ជាអ្នកដំបូង ឬជាអ្នក​ដែលល្អជាង

Advertisements
ប្រសិន​បើអ្នក​និយាយ​ពី​ហាង​កាហ្វេសម័យ​ទំនើប​ដែលល្បី​នៅក្នុង​ទីក្រុង​ភ្នំពេញ តើ​អ្នក​នឹក​ឃើញពី​ហាង​កាហ្វេ​មួយណា? ប្រសិន​បើអ្នក​និយាយ​ពី​បណ្តាញ​សង្គម​វិញ តើអ្នក​នឹង​នឹកឃើញ​ពីអ្វី​មុន​គេ? ប្រសិន​បើ​អ្នក​ចង់​ស្វែង​រក​ព័ត៌មាន​ ឬឯកសារ​ពីប្រព័ន្ធ​អ៊ីនធឺណិត តើអ្នកនឹងទៅ​ទំព័រមួយណាមុន​គេ? ចម្លើយ​ភាគច្រើនសម្រាប់​ហាង​កាហ្វេ គឺ​ប្រាកដជា​ហាង​កាហ្វេ​Brown រីឯបណ្តាញសង្គម និង​ទំព័រស្វែងរកព័ត៌មានគឺប្រាកដជា Facebook និង Googleហើយ​សម្រាប់​មនុស្ស​ភាគច្រើន។ ម៉ាក​សញ្ញា​ខាង​លើ គឺសុទ្ធ​តែជា​អ្នកដែល​ឈាន​មុខគេ​នៅក្នុង​ទីផ្សារ ដែលយុវវ័យ និង​មនុស្ស​ជាច្រើនបានស្គាល់ ហើយ​និង​បាន​ប្រើប្រាស់​ឬជាវ​សេវា​ពីម៉ាក​សញ្ញា​ខាង​លើ។ ហាង​កាហ្វេ​Brown គឺអាច​និយាយ​បានថា​គឺជា​ហាង​កាហ្វេ​សម័យទំនើប​ដំបូង​គេបង្អស់​ដែលបាន​បញ្ច្រៀប​ចូលទីផ្សារ​នៅក្នុង​ក្រុងភ្នំពេញ ដែល​កាល​ពីបើក​ដំបូង​ឡើយ សឹងតែគ្មាន​អ្នកជឿ​ថា អាជីវកម្ម​បែបនេះ​គឺបាន​ទទួលបាន​ភាព​ជោគជ័យ​យ៉ាង​សម្បើម​នៅក្នុង​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​យើង​ ដោយសារ​តែ​តម្លៃ​គឺមាន​ភាព​ខុស​គ្នា​ឆ្ងាយខ្លាំងពេក​ពីហាងកាហ្វេ​ធម្មតា។ ចំណែក​ឯFacebook និង Google ថ្វីត្បិត​តែមិន​មែន​ជា​អ្នក​ឈាន​ចូល​ទីផ្សារ​មុន​គេ​ ប៉ុន្តែ​បាន​ទទួល​ការ​គាំទ្រ និង​ទាញ​យក​ប្រជាប្រិយភាពពី​បណ្តា​អ្នកប្រើប្រាស់ មិនថា​តែនៅ​ក្នុង​ប្រទេស​កម្ពុជា​យើងទេ គឺទូទាំង​ពិភពលោក​ផងដែរ។ ដើម្បីក្លាយខ្លួនជាអ្នកឈានមុខគេ​នៅក្នុងទីផ្សារ អាជីវកម្មមួយត្រូវតែជាអាជីវកម្មដំបូងគេ និងគួរឱ្យចាប់អារម្មណ៍ ឬជាអ្នកដែលល្អជាង! ការឈានជើង​ចូលទៅក្នុង​ទីផ្សារ​មុនគេគឺមាន​គុណសម្បត្តិជាច្រើន ប៉ុន្តែ​ការឈាន​ជើងចូលទៅក្នុង​ទីផ្សារ​ក្រោយគេ ក៏អាចនឹងមាន​អត្ថប្រយោជនជាច្រើនផងដែរ។ និយាយ​ជារួម ដើម្បី​ឲ្យ​ក្លាយ​ជាអ្នក​ឈានមុខ​គេ​នៅក្នុង​ទីផ្សារ អ្នកត្រូវ​តែជាអ្នកដំបូង ឬជាអ្នក​ដែលល្អជាង។ ធ្វើ​ជាអ្នកដំបូង 2015-05-09 19.28.07 កាហ្វេBrown កាហ្វេBrownអ្នកដែលឈានជើង​ចូលទៅក្នុងទីផ្សារមុនគេ​គឺត្រូវបាន​គេហៅថា «អ្នកមាន​ប្រៀប» ។ យើង​អាច​ក្រឡេក​ទៅមើល​ហាង​កា​ហ្វេ​Brown ដែលបង្កើតឡើងនៅឆ្នាំ​២០០៩។ ក្នុងអំឡុង​ពេលនេះ ហាងកាហ្វេ​សម័យ​ទំនើបគឺគ្មាន​ការប្រកួត​ប្រជែង​ដូចពេលបច្ចុប្បន្ននេះទេ។ គំនិត​ អាជីវកម្ម​បើក​ហាងកាហ្វេ​សម័យ​ទំនើប​នាពេល​នោះ ក៏ត្រូវបាន​មនុស្ស​ទូទៅ​ភាគច្រើន​គិត​ថា​និង​មិនអាច​ទៅរួច​ផងដែរ ដោយសារ​តែ​ស្ថាន​ភាពសេដ្ឋកិច្ច និង​វប្បធម៌​របស់​ប្រទេស​យើង។ ប៉ុន្តែ បន្ទាប់​ពី​បើក​ដំណើរការ អ្វីៗគឺ​ហូស​ពីការស្មាន អាជីវកម្ម​ហាង​កាហ្វេ​សម័យ​ទំនើប​មាន​ការ​រីករូតលូតលាស់​គួរឱ្យ​កត់​សម្គាល់។ បន្ទាប់​ពីភាពជោគជ័យ មាន​ម៉ាក​សញ្ញា​ជាច្រើន​បាន​បញ្ច្រៀប​ខ្លួន​ចូលទៅក្នុងទីផ្សារ ធ្វើឱ្យ​ហាង​កាហ្វេ​ប្រភេទនេះ​រីកដូចផ្សិត​ មាន​ស្ទើរគ្រប់ទីកន្លែង​នៅក្នុងទីក្រុង​ភ្នំពេញ និងធ្លាយ​ទៅដល់​បណ្តាខេត្តក្រុង​មួយចំនួនផងដែរ។ ប៉ុន្តែទោះជាមាន​ម៉ាកសញ្ញា​ច្រើន​យ៉ាងណាក៏​ដោយ ហាងកាហ្វេBrown នៅតែជា​ម៉ាកសញ្ញា​ឈានមុខ​គេ​​ក្នុងអាជីវកម្ម​ប្រភេទនេះ។ ការឈានជើង​ចូល​ទីផ្សារមុន​គេ​គឺមាន​ប្រៀប​ និង​អត្ថ​ប្រយោជន៍ជាច្រើន។ អ្នកដែលឈានជើង​ចូលមុនគេ គឺអាច​ចាប់​យកចំណែកទីផ្សារបាន​ធំទូលាយ និង​អាច​ទទួលបាន​កម្រៃ​សេវាកម្ម ឬថ្លៃផលិតផល​បាន​ថ្លៃ​ដោយសារ​តែគ្មាន​ដៃគូ​រប្រកួត​ប្រជែង។ អ្នកដែលឈានជើងចូលមុនគេគឺអាច​មាន​ពេលវេលា​ច្រើន​ជាង​អ្នកចូលមកទីផ្សារបន្តបន្ទាប់ក្នុងការកែលម្អរឱ្យ​ប្រសើរឡើង​នូវដំណើរការ និង​ប្រព័ន្ធ​គ្រប់គ្រងដើម្បីឱ្យ​មាន​ប្រសិទ្ធិភាព និង​ប្រសិទ្ធិផលខ្ពស់ ហើយថែមទាំង​អាចស្គាល់​ទីផ្សារ​បាន​ច្បាស់ជាង។ មិនតែប៉ុណ្ណោះ ពួកគេ​អាច​ចាប់​យក​ទីតាំងបាន​ល្អៗចំកន្លែងសម្រាប់បើក​អាជីវកម្ម​ប្រភេទនោះ និងអាចជ្រើស​រើស​បុគ្គលិក​ឆ្នើមៗ​មក​បម្រើការងារ។ អត្ថប្រ​យោជន៍​ផ្សេងទៀត​ដែលពួកគេអាចនឹង​ទទួលបាន​គឺ​តម្លៃ និង​ការ​ផ្តល់​ជូនពិសេស​ពីអ្នកផ្គត់ផ្គង់ ដែលធ្វើ​ឱ្យ​គេ​មាន​ប្រៀប​យ៉ាងខ្លាំង​នៅក្នុង​ទីផ្សារ។ អ្នកដំបូង និងអ្នកបន្ទាប់ បញ្ហា​ប្រឈម​សម្រាប់អ្នកដែលឈានចូលទៅក្នុងទីផ្សារមុនគេគឺភាព​មិន​ប្រាកដប្រជា។ អ្នកដែលឈានជើងចូលមុនគេភាគច្រើនគឺមិនទាន់ស្គាល់ពីទីផ្សារ និងតម្រូវការ​ពេញលេញរបស់សំណាក់អតិថិជន។ អ្នកទីមួយភាគច្រើន​ធ្វើការលក់ផលិតផល​ដែលមិនមាន​អ្នកប្រើប្រាស់​ពីមុនមក ហើយ​ភាគតិចបំផុតដែលពួកគេអាចផលិតផលិតផល​ដែលត្រូវ​ចិត្ត​អតិថិជន​។ ក្រុមហ៊ុនធំៗ​អាច​នឹងទ្រទ្រង់​បាន​នូវការ​ខាត​បង់នៅពេលចាប់​ផ្តើម​ដំបូងដោយសារ​តែកំហុស​លើកទីមួយ​នៅក្នុងទីផ្សារ​ថ្មីនេះ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុនតូចៗវិញអាចនឹង​ទទួលរង​នូវការដូលរលំ។ អ្នកដែលឈានជើងចូល​នៅក្នុងទីផ្សារ​ក្រោយៗ អាចនឹងរៀនពីកំហុស​ដែលអ្នកមុនៗ​បាន​ប្រព្រឹត្ត និងធ្វើ​ការកែលម្អរ​សម្រាប់ទីផ្សារដែលត្រូវបាន​ធ្វើតេស្ត​រូចហើយ។ ពួកគេអាចនឹងចៀសវាង​ពីការ​ខាង​បង់ ដោយសារ​ការចំណាយ​ខុសគោលដៅ និង​ហានិភ័យ​ដែល​អាចកើតមានដោយសារតែចន្លោះប្រហោងប្រតិបត្តិ និង​បច្ចេកវិទ្យាដែលអ្នកមុន​ៗ​ជួប​ប្រទះ។ ដោយសារ​តែ​ការវិនិយោគមាន​ទំហំធំ សម្រាប់​អ្នកទីមួយ វាពិបាកនឹងសម្របតាមទីផ្សារដែលមាន​ភាព​ចាស់ទុំ ក្នុង​ការ​ផ្លាស់ប្តូរ និង​វិនិយោគបន្ថែមទៀត​ដើម្បី​តម្រូវ​តាមទីផ្សារ​ទាំងផ្នែក​ប្រតិបត្តិ​ និង​បច្ចេកវិទ្យា​ដែលធ្វើឲ្យ​អ្នក​ដែលមក​ក្រោយ​មាន​ប្រៀបជាង និង​មាន​ហានិភ័យ​ទាបជាង។ អ្នកដែលឈានជើងចូលមក​ក្រោយ​អាច​នឹងប្រឹងប្រែងធ្វើការ​ប្រកួត​ប្រជែង​ជាមួយ​អ្នក​មកមុន​ដោយធ្វើការ​ផ្តល់ជូន​នូវ​ផលិតផល​ដែលមាន​គុណភាពខ្ពស់ជាង និង​បំពេញ​តម្រូវការ​បានល្អជាងដើម្បី​ស្រូប​ទាញ​យក​ចំណែកទីផ្សារ។ ក្រៅពីនេះ អ្នកឈានចូលទីផ្សារក្រោយៗ អាចនឹងចំណាយ​លើ​ការ​វិនិយោគតិច​ជាង​ ដែលអាចធ្វើ​ឱ្យ​គេមាន​លទ្ធភាពបង្កើន​ខ្ទង់ចំណាយ​ទៅលើ​ការ​ធ្វើ​ទីផ្សារដែលជាហេតុ​នាំឱ្យ​គេមាន​ប្រៀបជាង​អ្នកទីមួយ។ ជាក់​ស្តែងGoogle បានឈានជើងចូលទៅក្នុងទីផ្សារ​ម៉ាស៊ីន​ស្វែងរក​ព័ត៌មានក្នុងឆ្នាំ​១៩៩៨។​ នៅក្នុងអំឡុង​ពេលនោះ ត្រូវ​បាន​គ្រប់គ្រង​ចំណែកទីផ្សារ​ដោយក្រុមហ៊ុន​ធំៗ៣ Yahoo Lycos nនិងAltaVista ដែលក្រុមហ៊ុនទាំងនេះ​សុទ្ធិ​តែមាន​អតិថិជន​ជាច្រើន និង​ត្រូវបាន​គេស្គាល់​និង​ប្រើប្រាស់​យ៉ាងទូលំទូលាយ។ ប៉ុន្តែGoogleបាន​សិក្សា​ពីចន្លោះ​ប្រហោង និងកំហុស​របស់ក្រុមហ៊ុនទាំង៣ខាងលើ ដោយធ្វើការ​កែប្រែ និងបង្កើត​ឡើងនូវផលិតផល​ដែលប្រសើរជាង ធ្វើការស្វែងរកព័ត៌មានរហ័សជាង និងល្អជាង។ មានក្រុមហ៊ុនជាច្រើន​ដែលទទួលបរាជ័យ​ដោយមិនអាច​ថែរក្សា​ភាពឈានមុខ​គេនៅក្នុងអាជីវកម្ម​របស់ពួកគេ។ ភាពបរាជ័យ​ដែលបាន​កើតឡើងទៅលើ​ក្រុមហ៊ុនធំៗមានដូចជា MySpace និងFriends Reunited។ ទោះជាក្រុមហ៊ុនទាំងនោះនៅតែមាន​ដង្ហើម​រហូតមកទល់​នឹងសព្វថ្ងៃនេះ ភាព«មានប្រៀបជាអ្នកដំបូង»​ក្នុងបណ្តាញសង្គម​មិនអាចយក​ឈ្នះក្រុមហ៊ុន​ស្រករក្រោយFacebookបានឡើយ។ មាន​ក្រុមហ៊ុន​ខ្លះចាប់​ផ្តើម​ដំណើរការ និង​ឈានជើងចូលទីផ្សារមុនគេ ប៉ុន្តែពួក​គេ​ក៏ត្រូវបាន​ដួលរលំ និងក្ស័យធនវិញ​មុន​នឹងប្រភេទអាជីវកម្មនោះ​បាន​ទទួលការគាំទ្រពីសំណាក់អតិថិជន។ ហេតុផលដែលធ្វើឱ្យ​អ្នកដែលឈានជើង​ចូលមុនគេ​មិនអាច​សម្រេច​បំណង​បាន និង​មាន​ប្រៀប​នៅក្នុងទីផ្សារ​បាន​រហូតគឺដោយសារ​ពេលវេលា និង​សំណាង។ ការសិក្សា​មួយ​បាន​បង្ហាញថា នវានុវត្តន៍បច្ចេកវិទ្យា និង​ល្បឿន​វិវឌ្ឍន៍នៃតម្រូវការ​ទីផ្សារគឺជាកត្តា​ដ៏ចម្បង​ក្នុង​ការកំណត់​បានថាអ្នកដែលឈានជើងចូលទៅក្នុងទីផ្សារ​មុនគេអាចនឹងមានប្រៀបឬអត់។ ការសិក្សា​បាន​លើកឡើងថា នៅពេលដែលតម្រូវការទីផ្សារមានល្បឿនរីកលូតលាស់​យឺត និង​បច្ចេកវិទ្យា​មាន​កម្រិត អ្នកដែលឈានជើង​ទីផ្សារមុនគេ និង​មាន​ប្រៀបជាង។ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើទីផ្សារ​មានសភាព​ប្រែប្រួលខ្លាំង និង​ការផ្លាស់ប្តូរនៃបច្ចេកវិទ្យាមានភាពរហ័ស អ្នកដែលឈានជើងចូលទីផ្សារមុនគេអាចនឹងជួបបញ្ហាប្រឈម។ សរុបមក វាមិនសំខាន់ទេសម្រាប់អ្នកដែលឈានជើងទីផ្សា​រមុនគេ ឬក្រោយគេ​ដើម្បីមានប្រៀបលើដៃគូរប្រកួតប្រជែង សំខាន់​គឺការ​ផ្តល់ជូន​នៅផលិតផល​ ឬសេវាកម្ម​ដែលអាចផ្គាប់ចិត្តអតិថិជនបាន។ អ្នកដែលចាប់ផ្តើម​​ប្រឡូក​មុនគេ ភាគច្រើន​តែងតែមាន​ប្រៀប និងឈានមុខគេនៅក្នុងទីផ្សារដោយសារតែការស្គាល់ និងចងចាំម៉ាកសញ្ញាពីសំណាក់​អតិថិជន មានភាពចាស់ទុំនៅក្នុងទីផ្សារ ការគ្រប់គ្រង​ទៅលើធនធាន​ដែលមានតិចតួច​ដែលធ្វើឱ្យ​អ្នកចូលមកក្រោយពិបាកនឹងយកឈ្នះ និង​គ្រឹះយ៉ាងរឹងម៉ាំ​នៅក្នុងទីផ្សារ។ ប៉ុន្តែ​អ្នកមកក្រោយ​ក៏អាចក្លាយជាអ្នកមានប្រៀបវិញផងដែរដោយសារតែពួកគេបាន​ដឹងយ៉ាងច្បាស់ពីកំហុសអ្នកដែលឈានជើងចូលមុន ហើយពួកគេតែងតែ​ផ្តល់ជូន​អតិថិជន​នូវផលិផលដែលមានគុណភាពល្អជាងជាមួយនិង​តម្លៃ​ទាប។ ជាមួយនឹង​ជំនាញ​ទីផ្សារដែលមានភាពប៉ិនប្រសប់ជាង អ្នកចូលមកទីផ្សារក្រោយគេ​អាចនឹង​ដណ្តើមយក​ភាពមានប្រៀប​របស់អ្នកចូលមុនបាន។ ដើម្បីក្លាយខ្លួនជាអ្នកឈានមុខគេ​នៅក្នុងទីផ្សារ អាជីវកម្មមួយត្រូវតែជាអាជីវកម្មដំបូងគេ និងគួរឱ្យចាប់អារម្មណ៍ ឬជាអ្នកដែលល្អជាងគេ។ ប្រភព៖ គំនិត
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment