ស្តេចអាភៀននៅម៉ិចស៊ិកអាចនឹងត្រូវធ្វើបច្ចាប័នទៅអាមេរិក
៦ខែក្រោយពីបានលួចរត់ចេញពីគុកដែលមានការការពារយ៉ាងតឹងរ៉ឹងបំផុតរួច តាមរូងក្រោមដី ស្តេចអាភៀននិងមេឧក្រិដ្ឋជន Joaquin El Chapo Guzman ត្រូវប៉ូលិសម៉ិចស៊ិកចាប់ខ្លួនវិញ នៅថ្ងៃសុក្រទី ៨មករាម្សិលមិញ។ គឺប្រធានាធិបតីម៉ិចស៊ិកផ្ទាល់តែម្តងជាអ្នកប្រកាសអំពីជោគជ័យនៃប្រតិបត្តិការចាប់ខ្លួន អែល ហ្សាប៉ូ ដែលទំនងជាមិនអាចនៅក្នុងពន្ធនាគារបានយូរទៀតទេ។ ម៉ិចស៊ិក អាចនឹងធ្វើបច្ចាប័នទៅឱ្យអាមេរិក ដើម្បីបានស្រលះដៃស្រលះជើង។
គ្មានដំណឹងល្អប្រចាំឆ្នាំ២០១៦អ្វីស្មើនឹងការចាប់ខ្លួន Joaquin «El Chapo» Guzman បាននោះទេ ! នេះសាររបស់ប្រធានាធិបតីម៉ិចស៊ិក ក្នុងទំព័រ Twitter ប្រកបដោយមោទនភាព និងដោយសង្ឃឹមថានឹងអាចសាងទំនុកចិត្តឱ្យរដ្ឋាភិបាលវិញបាន។
Joaquin «El Chapo» Guzman គឺជាស្តេចគ្រឿងញៀន ធំបង្អស់នៅម៉ិចស៊ិក និង ជាឧក្រិដ្ឋជនដែលអាមេរិកតាមស្វែងរកបំផុត ធ្លាប់បានហែកគុកចេញរួច បានពីរលើករួចមកហើយ បើទោះបីជាពន្ធនាគារមានការពារយ៉ាងតឹងរ៉ឹងយ៉ាងណាក៏ដោយ។ កាលពីឆ្នាំ ២០០១ មហាសេដ្ឋីគ្រឿងញៀននេះ បានបន្លំខ្លួនក្នុងរទេះដឹកសម្លៀកបំពាក់កខ្វក់ ដើម្បីរត់ចេញពីពន្ធនាគារ។ បុគ្គលិកយាម ៧២នាក់ ត្រូវជាប់សង្ស័យដាក់ក្រោមការតាមដានទាំងអស់។
នៅខែកក្កដា២០១៥ Joaquin «El Chapo» Guzman បានជ្រើសរើសមធ្យោបាយធំ ! រត់ចេញពីគុកតាមលូបន្ទប់ទឹក ដោយមានអ្នកផ្សំគំនិត ជីករូងក្រោមដី ប្រវែង១៥០០ម៉ែត្រ មានភ្លើង មានខ្សល់ តរហូតអាគារផ្សេងមួយទៀត។
សូមបញ្ជាក់ថាអធិរាជ្យគ្រឿងញៀន មានមធ្យោបាយនិងបណ្តាញជួញដូរយ៉ាងសន្ធឹកសន្ធាប់ (បានក្លាយជាមហាសេដ្ឋីនៅឆ្នាំ២០០៩ ដោយទស្សនាវដ្តីForbes) ជាមនុស្សមានអំណាច មានឥទ្ធិពល យ៉ាងពុករលួយបំផុត។ ជាសត្រូវរបស់ម៉ិចស៊ិក និងអាមេរិក តែជាវីរបុរសសម្រាប់អ្នកខ្លះ ! Joaquin «El Chapo» Guzman បានក្លាយជានិមិត្តរូបនៃការប្រយុទ្ធប្រឆាំងបណ្តាញជួញដូរគ្រឿងញៀន ដ៏ល្បីល្បាញបំផុតនៅអាមេរិកឡាទីន។ ជំនួញនេះតំណាងឱ្យ៥០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ និងប្រើមនុស្ស៥០ម៉ឺននៅម៉ិចស៊ិក។
Joaquin «El Chapo» Guzman ត្រូវត្រលប់ចូលពន្ធនាគារជាលើកទីបី ប៉ុន្តែប្រហែលមិននៅយូរទេ ព្រោះរដ្ឋាភិបាលម៉ិចស៊ិក ទំនងជាចង់ស្រលះដៃជើង ដោយសុខចិត្តធ្វើបច្ចាប័នបញ្ជូនស្តេចអាភៀនរូបទៅឱ្យអាមេរិកចាត់ការម្តង៕
0 comments:
Post a Comment