តើការមើលទូរទស្សន៍​ផ្តល់​ផល​ប៉ះពាល់ដល់សុខភាព​ដែរ​ឬទេ?

Advertisements
នៅពេល​ទំនេរ​ពីការ​ងារ​ និង​ការ​សិក្សា តើអ្នក​យក​ពេលវេលានេះទៅធ្វើអ្វីដែរ?​ មាន​មនុស្ស​ជាច្រើន​ដែល​ចំណាយ​ពេលទំនេរ​របស់​គេ​ ដោយ​អង្គុយ​សោយ​សុខ​នៅ​មុខ​កញ្ចក់ទូរទ្សន៍។ ពួកគាត់​បាន​ចំណាយ​ពេលជាច្រើន​ម៉ោង​ ដើម្បី​តាម​ដាន​រាល់​កម្មវិធី​ទូរទស្សន៍​ណា​ដែល​ពួក​គាត់​ពេញ​ចិត្ត។ ប៉ុន្តែ​ តើ​អ្នក​មាន​ដឹង​ទេ​ថា ការ​មើល​ទូរទស្សន៍ច្រើន​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​​ដែរ​ឬ​ទេ? តើ​ទូរទស្សន៍​ផ្តល់​នូវ​ភាព​អវិជ្ជមាន​អ្វី​ខ្លះ​ដល់​កុមារ​ និង​មនុស្ស​ពេញ​វ័យ? មាន​ការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន​ដែល​បាន​ធ្វើ​ឡើង​ដើម្បី​អោយ​ដឹង​ច្បាស់​ពី​ផល​ប៉ះ​ពាល់​ដែល​អាចបណ្តាល​មក​ពី​ការ​មើល​ទូរទស្សន៍។ ដូចនេះ ថ្ងៃ​នេះ​គំនិត​សូម​លើក​យក​បញ្ហា​នេះ​មក​បរិយាយ​ដើម្បី​អោយ​មិត្ត​អ្នក​អាន​បាន​ដឹង​អំពី​ផល​ប៉ះ​ពាល់​នានា​ដែល​អាច​កើត​មាន​តាម​រយៈការ​មើល​ទូរទស្សន៍​ហូស​កំណត់។ កុមារៈ មាន​មាតាបិតា​ជាច្រើន​ដែល​បាន​អនុញ្ញាត្តិ​អោយ​កូន​របស់​ពួក​គាត់​មើល​ទូរទស្សន៍ជា​ច្រើន​ម៉ោង​ដោយ​ពួក​គាត់​មួយ​ចំនួន​បាន​យល់​ថា ការ​មើល​ទូរទស្សន៍​ធ្វើ​អោយ​បុត្រ​ធីតា​របស់​គាត់​មាន​ភាព​ឆ្លាត​វៃ ហើយ​សម្រាប់​អាណាព្យាបាល​ខ្លះទៀតបាន​គិត​ថា ការ​អោយ​កូន​របស់​ពួក​គាត់មើលទូរទស្សន៍​គឺ​ដើម្បី​អោយ​ពួក​គេ​ទាំង​នោះ​នៅ​មួយ​កន្លែង​ដើម្បី​អោយ​ពួក​គាត់​ងាយ​ស្រួល​ធ្វើ​កិច្ច​ការ​ផ្សេងៗ។ ប៉ុន្តែ​ការ​មើល​ទូរទស្សន៍​ហូស​កម្រិត​ គឺ​មិន​មែន​ជា​ប្រការ​ល្អសម្រាប់​កុមារ​នោះ​ទេ។បើ​យោង​តាម​ The American Academy of Pediatric​បាន​នែនាំ​ថា សម្រាប់​កុមារ​ដែល​មាន​អាយុ​តិច​ជាង​២ឆ្នាំ​ គឺ​មិន​ត្រូវ​អោយ​ពួក​គេ​មើល​ទូរទស្សន៍ឡើយ ហើយ​សម្រាប់​កុមារ​ដែល​មាន​អាយុ​ច្រើន​ជាង​២​ឆ្នាំ​គួរ​អនុញ្ញាត្តិ​អោយ​ពួកគេ​មើល​ទូរទស្សន៍​យ៉ាងច្រើន​បំផុត​ត្រឹម​២​ម៉ោង​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ។ សម្រាប់​កុមារ​ដែល​មាន​វ័យ​តិច​ជាង​២ឆ្នាំ ក្នុង​កំឡុង​ពេល​នេះ​ ដំណើរ​នៃ​ការ​វិវឌ្ឍន៍​ខួរ​ក្បាល​គឺ​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ខ្លាំង។ ហេតុ​នេះ​ហើយ ការចំណាយ​ពេល​មើល​ទូរទស្សន៍ច្រើន​ និង​ការ​លែង​គ្រឿង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងទៀត គឺជារនាំង​ដែល​រារាំង​ពួក​គេ​​ក្នុង​ការ​ស្វែង​យល់​នៅ​អ្វី​ដែល​ថ្មី​នៅ​ជុំវិញ​ខ្លួន រារាំង​ទំនាក់​ទំនង​ពួក​គេ​ជាមួយ​នឹ​ង​អាណាព្យាបាល និង​រារាំងសកម្មភាពផ្សេងៗ​ទៀតដែលជាផ្នែក​មួយ​យ៉ាង​សំខាន់​សម្រាប់​អោយ​ពួក​គេដឹង​នូវអ្វីដែល​ថ្មី និង​ធ្វើ​អោយ​ពួក​គេ​មាន​សុខភាព​ល្អផ្នែក​រាង​កាយ និង​មាន​ទំនាក់​ទំនង​ល្អ​ក្នុង​សង្គម។ សម្រាប់​កុមារ​ដែល​មាន​អាយុ​ច្រើន​ជាង​២ឆ្នាំ ការ​ចំណាយ​ពេល​វេលា​ទៅ​លើ​ការ​មើល​ទូរទស្សន៍ច្រើន​ធ្វើ​អោយ​ ពួ​ក​គេ​មិន​សូវ​មាន​សកម្មភាព​ផ្នែក​រាង​កាយ មិន​សូវ​មាន​ពេល​វេលា​សម្រាប់​ការ​អាន​ សរសេរ ធ្វើ​កិច្ចការ​សាលា លែងជាមួយ​មិត្តភក្តិ និង​ចំណាយពេលវេលាជាមួយ​គ្រួសារ។ ការមើលទូរទស្សន៍​គឺ​ពិតជា​ផ្តល់សារប្រយោជន៍ចំពោះ​កុមារ​មែន​ បើសិន​ណា​ការ​ចំណាយ​ពេល​ទៅ​លើ​វា​មាន​កម្រិត​សមស្រប​នោះ។ ប៉ុន្តែ​ការ​មើលទូរទស្សន៍ច្រើន​ហួសកម្រិត​ ឬ​ការ​មើល​កម្មវិធី​មិនសមរម្យនឹង​ធ្វើ​អោយ​កុមារ​ប្រឈម​មុខ​ដូចជា៖ -កុមារ​ដែល​ចំណាយ​ពេល​មើលទូរទស្សន៍​ច្រើន​ជាង​៤ម៉ោង​ក្នុង​១​ថ្ងៃ​នឹង​ប្រឈម​មុខ​នឹង​ការ​លើស​ទម្ងន់។ -កុមារ​ដែល​មើល​ឈុតឆាក​កាប់​ចាក់ និង​ធ្វើអោយ​កុមារ​មាន​ចរិក​ឆាប់ឆេវឆៅ ហើយ​នឹងធ្វើ​អោយ​ពួក​គេ​ខ្លាច​ពិភព​ខាង​ក្រៅ​។ -តួសម្តែង​ក្នុង​ទូរទស្សន៍​បាន​ផ្តល់​ឧទាហរណ៍​មិន​ល្អ​ដល់​ពួក​គេ ដូចជា​ការ​ជក់​បារី ផឹកស្រា និង​ការ​ធ្វើ​អោយ​មានការ​រើសអើង​ពូជសាសន៍។ – ការ​មើលទូរទស្សន៍​ច្រើនពេក ធ្វើ​អោយ​សតិបញ្ញា​របស់​កុមារ​មាន​ការ​រីកចម្រើន​មិន​ប្រក្រតី ។ ដូចនេះ អាណា​ព្យាបាល​ទាំង​អស់​គួរ​កម្រិត​ការ​មើល​ទូរទស្សន៍​របស់​បុត្រធីតា​ខ្លួន​អោយបាន​ល្អ​ដើម្បី​អោយ​ពួក​គេ​មាន​សុខភាព​ល្អ ទាំង​រាងកាយ​ និង​ស្មារតី។ មនុស្សពេញវ័យៈ មាន​មនុស្ស​ជាច្រើន​ដែល​បាន​ចំណាយ​ពេល​ទំនេរ​របស់​ខ្លួន​ក្នុង​ការ​តាម​ដាន​កម្មវិធី​ទូរទស្សន៍​ណាមួយ​ដែល​ពួក​គេ​ចូល​ចិត្ត។ ប៉ុន្តែ​ការចំណាយ​ពេល​ច្រើន​នៅមុខ​កញ្ចក់ទូរទស្សន៍​ដើម្បី​តាមដាន​កម្មវិធី​ទាំង​នោះ គឺ មិនបាន​ផ្តល់​ផល​ល្អ​សម្រាប់​សុខភាព​ឡើយ។ ការ​មើលទូរទស្សន៍ច្រើន​អាច​បណ្តាល​អោយកើតមាន​ជម្ងឺ​លើស​ទម្ងន់ និង​អាច​បណ្តាល​អោយស្លាប់​មុន​អាយុ​ទៀត​ផង។ បើយោងតាម​ការសិក្សារស្រាវជ្រាវ​របស់​សមាគមវិជ្ជសាស្ត្រ​នៃសហរដ្ឋអាមេរិក​បានអោយដឹងថារាល់ការមើលទូរទស្សន៍២ម៉ោងបន្ថែម នឹងធ្វើអោយកម្រិត​ប្រឈមមុខនឹងការកើតជម្ងឺទឹកនោមផ្អែម​ប្រភេទទី២​កើនឡើង​ដល់២០% និង​ការប្រឈមមុខនឹងការកើតជម្ងឺបេះដូង​កើនឡើង​១៥%។ រី​ឯការសិក្សា​ស្រាវ​ជ្រាវ​មួយ​ទៀត​ដែល​បាន​ធ្វើ​ឡើង​ដោយ​អ្នកស្រាវជ្រាវសញ្ជាតិ​អូស្ត្រាលី​បាន​បង្ហាញ​ថា រាល់​ការ​ចំណាយ​ពេល​១ម៉ោង​សម្រាប់​ការ​មើល​ទូរទស្សន៍​ វា​នឹង​ធ្វើ​អោយ​អ្នក​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​បាត់បង់​ជីវិត​ពី​ជម្ងឺ​cardiovascular(ទាក់ទង់នឹងសរសៃឈាមនិង​បេះដូង)​ប្រមាណ​១៨%។ ដូចនេះ ដើម្បី​បាន​សុខភាព​ល្អ យើង​គួរ​គប្បី​ចំណាយ​ពេល​វេលា​អោយ​បាន​សមរម្យ​នៅ​មុខ​កញ្ចក់ទូរទស្សន៍ ដោយ​មិន​អោយ​លើស​ពី២ម៉ោង​ក្នុង​១​ថ្ងៃ។ ហើយ​ប្រសិន​បើ​អ្នក​មាន​ពេលវេលា​ទំនេរ​ច្រើន​ជាង​នេះ អ្នក​គួរ​យក​ពេលវេលា​ទាំង​នោះ ដើម្បីធ្វើការ​ហាត់ប្រាណដើម្បី​អោយ​សុខភាព​កាន់តែ​ល្អ​និង​រឹង​មាំ ឬយក​ពេល​វេលានោះ​មក​ចំណាយ​ទៅលើ​សិក្សារ​អ្វី​ដែល​ថ្មី​ដើម្បី​អភិវឌ្ឍ​ចំណេះដឹង។
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment