សាភាសាបរទេស ពិតជាពេញនិយមយ៉ាងខ្លាំងមិនថាតែនៅប្រទេសកម្ពុជា ឬក៏បណ្តាប្រទេសនៅជុំវិញពិភពលោក។ ទាំងក្មេងទាំងចាស់ នាំគ្នាសង្វាតទៅសិក្សាភាសាទីពីរ ឬទីបីណាដែលខ្លួនគិតថាចាំបាច់ ដើម្បីឲ្យទាន់សម័យកាល និងសម្របតាមតម្រូវការសង្គម។ ការរៀនភាសា ក៏ដូចជារៀនមុខវិជ្ជាផ្សេងៗទៀតផងដែរ គឺទាមទារឲ្យយើងខំប្រឹងយកចិត្តទុកដាក់ និងអនុវត្តឲ្យបានច្រើន។ ថ្ងៃនេះ «គំនិត»សូមលើកយកវិធីមួយចំនួនដើម្បីចែករំលែកជូនប្រិយមិត្តទាក់ទងនឹងវិធីសាស្ត្រនៃការសិក្សាភាសាបរទេសឲ្យឆាប់ចេះអាចប្រើប្រាស់បានដូចខាងក្រោម៖
គោលបំណង
ការរៀនភាសា គឺដូចជាការធ្វើកិច្ចការផ្សេងៗអញ្ចឹង អ្នកត្រូវតែមានគោលដៅមួយច្បាស់លាស់។ ប្រសិនបើអ្នកគ្មានគោលដៅទេ ហើយរៀនគ្រាន់ដើម្បីតែរៀន ឬមួយក៏រៀនតាមតែមិត្តភ័កិ្តនោះ លទ្ធផលចុងក្រោយពិតជាមិនបានសមប្រកបឡើយ។ អ្នកត្រូវសួរខ្លួនឯងថា តើអ្នករៀនភាសាមួយនេះដើម្បីអ្វី? ដើម្បីបន្តការសិក្សានៅប្រទេសនោះ? ដើម្បីមុខជំនួញ? ដើម្បីរាប់អានមិត្តភ័ក្តិដែលនិយាយភាសានោះ? ដើម្បី…? នៅពេលដែលអ្នកមានគោលដៅហើយ និងដឹងអំពីអត្ថប្រយោជន៍បន្ទាប់ពីចេះភាសានោះហើយ ការសិក្សារបស់អ្នកនឹងបោះជំហ៊ានទៅមុខយ៉ាងលឿន។
មិនត្រូវអៀនខ្មាស់
បញ្ហាដ៏ធំបំផុតដែលមនុស្សជាច្រើនបានជួបប្រទះនោះគឺភាពអៀនខ្មាស់ក្នុងការនិយាយភាសាដែលគេកំពុងតែរៀន។ ពួកគេតែងតែភ័យព្រួយថាពួកគេមិនអាចនិយាយ និងប្រកបពាក្យបានល្អ ហើយអាចធ្វើឲ្យមិត្តភ័ក្តិរបស់គេសើចចំអក។ នេះគឺជាកំហុសមួយដ៏ធំ ហើយអ្នកត្រូវតែចៀសឲ្យឆ្ងាយពីកំហុសមួយនេះ។ ដើម្បីរៀនភាសាមួយឲ្យបានល្អ និងឆាប់ចេះនោះ អ្នកត្រូវតែអនុវត្តឲ្យបានច្រើន។ ដូច្នេះអ្នកមិនត្រូវឲ្យភាពអៀនខ្មាស់មករារាំងអ្វីដែលអ្នកចង់បាននោះទេ។ ព្យាយាមហាត់និយាយឲ្យបានច្រើន ជាមួយនឹងមិត្តភ័ក្តិ ឬក៏ជនជាតិដើម ទោះបីជាអ្នកមានកំហុសច្រើនយ៉ាងណាក៏ដោយ។
ប្រើប្រាស់គ្រប់មធ្យោបាយ និងធនធានដែលអ្នកមាន
មិនមែនមានតែក្នុងសាលា ឬក៏ក្នុងថ្នាក់ប៉ុណ្ណោះទេដែលអ្នកអាចរៀនភាសាបរទេសបាន។ ប្រើប្រាស់គ្រប់មធ្យោបាយ និងធនធានដែលអ្នកមានអាចធ្វើឲ្យអ្នករៀនភាសាបរទេសចេះបានឆាប់រហ័ស។ ឧទាហរណ៍ដូចជាអ្នកអាចបង្កើនសមត្ថភាពភាសារបស់អ្នកតាមប្រព័ន្ធអ៊ិនធឺណិត។ វាគឺជាកន្លែងដ៏ប្រសើរមួយ ដែលមានឯកសារជាច្រើនស្ទើរតែរាប់មិនអស់សម្រាប់ឲ្យអ្នកបង្កើនសមត្ថភាពភាសារបស់អ្នក។
អ្វីៗជុំវិញខ្លួនគឺសុទ្ធតែទាក់ទងនឹងភាសាដែលអ្នកកំពុងរៀន
ដើម្បីឲ្យកាន់តែឆាប់ចេះ និងអាចប្រើប្រាស់បាន មធ្យោបាយដ៏ល្អនោះគឺធ្វើឲ្យអ្វីៗជុំវិញខ្លួនអ្នកពោរពេញទៅដោយភាសាដែលអ្នកកំពុងតែរៀន។ ឧទាហរណ៍ដូចជា ព្យាយាមកត់ត្រាអ្វីៗជាភាសាដែលអ្នកកំពុងតែរៀន ដាក់សៀវភៅ ភាសានោះនៅជុំវិញបន្ទប់របស់អ្នក ស្តាប់ការផ្សាយវិទ្យុ ព័ត៌មាន និងមើលភាពយន្តជាដើម។ល។
ស្តាប់ចម្រៀង
ការស្តាប់ចម្រៀងជាភាសាដែលអ្នកកំពុងតែរៀនគឺជាមធ្យោបាយមួយដ៏មានប្រសិទ្ធិភាពបំផុតដើម្បីរៀនភាសានោះឲ្យបានល្អ។ ជាក់ស្តែងពេលខ្លះ ចម្រៀងត្រូវបានគេយកមកធ្វើជាមធ្យោបាយដើម្បីបង្កើនការយល់ដឹងភាសាទៀតផង។ ព្យាយាមអាននូវពាក្យបពេចន៍នៅក្នុងបទចម្រៀងដែលអ្នកបានជ្រើស ហើយធ្វើការអាន ឬច្រៀងតាម។ តាមវិធីនេះ អ្នកនឹងអាចបង្កើនសមត្ថភាពស្តាប់ និងអានក្នុងពេលជាមួយគ្នាដោយមិនមានការធុញទ្រាន់។ មនុស្សភាគច្រើនតែងតែចាំនូវពាក្យពេចន៍ចម្រៀងលឿនជាងអត្ថបទធម្មតា ហើយអ្នកក៏ប្រហែលជាដូច្នេះផងដែរ។
ដាក់កាលវិភាគសិក្សាឲ្យបានទៀងទាត់ និងធ្វើលំហាត់
អ្នកត្រូវតែកំណត់ពេលវេលាសិក្សាឲ្យបានទៀតទាត់ និងប្រសើបំផុតនោះគឺធ្វើការសិក្សា និងរំលឹកមេរៀនឲ្យបានជារៀងរាល់ថ្ងៃ។ សំខាន់បំផុតនោះ គឺអ្នកត្រូវតែរៀនអំពីវេយ្យាករណ៍ និងពាក្យ ព្រមទាំងអនុវត្តលំហាត់ឲ្យបានច្រើនទើបអ្នកអាចបង្កើនសមត្ថភាពភាសារបស់អ្នកបានយ៉ាងពិតប្រាកដ។ មានមនុស្សជាច្រើនតែងគិតថា ការធ្វើលំហាត់ និងធ្វើតេស្តពិតជាគួរឲ្យធុញទ្រាន់ណាស់។ ប៉ុន្តែអ្នកត្រូវចាំថា ប្រសិនបើអ្នកមិនធ្វើវាទេ អ្នកនឹងមិនដឹងថាសមត្ថភាពភាសារបស់អ្នកមានការរីកចម្រើនឬក៏អត់នោះទេ។ ការធ្វើតេស្ត និងលំហាត់គឺជាវិធីមួយសម្រាប់ឲ្យអ្នកធ្វើការប្រៀបធៀបសមត្ថភាពរបស់អ្នកពីមុន ពេលបច្ចុប្បន្ន និងអនាគត ថាតើអ្នកបានរីកចម្រើនកម្រិតណាហើយ។
អានឲ្យបានច្រើន
ការអានឲ្យបានច្រើនពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីរៀនភាសាមួយឲ្យបានឆាប់រហ័ស។ ការធ្វើដូចនេះ អ្នកនឹងឆាប់ចេះពាក្យច្រើនក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែ អ្នកមិនត្រូវចាប់ផ្តើមអានអត្ថបទណាដែលសម្បូរទៅដោយពាក្យថ្មីៗ និងលំបាកៗនោះទេ។ អ្នកគួរតែជ្រើសរើសយកអត្ថបទ ឬសៀវភៅរឿងណាដែលសក្តិសមនឹងកម្រិតរបស់អ្នក។ ជំហ៊ានដំបូងអ្នកគួរជ្រើសរើសនូវអត្ថបទបែបកំប្លែង និងស្នេហាសម្រាប់អាន ព្រោះថា អត្ថបទទាំងនេះនឹងមិនធ្វើឲ្យអ្នកធុញទ្រាន់ឡើយ។ នៅពេលដែលអ្នកចេះពាក្យច្រើនគួរសមហើយ អ្នកអាចជ្រើសរើសប្រភេទអត្ថបទផ្សេងៗទៀតដើម្បីបង្កើនសមត្ថភាពភាសាឲ្យបានកាន់តែទូលំទូលាយ។
ប្រភព៖ គំនិត
0 comments:
Post a Comment