រឿងនិទានខ្មោច ៖ និទាន​ខ្មោច​ទី​៤

Advertisements

ខ្ញុំ​ជា​យុវវ័យ​ដែល​ជឿ​លើ​វិទ្យាសាស្ត្រ ប៉ុន្តែ​បែរ​ជា​ចូល​ចិត្ដ​អាន​រឿង​ខ្មោច​យ៉ាង​ខ្លាំង​។
នៅ​ដំណាច់​ឆ្នាំ​ដែល​គ្រប់​គ្នា​ទៅ​ដើរ​កម្សាន្ត​បោះ​ជំរំ ខ្ញុំ​និង​មិត្ត​ជិតស្និទ្ធ​សម្រេច​ថា​យប់​នោះ​មិន​គេង​ទេ​​គឺ​និយាយ​រឿង​ខ្មោច​អួត​គ្នា​ម្តង​។
ខ្ញុំ​រក​នឹក​យូរ​ណាស់ ទម្រាំ​សម្រេច​ចិត្ត​ថា ​ខ្ញុំ​ត្រូវ​តែ​បង្ហាញ​​បទពិសោធន៍​ផ្ទាល់​ខ្លួន​​​ក្នុង​ការ​ដឹងឮ​រឿងនិទាន​អំពី​ខ្មោច​ព្រាយ​ជុំវិញ​ពិភពលោក​។
«ឯង​ដឹង​ទេ? ​ខ្ញុំ​អាន​រឿង​ខ្មោច​បាន​ជាង​១០០០​រឿង!!!​ នេះ​មិន​រាប់​ពី​វីដេអូ​​ហូលីវូដ​ និង​កុន​ថៃ​ផង​វ៉ី!»
«អូយ​សូរិយា!!! ឯង​ក្លាយ​ជា​កំពូល​អ្នក​ឯកទេស​ខាង​ខ្មោច​ហើយ​អ៊ីចឹង​!»
«និយាយ​គ្នា​ឱ្យ​ហើយ! មិន​ឱ្យ​យក​រឿង​កុន​មក​និយាយ! គឺ​និយាយ​ពី​បទពិសោធន៍​ជាក់ស្តែង​ពិតៗ!!»
ខ្ញុំ​បញ្ជាក់​យ៉ាង​មាំ​មួន។

«អូយ​ខ្លាច​ណាស់​!»
នាង​ឈ្មោះ​មុំ ជា​មិត្ត​ម្នាក់​ក្នុង​ចំណោម​មិត្ត​ទំាង​បី​របស់​ខ្ញុំ​ដែល​​សុទ្ធ​តែ​ជា​ស្រី។
អាមុំ​ អាកា និង​អានី គ្នា​យើង​បួន​នាក់​នៅ​អង្គុយ​ក្រោយ​គេ​ក្បែរ​តង់ គឺ​នៅ​ជិត​ឆ្នេរ​មែន​ទែន​ ចំណែក​អ្នករាល់គ្នា ​គេ​ទៅ​រាំ​អស់ហើយ​ ​ឮ​ភ្លេង​មក​ល្វើយៗ​តែ​ម្តង។
​ក្នុង​ក្រុម​ខ្ញុំ​នេះ ខ្ញុំ​ប្រុស​តែ​ម្នាក់ឯង ហើយ​ឈ្មោះ​សូរិយា​ទៀត។​ តាំង​ពី​ថ្នាក់​អនុ​មក ​ត្រូវ​គេ​ហៅ​ថា​ខ្ទើយៗ​ជានិច្ច​​ តែ​ខ្ញុំ​លែង​ប្រកាន់​ហើយ​។
«បើ​ខ្លាច នៅ​ឱ្យ​ស្ងៀម! កុំ​ដើរ​រហេតរហូត! ​យប់​នេះ​រឿង​ដំបូង​ គឺ​វេន​​ខ្ញុំ​មុន​គេ! សុំ​និយាយ​រឿង​ពិត​មួយ​! រន្ធត់​មែន​ទែន​ណ៎ា! កាលដែល​ខ្ញុំ​បាន​ជួប​ជា​មួយ​សង្សារ​ទីពីរ​របស់ខ្ញុំ!»
«ស្អី​គេ? មីង​សូរិយា​ឯង​មាន​សង្សារ​ដែរ? សង្សារ​ប្រុស​មែន​អត់?!»
អាកា​ឆ្លៀត​ពេល​បង្អាប់​ខ្ញុំ ខ្ញុំ​ក៏​សម្លុត​វិញ​ភ្លាម៖
«ស្តាប់​អត់?!»
«អូខេ​ៗ! និយាយ​ឱ្យ​ខ្លាច​ៗ​ណា៎! មិន​ខ្លាច កុំ​និយាយ​ដឹង​អត់?!»
ខ្ញុំ​ក៏​ចាប់​ផ្ដើម …..
រឿង​ហ្នឹង​កើតឡើងនៅឆ្នាំ២០១៣​។
​កាល​ហ្នឹង​ខ្ញុំ​រស់​នៅ​ក្នុង​ខេត្ត​កែប ​សង្សារ​ខ្ញុំ​អ្នក​រស់នៅ​ទី​នោះ​តំាង​ពី​ក្មេង​ៗ​មក។ ចំណែក​ហេតុការណ៍ ​ដ៏​ពិបាក​បំភ្លេច​នោះ​​បាន​កើតឡើង​នៅ​ចុង​ស​ប្តា​ហ៍​ដែល​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​របស់​គេ​មួយ​ក្រុម​បាន​សម្រេច​ចិត្ត​ទៅ​ជប់លៀង​ទទួល​សញ្ញាប័ត្រ​ម៉ោង៧កន្លះយប់​។​ ខ្ញុំ​មិន​សូវ​ទុកចិត្ត​សុវត្ថិភាព​គេ ខ្ញុំ​ក៏​ទៅ​ជាមួយ ​តាមពិត​ចិត្ត​ខ្ញុំ​មិន​ចង់​ទៅ​ប៉ុន្មាន​ទេ ព្រោះ​ចង់​មើល​បាល់​ជាង។
​កន្លែង​ដែល​ពួកគេ​ទៅ គឺ​ផ្ទះ​លោក​គ្រូ​ម្នាក់​ឈ្មោះ​ជា ​ស្ថិតនៅ​ជាយ​រាង​ឆ្ងាយ​ពី​គេ។
ដោយសារ​យប់​ពេក ហើយ​មាន​មិត្ត​ម្នាក់​ស្រវឹង​ជ្រុល​ជិះ​ម៉ូតូ​ពិបាក ​យើង​បាន​សម្រេចចិត្ត​គេង​នៅ​ទី​នោះ ដោយ​លោក​គ្រូ​បាន​សុំ​ម្ចាស់​ផ្ទះ​ល្វែង​មួយ​ក្បែរ​គាត់​ដែល​ផ្ទះ​នោះ​ពី​មុន​មាន​គេ​ជួល​នៅ​តែ​បាន​ចាក់​សោ​ជាង​ពីរ​អាទិត្យ​ហើយ​ មិន​ទាន់​រក​ម៉ូយ​ថ្មី​បាន។
ស្រីៗ​បួន​នាក់​គេង​ជាមួយ​គ្នា​ ហើយ​ពួក​នាង​បាន​ផ្ដល់​ឱ្យ​ខ្ញុំ​និង​ប្រុសៗ​៥នាក់​ទៀត​នូវ​បន្ទប់​គេង​ទំនេរ​ដែល​នៅ​ជាប់​គ្នា​នោះ។
​ក្នុង​បន្ទប់​រាង​ស្អុះ​ ហើយ​តូច​ផង មិត្ត​ខ្ញុំ​បី​នាក់​ក្រាល​កន្ទេល​ដេក​ខាង​ក្រៅ​បន្ទប់ ទុក​ឱ្យ​ខ្ញុំ​និង​ម្នាក់​ដែល​ស្រវឹង​ទោរ​ដេក​លើ​គ្រែ​ដែល​មាន​តែ​មួយ​នោះ​។
​ខ្ញុំ​ដឹង​ថា ខ្លួន​ឯង​បាន​ផឹក​ក្រែល​ដែរ តែ​​មិន​ស្រវឹង​ទេ ដូច្នេះ​ដោយសារ​ប្លែក​កន្លែង ហើយ​អ្នក​ស្រវឹង​ក្បែរ​ខ្ញុំ​រើ​ចុះ​ឡើង​ជានិច្ច​ប្រូស​ប្រះ ខ្ញុំ​ពិត​ជា​ពិបាក​ធ្មេច​មែន​ទែន។
​ខ្ញុំ​រង់ចាំ​ពេល​វេលា ​ព្រោះ​លើក​ដៃ​មើល​ម៉ោង​ញឹក​បន់​ឱ្យ​តែ​ដល់​ព្រឹក។ ម៉ោង​ប្រហែល​១កន្លះ  ខ្ញុំ​ទន់​ត្របក​ភ្នែក ហើយ​​ដេក​លង់លក់​យ៉ាង​​ជ្រៅ ​រហូត​ដល់​មមីងមមាំង​ភ្ញាក់​ឡើង​វឹង​ក្រោក​ពី​គ្រែ​ដោយ​ខ្លួន​ឯង​ស្វាង​ចែស…..
ព្រោះ​អ្វី?????
គឺ​ច្បាស់​ណាស់ ខ្ញុំ​បាន​ស្តាប់​ឮ​សំឡេង​ដក​ដង្ហើម​ចម្លែក​មួយ​​ពី​ចម្ងាយ​ ហើយ​ឮ​ច្បាស់​ណាស់។
ងាក​មក​ម្នាក់​ដែល​​នៅ​ក្នុង​បន្ទប់​ជាមួយ​ខ្ញុំ ​វា​ក៏​នៅ​ដេក​ស្ងៀម ហើយ​សំឡេង​មិញ​នេះ​​មិន​សម​ថា​ជា​សំឡេង​ដង្ហើម​វា​ដែល​ខ្ញុំ​ស្គាល់​ច្បាស់​ឡើយ។
​ខ្ញុំ​ងាក​រក​បង្អួច​ គឺ​​បិទ​តាំង​ពី​ពេល​ចូល​មក​ដល់ គ្មាន​អ្នក​ណា​បើក​សោះ។ ខ្ញុំ​អង្គុយ​ចុះ​វិញ ​ហើយ​គិត​ថា​ប្រហែល​មកពី​ខ្ញុំ​ខ្លាច​ពេក​ដឹង?
ខ្ញុំ​ទម្រេត​ខ្លួន​ដេក​បន្ត …..គ្មាន​អ្វី​ទាំងអស់……គឺ​ខ្ញុំ​បន់​ឱ្យ​តែ​អាច​ដេក​លក់​ទៅ​វិញ​លើក​នេះ ​​ហើយ​ក្រោក​មក​កាលណា ព្រឹកព្រលឹម​ស្វាង​ចែស​នឹង​អាល​ចាក​ចេញ​តែ​ម្តង​ទៅ។
….ខ្ញុំ​សំងំ​ស្តាប់​ឮ​តែ​ដង្ហើម​ខ្លួន​ឯង​ តាំង​ចិត្ត​ថា​មិន​ជឿ​នឹង​អ្វី​ដែល​កើតឡើង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មុន​នេះ​   តែ​ភ្លាម​នោះ ខ្ញុំ​ទទួល​អារម្មណ៍​ថា​អ្វីៗ​បាន​សា​ត្រលប់​មក​វិញ។
ខ្ញុំ​ធ្មេច​ខំ​ដេក ​តែ​មិន​អាច​ធ្វើ​ពើ​បាន ​ត្របកភ្នែក​ខ្ញុំ​បើក​មក​វិញ​ដោយស្វ័យប្រវត្តិ ​សំឡេង​នោះ​ចូល​មក​កាន់​តែ​ជិត លាន់​មក​កាន់​តែ​ខ្លាំង ហើយ​ប្រៀប​បី​ដូចជា​​ឆ្ពោះ​មក​រក​​ខ្ញុំ​????
ខណៈ​ពេល​ដែល​ខ្ញុំ​មិន​មាន​សូម្បី​តែ​​ភាព​ក្លាហាន​ដើម្បី​ក្រោក​​ឈរ​ឡើង​ ឬ​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​​បាន​​នោះ​ ខ្ញុំ​លូក​ចុង​ជើង​ធាក់​អង្រួន​មិត្ត​រួម​គ្រែ​ឱ្យ​ក្រោក​ឡើង​មក​តស៊ូ​នឹង​ការ​លង​បន្លាច​នេះ​ជាមួយ​គ្នា​ ប៉ុន្តែ​គេ​នោះ «ស្រវឹង​ដេក​ដូច​ងាប់» អង្រួន​យ៉ាង​ណា​ក៏​មិន​កម្រើក​។
សេចក្ដី​អធិដ្ឋាន​តាម​ព្រះ​ពុទ្ធ​សាសនា​តែង​កើត​មាន​មក​លើ​ខ្ញុំ រាល់​ពេល​ដែល​ខ្ញុំ​សុបិន​កណ្តាល​រាត្រី​ភ័យ​ភ្ញាក់ ​ឬ​ដូច​ពេល​នេះ​អ៊ីចឹង ​ខ្ញុំ​ចាប់ផ្ដើម​សូត្រ​ធម៌​។
ដង្ហើម​នោះ​រសាត់​មក​ក្បែរ​ខ្ញុំ ហើយ​ត្រជាក់​ស្រេង។
ខ្ញុំ​ស្រែក​វ៉ាស តែ​ស្រែក​ក្នុង​បំពង់​ក​មិន​ចេញ​សំឡេង ​រហូត​ដល់​ភ្ញាក់​ប្រវេប្រវា​ក្រោក​ឡើង​ហត់គឃូស​បែក​ញើស​​គឃារ​។
​លើក​នេះ​ទេ​ដែល​ខ្ញុំ​ភ្ញាក់​ពិត​មែន​។ មុន​នេះ​ ​អ្វឺ​ៗ​គឺ​ក្នុង​សុបិន​តែ​ទំាង​អស់។
ស្រី​ម្នាក់​ខ្មៅ​ស្ទង់​ដូច​កំពុង​ស្លៀក​សារុង​ឈរ​នៅ​ចុង​ជើង​ខ្ញុំ។ ខ្ញុំ​យល់​ថា​គ្មាន​អ្នក​ណា​ ក្រៅពី​ខេម៉ា​មិត្ត​ស្រី​ខ្ញុំ​នោះ​ទេ ​ទោះ​ងងឹត​មើល​មុខ​គ្នា​មិន​ឃើញ​ក៏ដោយ​។
ខ្ញុំ​បាន​ប្រមូល​ផ្តុំ​ភាព​ក្លាហាន​របស់​ខ្ញុំ​ទាំង​អស់ ​ហើយ​ចាប់​ផ្តើ​ម​ក្រោក​អង្គុយ​សម្លឹង​ស្រមោល​ខ្មៅ​ដែល​នៅ​ឆ្ងាយ​ពី​គ្នា​មិន​ដល់​ពីរ​ម៉ែត្រ​ស្រួលបួល​ផង។
«អូន​ឯង​ចូល​មក​ធ្វើ​អី? ម៉ោង​ប៉ុន្មាន​ហើយ?!»
​នាង​មិន​ឆ្លើយ តែ​ចាប់​ផ្ដើម​ដក​ដង្ហើម​ឮៗ ដូច​ដែល​សំឡេង​ខ្ញុំ​ឮ​ពី​ចម្ងាយ​នោះ ខ្ញុំ​ក្រោក​វឹង​រត់ចោល​គ្រែ ច្រាន​ទ្វារ​ចេញ​មក​ក្រៅ​កាត់​កន្លែង​អា​បី​នាក់​នោះ​កំពុង​ដេក​ ហើយ​ខ្ញុំ​ទាក់​ជើង​ដួល​ត្មោល។
«ខ្មោច​លង!»
ខ្ញុំ​ស្រែក​ចេញ​សំឡេង​ហើយ​។
​បី​នាក់​នោះ​ក្រោក​ឡើង ហើយ​ស្រី​ៗ​ក៏​ចេញ​មក។
ពួក​យើង​នាំ​គ្នា​បើក​ភ្លើង ហើយ​ចូល​ទៅ​រក​ម្នាក់​ដែល​ស្រវឹង​នោះ។ គេ​នោះ​ដេក​មិន​ដឹង​អី​ទំាងអស់។
«មាន​អី​គួរ​ឱ្យ​ខ្លាច​ផង​! ខ្ញុំ​ធ្លាប់​ជួប​​រឿង​ពិត​ៗ​ដែល​​អាក្រក់​ជាង​នេះ​១០០ដង!»
លីកា​មិត្ត​ខ្ញុំ​ស្រែក​ឡើង ខ្ញុំ​ក៏​ឌឺ​វិញ៖
«ដែល​គួរ​ឱ្យ​ខ្លាច មិន​មែន​រឿង​ប៉ុណ្ណឹង​ទេ​! ឯង​ដឹង​ស្រី​នោះ​ជា​អ្នក​ណា​អត់?!»
«ជា​អ្នក​ណា​ទៅ?!»
«នាង​គឺ​ជា​ម្ចាស់​ផ្ទះ​មួយ​នេះ​ដែល​បាន​សម្លាប់​ខ្លួន ព្រោះ​តែ​ខឹង​ម្តាយ​នាង​ទៅ​យក​ប្តី​ចុង​បម្រុង​យក​ចូល​មក​នៅ​! តាំង​ពី​នាង​ស្លាប់​បាត់​ទៅ ម្តាយ​នាង​មិន​ដែល​បាន​ឡើង​មក​នៅ​ទី​នេះ​ទេ​ គឺ​ខ្មោច​លង​ខ្លាំង​ណាស់!​ មាន​តែ​យើង​អ្នក​មក​ពី​ឆ្ងាយ​ដែល​គេ​មិន​ឱ្យ​ដឹង​រឿង​អ្វី ចេះ​តែ​ព្រម​ឡើង​ទៅ​ដេក​! ក្រោយមក​ឱ្យ​តែ​ជិះ​កាត់​ទីនោះ ខ្ញុំ​អើត​មើល​រហូត​ តែ​មិនបាន​ឃើញ​គេ​រក​បាន​អ្នក​ជួល​នៅ​សោះ!!! ឥឡូវនេះ​កន្លង​ទៅ​យូរ​ឆ្នាំ​ហើយ​ មិន​ដឹង​យ៉ាង​ម៉េច​ហើយ​ទេ! តិច​ក្លាយ​ទៅជា​ផ្ទះ​សំណាក់​អស់​ទៅ? នឹងអាល​ខល​ទៅ​កក់​កន្លែង​ឱ្យ​អា​លីកា​គេង​ម្តង​!»
«នៅ​តែ​គ្មាន​អី​ប្លែក​ផង​រឿង​អ៊ីចឹង?»
អា​លីកា​នៅ​តែ​ឌឺ​ខ្ញុំ អ៊ីចឹង​ខ្ញុំ​ក៏​ព្រម​ចាញ់ ហើយ​និយាយ៖
«ម៉ោះ!​ ស្តាប់​រឿង​របស់​លីកា​វិញ​ក៏​បាន!»
ខ្ញុំ​បង្វែរ​ការ​ទទួលខុសត្រូវ​ឱ្យ​ទៅ​ស្រី​កា​ដែល​កំពូល​មហា​កាច់​ខ្ញុំ​តាំង​ពី​ដើម​ដែល​មើល​ទៅ​ចង់​និយាយ​ឡើង​ញ័រ​ខ្លួន​​ទៅ​ហើយ​ ដូច្នេះ​នាង​ចាប់​ផ្ដើម​និយាយ៖
នេះ​ជា​បទ​ពិសោធន៍​ពិត​ តែ​ពុំ​មែន​របស់​ខ្ញុំ​ទេ​ណ៎ា ​គឺ​របស់​ម្តាយ​ខ្ញុំ។ ផ្ទះ​ខ្ញុំ​គឺ​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ងាត់​មួយ​នៅ​ត្រើយ​ម្ខាង​តំបន់​ព្រែក​លាភ។ ផ្ទះ​យើង​ធ្វើពីឈើ​នៅ​លើ​ច្រាំង​​ទន្លេ​តូច ​ហើយ​វា​មាន​អាយុ​ចាស់​ណាស់​ហើយ ​ពួក​យើង​​ស្រឡាញ់​វា​ខ្លាំង​ណាស់​ ដោយ​សារ​តែ​ទីតាំង​នៅ​ក្បែរ​ទន្លេ​ត្រជាក់​ជានិច្ចកាល​។
ខ្ញុំ​ធ្លាប់​គិត​ថា ​ម៉ាក់​របស់​ខ្ញុំ​មាន​សំណាង​ណាស់​ដែល​បាន​រស់​នៅ​ក្បែរ​មាត់​ទឹក​នេះ ខុស​ពី​មីងៗ​ដែល​មក​លេង​ម្តងៗ ​ពួក​គាត់​មើល​ទៅ​ខ្មៅ​ៗ​ណាស់ ព្រោះ​ក្តៅ​ខ្លាំង​អាកាស​ធាតុ​ស្រុក​ខាង​ប្តី។
នៅ​ចុង​ភូមិ​មាន​ស្ពាន​មួយ​ដែល​គ្រប់​គ្នា​និយម​ទៅ​ងូត​ទឹក​តាំង​ពី​ជំនាន់​លោក​យាយ។ ស្ពាន​នោះ​នៅ​ក្រោម​ម្លប់​​ឈើ​ធំ​មួយ​ដែល​ដុះ​ប្រប​ចេញ​ពី​ច្រាំង​ទេរ​ទៅ​ក្នុង​ទឹក។ ខ្ញុំ​ចាំ​បាន​ថា​ ស្ពាន​ឈើ​ចាស់​នោះ​ជា​កន្លែង​ម៉ាក់​ធ្លាប់​នាំ​​​បង​ប្អូន​ខ្ញុំ​ទៅ​ងូត​ទឹក​ញឹកញយ ទោះ​គាត់​ធ្លាប់​តំណាល​ពី​បទពិសោធន៍​មិនល្អ​មួយ​នេះ​ក្តី​​។
រឿង​គឺ​ដូច្នេះ កាលពី​សម័យ​សង្គ្រាម ក្មេងៗ​​​ប្រុស​ស្រី​ក្នុង​ភូមិ​និង​ម្តាយ​ខ្ញុំ​ផង​​បាន​ប្រើ​ស្ពាន​ឈើ​នេះ​ជា​ទី​ងូត​ទឹក​សំអាត​ខ្លួន​ជា​ប្រចាំ​រៀង​រាល់​ថ្ងៃ​តែ​ម្តង។
​ពួក​គេ​ងូត ហែល និង​ប្រជែង​គ្នា លោត​ចេញ​ពី​ស្ពាន​ចូល​ទៅ​ក្នុង​ទន្លេ ​ហើយ​ហែល​ទៅ​ច្រាំង​ម្ខាង​ដើម្បី​ដណ្តើម​យក​ជយលាភី​ជា​នំ​នែក​ត្រលប់​មក​វិញ​ក៏​មាន​។
​ពេល​មួយ​នៅ​ពេល​ដែល​ម្តាយ​របស់​ខ្ញុំ​ស្ថិត​ក្នុង​វ័យ​ជំទង់ ​បាន​ត្រលប់​មក​ពី​ឃ្វាល​គោ​ ហើយ​ក្មេង​ៗ​ក្នុង​ភូមិ​បាន​ងូត​ទឹក​ចោល​គាត់​អស់​ទៅ​ហើយ ​ព្រោះ​យប់​នោះ​គោ​វង្វេង​ទម្រាំ​រក​មក​វិញ​ឃើញ​។ ខ្លួន​ម៉ាក់​ខ្ញុំ​ប្រឡាក់​ខ្លាំង​ពេក​ មិន​អាច​​រង់ចាំ​ដល់​ព្រឹក​បាន ក៏​សម្រេចចិត្ត​ថា​​ទៅ​ងូត​ទឹក​ម្នាក់​ឯង​។
​គាត់​ហៅ​ឱ្យ​ប្អូន​ណា​ម្នាក់​នាំ​ទៅ​ដែរ តែ​​ប្អូន​ប្រុស​ស្រី​សុទ្ធ​តែ​កំពុង​រវល់​​នៅ​ក្នុង​ផ្ទះបាយ​ជួយ​លោកយាយ​ខ្ញុំ​។
ម្តាយ​ខ្ញុំ​តំណាល​ថា​​ដោយ​ស្អុះ​ពេក គាត់​​បាន​ឡើង​ទៅ​កាន់​ចំណុច​កណ្តាល​​នៃ​ស្ពាន​ ហើយ​​លោត​ទៅ​ក្នុង​ទឹក​។
ម៉ាក់​បាន​​ហែល​ទឹក​ចុះ​ឡើង​យ៉ាង​ត្រជាក់​សប្បាយ ​ទោះ​មេឃ​ងងឹត ព្រោះ​ទីនេះ​ជា​ទី​កំណើត​ អ្វីៗ​គឺ​ទម្លាប់​បាន​​ធ្លាប់​ជើង ធ្លាប់​ដៃ​ ឈាន​ត្រូវៗ​មិន​បាច់​មើល​ក៏​បាន។
​ទីបំផុត គាត់​បាន​ហួស​ទៅ​ដល់​ផ្ទៃ​ទឹក​​ខាង​ស្ដាំ​ចុង​ផុត​ស្ពាន​ដែល​លោកតា​និង​លោកយាយ​ធ្លាប់​​បាន​ព្រមាន​យ៉ាង​តឹងរ៉ឹង មិន​ឱ្យ​នាំ​ប្អូន​មក​​ហែល​ទឹក​ទៅ​ដល់​ទីនោះ​ជាដាច់ខាត។
​ខណៈ​ពេល​ដែល​ដឹងខ្លួន​ថា​ទៅ​ដល់​ទី​បម្រាម ម៉ាក់​ចង់​វិល​មក​វិញ ប៉ុន្តែ​ម៉ាក់​​បាន​ឃើញ​ត្រី​ធំ​មួយ​នៅ​ក្នុង​ទឹក​ហែល​ចុះ​ឡើង​ក្បែរ​ៗ​គាត់ ធ្វើ​ឱ្យ​គាត់​នឹក​ចង់​ចាប់​វា​យក​មក​វះ​ធ្វើ​ងៀត​បបរ​ឱ្យ​ប្អូនៗ​។

គាត់​មិន​បាន​ចាប់​អារម្មណ៍​ឡើយ​ថា ​ត្រី​នោះ​បាន​នំា​គាត់​ឱ្យ​ឈាន​​ហែល​ទឹក​ចូល​កាន់​តែ​ជ្រៅ​​ទៅ​ក្នុង​ផ្នែក​ហាមឃាត់។
រំពេច​នោះ ​ត្រី​បាន​ជ្រមុជ​​​ចូល​ទៅ​ក្នុង​ទឹក​បាត់​ទៅ​។
ជាមួយ​នឹង​ការ​ខក​ចិត្ត​ ម៉ាក់​បាន​សម្រេច​ចិត្ត​ហែល​ទឹក​ត្រលប់​មក​វិញ​ គឺ​ឆ្ពោះ​មក​រក​​ស្ពាន។
​ប៉ុន្តែ​រំពេច​នោះ​ ម៉ាក់​មាន​អារម្មណ៍​ថា​មាន​​ដៃ​អ្នក​ណា​លូក​មក​ចាប់​ជើង​ហើយ​​ទាញ​ចុះ​ក្រោម​​ជ្រៅ​ចូល​ទៅ​ក្នុង​ទឹក​។
វា​ជា​ដៃ​មនុស្ស​ពិតៗ​ដែល​ចាប់​ណែន ឈឺ ហើយ​ត្រជាក់ស្រេប​ដល់​ម៉ាក់​ស្ពឹក​គ្មាន​កម្លាំង​នឹង​ហែល​ត​ទៅ​មុខ​ទៀត​បាន។
ទោះ​យ៉ាង​ណា មុន​ពេល​ធ្លាក់​ជ្រៅ​ទៅ​ក្នុង​ទឹក គាត់​បាន​ស្រែក​ឡើង​យ៉ាង​ខ្លាំង​ថា៖ «ពុក​អើយ​ជួយ​ផង!»។
ម៉ាក់​លិច​ចូល​ទៅ​ក្នុង​ទឹក​តាម​កម្លាំង​ដែល​ដៃ​នោះ​ទាញ ហើយ​ម៉ាក់​ចាប់​ផ្ដើម​ឈ្លក់​ប្រវេប្រវា លែង​អាច​ជួយ​ខ្លួន​ឯង​បាន។ ម៉ាក់​លើក​ដៃ​ប្រណម ​​ហើយ​សូត្រ​ធម៌​ដែល​ចេះ​ចាំ​ស្ទាត់ ​ព្រោះ​លោកយាយ​បាន​សូត្រ​​រាល់​យប់​ថ្ងៃ​សីល​ ហើយ​ម៉ាក់​បាន​សន្លប់​បាត់​ឈឹង​ទៅ។
នៅ​ពេល​ដែល​ម្តាយ​ខ្ញុំ​ដឹង​​ខ្លួន​​ឡើង អ្នក​ភូមិ​ជា​ច្រើន​នៅ​អង្គុយ​រង់ចាំ​នៅ​ជុំវិញ​គាត់​។ ពួកគេ​​បាន​សាក​សួរ​ពី​ដំណើរ​រឿង​ មុន​ពេល​សន្លប់​នោះ​​ថា​តើ​មាន​​អ្វី​ដែល​​កើតឡើង​មុន​ពេល​លង់​?
ម៉ាក់​បាន​រៀបរាប់​ប្រាប់​គ្មាន​លាក់​លៀម​អ្វី​នោះ​ទេ។
ហើយ​ម៉ាក់​អះអាង​ដាច់​ខាត​ថា ពិត​ជា​មាន​​ដៃ​មនុស្ស​រឹង​ដូច​ដង្កាប់​បាន​ចាប់​ទាញ​ជើង​គាត់​ចុះ​ពិតមែន​​។ ជីដូន​ជីតា​របស់​ខ្ញុំ​បាន​បង្វែង​ម៉ាក់​របស់​ខ្ញុំ​​ថា​ ប្រហែល​ជា​គាត់​ហែល​ប៉ះ​​ឫស​ស្មៅ​ចាស់ៗ​ក្នុង​ទឹក​បាន​​ជា​ទាក់ជើង​​កាន់​តែ​រើ កាន់​តែ​ធ្លាក់​ជ្រៅ។

​​ម៉ាក់​របស់​ខ្ញុំ​មិន​ជឿ​ពាក្យ​ចាស់ៗ​បង្វែង​ដាន​នោះ​ទេ​ ប៉ុន្តែ​គាត់​ធ្វើ​ពុត​ជា​ជឿ​។ ពេញ​មួយ​សប្តាហ៍​នោះ​ ម៉ាក់​​​មានតែ​​សុបិន​អាក្រក់​នៃ​ដៃ​មនុស្ស​ត្រជាក់​ស្រេង​ដែល​​ចាប់​ជើង​គាត់​។ សូម្បី​ហែល​ទឹក​ធម្មតា​ក៏​គាត់​លែង​ហ៊ាន​។
ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក​ ពេល​ម្តាយ​ខ្ញុំ​និង​ប្អូន​ស្រី​​បាន​ទៅ​ជួយ​វេច​នំ​អ្នក​​​ជិត​ខាង​ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​លួច​ខ្សឹប​​ប្រាប់​ម៉ាក់​ខ្ញុំ​ថា​ ​ចុង​ស្ពាន​នោះ​គឺ​មាន​ខ្មោចទឹក​ចាំ​លង​ច្រើន​ជំនាន់​មក​ហើយ។
សូម្បី​មីង​របស់​គាត់​ម្នាក់​នោះ​ក៏​បាន​ឃើញ​ផ្ទាល់​ភ្នែក​ពី​ករណី​​ស្រី​ជំនាន់​មុន​ម្នាក់​ធ្វើ​អត្តឃាត​នៅ​ចុង​ស្ពាន​នោះ ​ដោយ​ការ​​លោត​ចូល​ទៅ​ក្នុង​ទន្លេ។
ម្តាយ​ខ្ញុំ​និង​មីង​ខ្ញុំ​ដែល​នៅ​ជា​ក្រមុំ​ជំទង់​នៅ​ឡើយ​ ឮ​ហើយ​បាន​ភិត​ភ័យ​រន្ធត់​ធ្លាក់​ខ្លួន​ឈឺ​ជា​ច្រើន​ថ្ងៃ។ កូនស្រី​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​នោះ​បាន​អះអាង​ដូច​គ្នា​ដែរ​ថា ​លោកយាយ​នាង​​តែង​ខ្សឹប​ប្រាប់​ពី​ការ​ធ្វើ​អត្តឃាត​នៅ​ទីនោះ​ ហើយ​ថា​​វិញ្ញាណ​នៅ​ទី​នោះ​ចង់​បាន​អ្នក​បន្តវេន ដូច្នេះ​គ្រប់​គ្នា​ដែល​មានះ​ហែល​នៅ​ក្នុង​ផ្នែក​ហាម​ឃាត់​នោះ​​នឹង​ត្រូវ​រងទុក្ខ​។
ម្តាយ​​និង​មីង​ពូ​ខ្ញុំ​ក៏​ឈប់​ហែល​ទឹក​អស់​ជា​ច្រើន​ខែ ទម្រាំ​ហ៊ាន​ចុះ​វិញ តែ​ចុះ​ជិត​ៗ​ជាមួយ​អ្នក​ភូមិ​ដែល​មាន​គ្នា​ច្រើន​តែ​ប៉ុណ្ណោះ។
លីកា​បាន​បញ្ចប់​នូវ​រឿង​ពិត​របស់​គ្រួសារ​នាង​។

«អូយ អាមុំ​និយាយ​ម្តង​ទៅ!»
«រឿង​អី​ទៅ? ​យើង​មិន​ចេះ​ទេ​! រឿង​ខ្មោច​ខ្លាច​ណាស់!»
«អ៊ីចឹង​ប្រឹង​ស្តាប់​ម៉េះ​?!»
«អូខេ​! យើង​មាន​រឿង​មួយ! មិន​ដឹង​ពួក​ឯង​ជឿ​ឬ​ក៏​អត់​ទេ?!»
«និយាយ​ឆាប់​ឡើង​ទៅ!»
អូខេ! បទ​ពិសោធន៍​នេះ​គឺ​មិនមែន​ជា​របស់ខ្ញុំ​ ម្ដាយ​​ខ្ញុំ​​ឡើយ​ តែ​របស់​មិត្តភ័ក្ដិ​ប៉ា​ម្នាក់​ដែល​នាំ​ប្រពន្ធ​គាត់​មក​ជួល​ផ្ទះ​ខ្ញុំ​ជាន់​ខាង​លើ។
មីង​ហ្នុង​ឈ្មោះ​មីង​ដា ​​ធ្វើ​ការ​ជា​គិលានុបដ្ឋាយិកា​ក្នុង​មន្ទីរពេទ្យ​ខេត្ត​មួយ​។ ហេតុការណ៍​​នេះ​បាន​កើត​ឡើង​នៅ​ល្ងាច​ប្តូរ​វេន​មួយ​ដែល​វេន​អ្នក​​នោះ ​គេ​រវល់​មាន​បង​ប្អូន​ឈឺ​​ គាត់​ក៏​ពឹង​មីងដា​។
នោះ​ជា​ការងារ​ប្រចាំ​ការ​ពេល​យប់​នៅ​ពេទ្យ។
​នៅ​​ថ្ងៃ​​អំឡុង​ពេល​កំពុង​ធ្វើការ​ដោយ​ស្ងាត់​ជ្រងំ​ គ្មាន​ឃើញ​មាន​អ្វី​កើត​ឡើង ​ក៏​គ្មាន​អ្នកជំងឺ​ណា​មាន​បញ្ហា​​នោះ​ដែរ ​តែ​គាត់​ខ្លួនឯង ​មីង​ដា​ហ្នឹង​ហើយ​ស្រាប់​តែ​ចេញ​ជំងឺ​គ្រុន​ក្តៅ​នៅ​ម៉ោង​១១​​យប់​។
ដូច្នេះ ​មីង​ដា​បាន​ដើរ​ទៅ​​ជូន​ដំណឹង​ដល់​​គ្នី​គ្នា​គាត់​ដែល​នៅ​ជិត​ៗ​នោះ ​ហើយ​ក៏​មាន​គិលានុបដ្ឋាក​ម្នាក់ទៀត​ស្ម័គ្រ​ចិត្ត​មក​ដេក​នៅ​ក្នុង​បន្ទប់​កំដរ​ជាមួយ​។
​មីងដា​លេប​ថ្នាំ​រួច​បាន​គេង​លក់​ឈឹង។
​គាត់​ដឹង​ខ្លួន​ព្រឹប​មកវិញ ព្រោះ​​បាន​ឮ​ស្នូរ​​ទ្វារ​បន្ទប់​របើក ហើយ​ពេល​សម្លឹង​ទៅ វា​ពិត​ជា​បើក​ចំហ​ធ្លុង​មែន​ ហើយ​មិន​ឃើញ​អ្នក​កំដរ​ម្នាក់​នោះ​ទេ។
គាត់​រេ​មក​មើល​នាឡិកាប៉ោល​ គឺ​ម៉ោង​ពីរ​ភ្លឺ។
​មីង​ដា​ថា​គាត់​ភ្ញាក់​ផ្អើល​ដោយ​សារ​តែ​មិន​ទាន់​ដល់​វេន​ប្តូរ​នៅឡើយ​ ហើយ​មិន​ទាន់​ព្រឹក​ផង ​ហេតុ​អី​ចំហ​​ទ្វារ?
កំពុង​គិត​ទំាង​វិល​មុខ​ធ្ងន់​ក្បាល មីងដា​បែរជា​ចាប់អារម្មណ៍​ថា កន្ទុយ​ភ្នែក​បាន​ឃើញ​បុរស​ម្នាក់​ស្លៀកពាក់​អាវ​ស​ ​មាន​ម៉ាស៊ីន​ស្ទង់​បេះដូង​នៅ​ជុំវិញ​ក​របស់​គាត់​។
មីង​ដា​​គិត​ថា​ គាត់​នោះ​​អាច​​ជា​វេជ្ជបណ្ឌិត​ដែល​មក​ថ្មី​ ឬ​មក​ពី​អគារ​ផ្សេង​​មក​ជួយ​មើល ព្រោះ​ប្រហែល​មិត្ត​មីង​ដា​បាន​រត់​ទៅ​ប្រាប់​ថា មីងដា​ឡើង​កម្ដៅ​ខ្លាំង​។
​រំពេច​​នោះ​ដែរ​ មីងដា​​មាន​អារម្មណ៍​ថា គ្រប់​យ៉ាង​ប្រែ​មក​ជា​ត្រជាក់​ខុស​ពី​ធម្មតា​នៅ​ពេញ​ក្នុង​​​បន្ទប់​ដូចជា​​នរណា​ម្នាក់​បាន​ចុច​បន្ថយ​សីតុណ្ហភាព​ម៉ាស៊ីន​ត្រជាក់​អស់​រលីង​អ៊ីចឹង។
​ពេល​ដែល​បុរស​ពេទ្យ​ម្នាក់​នោះ​ឈាន​​ចូល​មក​កាន់​តែ​​ជិត ​មីង​ដា​បាន​កត់​សម្គាល់​ឃើញ​ថា​ ជាមួយ​នឹង​គ្រប់​ជំហាន​ដែល​គាត់​​ឆ្ពោះ​មក​ ផ្ទៃមុខ​របស់​គាត់​ហាក់​ស្លេក​ទៅ​ៗ ​ពិសេស​កាត​របស់​គាត់​ដែល​មីង​ដា​ខំ​ពិនិត្យ​មើល​នៅ​លើ​ហោប៉ៅ​គាត់​ដើម្បី​ស្គាល់​ថា​គាត់​មក​ពី​ផ្នែក​ណា​ តាម​ពិត​មិន​មែន​ជា​កាត​បច្ចុប្បន្ន​សោះ គឺ​មាន​ពណ៌​ផ្សេង​ទៅ​វិញ។
​អារម្មណ៍​មីងដា​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​ទៅ​ក្នុង​ភាព​ជ្រួលច្របល់​ ហើយ​ប្រឹង​ពិនិត្យ​កាន់​តែ​ច្បាស់​ក៏​ឃើញ​លេខ​ឆ្នាំ​១៩៥២​នៅ​លើ​កាត?
គាត់​ម្នាក់​នេះ​មក​ពី​ឆ្នាំ​១៩៥២​? ព្រះអើយ!! មីង​ដា​គាំង​ចលនា​ដូច​រាងកាយ​ប្រែក្លាយ​​​ទៅ​ជា​ថ្ម​កម្រើក​មិន​បាន​ គាត់​​មិន​អាច​និយាយ​មួយ​ពាក្យ​ផង កុំ​ថា​ឡើយ​ដល់​ទៅ​​ស្រែក​ចេញ​​។ ជា​បន្ទាន់​នោះ ​មីង​ដា​​ព្យាយាម​បន្លប់​ខ្លួន​ឯង​ថា ​មកពី​គាត់​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​ជំងឺ​គ្រុនសន្ធំ​ បានជា​គិត​រឿង​តែ​ពាស ។ មីង​ដា​ប្រឹង​សម្លឹង​ពីរ​បី​ដង​ទៀត​​ទៅ​លើ​តួ​លេខ​ក្នុង​កាត​ ដែល​ពេល​នេះ​មីង​ដា​ជឿ​ជាក់​ថា​អ្វី​ៗ​មិន​មែន​ជា​ការ​ស្រមៃ ឬ​គ្រាន់​តែ​ស្ថិត​ក្នុង​សុបិន​ឡើយ។
គាត់​ញ័រ​ចំប្រប់ ​ហើយ​ងាក​ត្រលប់​មកវិញ ចំ​ពេល​ដែល​គាត់​ឃើញ​ពេទ្យ​នោះ​កំពុង​លើក​ម្ជុល​សឺរ៉ាំង​តម្រង់​មក​ជាមួយ​ម្រាមដៃ​ពណ៌ប្រផេះ​ងាំង​។
​មីង​ដា​ចង់​ស្រែក​ណាស់ ​​ប៉ុន្តែ​គាត់​មិន​អាច​សូម្បី​តែ​គ្រប់គ្រង​ដង្ហើម​ខ្លួន​ឯង​ឱ្យ​ដើរ​ត្រឹមត្រូវ​បាន​នោះ​ទេ​។ គាត់​បាន​ត្រឹម​បិទ​ភ្នែក ​ហើយ​សូត្រ​ធម៌ រួច​បើក​មក​វិញ​យ៉ាង​លឿន​ ឈាន​ដល់​ការ​វាស​ដៃ​ពេទ្យ​នោះ​ចេញ។ ដឹង​អី ​រាងកាយ​តា​នោះ​រលាយ​ខ្សុល​ដូច​ជា​​​ខ្យល់ ហើយ​រហ័ស​ដូច​ផ្លេកបន្ទោរ ​មីង​ដា​ក្រោក​ចេញ​ពី​គ្រែ ​ហើយ​ចាកចេញ​វ៉េវ​ពី​បន្ទប់​ ដូច​ខ្លួន​នេះ​​គ្មាន​ជំងឺ​អ្វី​បៀតបៀន​ដូច្នោះ​ដែរ​។
គាត់​​រត់​ភៀស​ខ្លួន​​ទៅ​កាន់​បន្ទប់​ផ្សេងៗ​ដែល​ប្រាកដ​ថា មាន​អ្នក​ប្រចាំការ​ដូច​គ្នា​កំពុង​ស្នាក់នៅ។
តាម​ផ្លូវ​ គាត់​រត់​ទៅ​ជួប​គិលានុបដ្ឋាក​ម្នាក់​ដែល​មាន​ភារកិច្ច​កំដរ​គាត់​ ទើប​នឹង​ដើរ​ទើមៗ​មក​ពី​បន្ទប់​ទឹក​។ នាង​សួរ​គាត់​ថា មាន​រឿង​អ្វី? គ្រប់គ្នា​នៅ​ក្បែរៗ​នោះ​​បាន​ចេញ​មក​មើល​ ហើយ​នាំ​គាត់​ទៅ​សម្រាក​ក្នុង​បន្ទប់​ប្រធាន​ផ្នែក​។
ពេល​បាន​ស្រួលបួល​ជាង​មុន មីង​ដា​​បាន​ប្រាប់​អ្វី​គ្រប់​យ៉ាង​កាល​ពី​ម៉ោង​ពីរ​ភ្លឺ​នោះ​ទៅ​ពួកគេ​។ ពេលនោះ មាន​អ្នក​បោស​សំអាត​វ័យ​ចំណាស់​​ម្នាក់​ដែល​នៅ​ថែទំា​​ក្នុង​បន្ទប់​ប្រធាន​សាល​បាន​បញ្ចេញ​យោបល់​ថា ​គាត់​ធ្លាប់​ឮ​អ្នក​ប្រចាំ​ការ​មុន​ៗ និង​ពួក​អ្នក​យាម​ធា្លប់​ចចាមអារ៉ាម​ឃើញ​មាន​ពេទ្យ​ប្រុស​មិន​ស្គាល់​មុខ​ម្នាក់ ដើរ​ចច្រប់​ចុះឡើង ​ឬក៏​ឃើញ​នៅ​ឈរ​រេរា​នៅ​បន្ទប់​បើក​ថ្នាំ​ដូចគ្នា​។

ពីរ​ខែ​ក្រោយ​មក ដោយ​ចេះ​តែ​មិន​អស់​ចិត្ត គាត់​និង​មិត្តភ័ក្ដិ​បាន​ទៅ​កាន់​បន្ទប់​ឃ្លាំង ​ហើយ​ស្វែងរក​ឯកសារ​ជា​ច្រើន​សល់​តំាំង​ពី​សង្គម​ចាស់​នៅ​ទី​នោះ។
មីងដា​​ត្រូវ​​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ព្រោះ​នៅ​ក្នុង​សំណុំ​ឯកសារ​ឆ្នាំ​១៩៥២ គាត់​ពិត​ជា​រក​ឃើញ​រូបថត​ពេទ្យ​​ម្នាក់​ដែល​គាត់​ជួប​នា​រាត្រី​ដ៏​រន្ធត់​នោះ​មែន​។
ក្រោយមក​ នាយក​មន្ទីរពេទ្យ​បាន​យល់​ព្រម​រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​អ្នក​ស្លាប់ និង​គ្រូពេទ្យ​ចាស់ៗ​ រួម​ទំាង​​ព្រលឹង​ទំាង​ឡាយ​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​ទំាងមូល​​ទើប​បាន​មិន​មាន​ហេតុការណ៍​បែបនេះ​កើតឡើង​តទៅទៀត។
ពួក​យើង​ជឿ​ទេ​ថា ​វា​​គឺ​ជា​បទ​ពិសោធន៍​ពិត​ៗ ប៉ុន្តែ​ស្តាប់​ទៅ​គួរ​ឱ្យ​ភ័យខ្លាច​ណាស់​សម្រាប់​អ្នក​ដែល​ចង់​ធ្វើ​ជា​ពេទ្យ​ ព្រោះ​ត្រូវ​ប្រចាំការ​ជៀស​មិន​រួច​នោះ​ទេ។ សម្រាប់​ខ្ញុំ​វិញ​​ពិត​ជា​មិន​ចង់​ទៅ​មន្ទីរពេទ្យ​ណា​សោះ​ ទោះ​ជា​ពេល​ថ្ងៃ ក៏​មើល​ទៅ​គួរ​ឱ្យ​ខ្លាច​ដែរ។
«តោះ​វេន​អានី!» ខ្ញុំ​តឿន ពេល​ដែល​អា​មុំ​និយាយ​ចប់។
ពេលនេះ​យប់​ជ្រៅ​បន្តិច​ហើយ ភ្លេង​លាន់​មក​កាន់​តែ​រង្វើល ខ្យល់​បក់​មក​ក៏​កាន់​តែ​ត្រជាក់​ តែ​ចិត្ត​ពួក​យើង​នៅ​ជក់​ក្នុង​ការ​ស្តាប់​​បទ​ពិសោធន៍​​ពិត​ៗ​នៃ​ការ​ជួប​ខ្មោច​នេះ​។
«មិន​ដឹង​មាន​អី​និយាយ​ទេ! ពួក​ឯង​និយាយ​អស់​ទៅ​ហើយ​!» អានី​ឆ្លើយ​។
«និយាយ​ឱ្យ​ឆាប់! កុំ​ពូកែ​កេង​ប្រវ័ញ្ច​​វ៉ី!» អាមុំ​បន្ទោស​។
«បាន​ៗ! ​និយាយ​រឿង​ខ្មោច​ដែល​គ្នា​ជួប​លើ​កោះ​នេះ​​ម៉ង​ទៅ​!»
«លើ​កោះ​នេះ?»

ត្រូវហើយ! មិញ​នេះ នៅ​ម៉ោង​ប្រហែល​៧:៣០ល្ងាច ពេល​​ដែល​ពួក​​យើង​ជុំ​​គ្នា ញ៉ាំ​អាហារ​ពេល​ល្ងាច​ ខ្ញុំ​ទៅ​ជា​មាន​អាការៈ​​ព្រួយ​បារម្ភ​ប្លែក​ៗ​ពី​កន្លែង​នេះ​។
អ៊ីចឹង​ហើយ​បានជា​ខ្ញុំ​​បញ្ចប់​ការ​ទទួលទាន​ត្រឹមតែ​ពាក់កណ្ដាល​ ហើយ​ទៅ​ដើរលេង​ស្រូប​យក​ខ្យល់​អាកាស​ឱ្យ​ស្រឡះចិត្ត​វិញ។
ខ្ញុំ​បាន​ដើរ​ម្នាក់ឯង​តាម​បណ្ដោយ​ឆ្នេរ ហើយ​បាន​ស្ថិត​នៅ​លើ​នោះ​ស្ទើរ១ម៉ោងម្នាក់ឯង។
ពេល​មេឃ​កាន់​តែ​ងងឹត ​ខ្យល់​កាន់​តែ​ត្រជាក់ ខ្ញុំ​ចង់​បក​ឡើង​មកវិញ​មក​រក​ពួក​យើង​ ស្រាប់តែ​​ខ្ញុំ​បាន​ឃើញ​​​ស្ត្រី​ម្នាក់​ស្លៀក​រ៉ូប​វែង​ធំ​រលង់​ពណ៌ស​អង្គុយ​លើ​ឆ្នេរ​ចំហៀង​ពី​ខ្ញុំ​ប្រមាណ​ជា​១០​ទៅ​១៥​ម។
​​សក់​គាត់​​ប៉ើង​តាម​ខ្យល់ ​ហើយ​វែងអន្លាយ​ ធ្វើ​ឱ្យ​ខ្ញុំ​នឹកឃើញ​ភ័យខ្លាច​ ហើយ​ឯង​ដឹង​អត់​ នារី​នោះ​ស្រាប់តែ​​​​ក្រោក​មក​លាង​ពូត​សំពត់​របស់​គាត់​នៅ​ក្រោម​ដើមឈើ​មួយ​នៅ​ពេល​យប់​ងងឹត​ស្លុប ​ហើយ​​គ្មាន​ទឹក​អី​មួយ​ដំណក់។
នៅ​ពេល​នោះ​ ខ្ញុំ​ភ័យ​ខ្លាច​ខ្លាំង​ណាស់​ ហើយ​គិត​ថា​រវាង​មនុស្ស​ឆ្កួត និង​ជា​​ខ្មោច​ តើ​មួយ​ណា​គ្រោះ​ថ្នាក់​ជាង​ក្នុង​ពេល​នេះ? ​ខ្ញុំ​បាន​ចាំង​​ពិល​ឡើង​ទំាង​មិន​ដឹង​ខ្លួន។
ពិត​ណាស់ ស្រី​នោះ​នៅតែ​​អង្គុយ​នៅ​ទីនោះ​ ហើយ​បន្ត​​ការ​បោក​​លាង​សំពត់​ទំាង​​គ្មាន​ទឹក។
ខ្ញុំ​ខំ​ឈាន​ចូល​ទៅ​ជិត​ឡើងៗ​ដើម្បី​ពិនិត្យ​មើល​មុខ​គាត់។ មុខ​គាត់​ត្រូវ​បាន​បាំង​​​ពីក្រោយ​សក់​ ដូច្នេះ​ខ្ញុំ​មិន​អាច​មើល​ឃើញ​មុខ​គាត់​​សោះ។​
​មិន​ដឹង​យ៉ាង​ម៉េច​បាន​ជា​ចិត្ត​ខ្ញុំ​មិន​ព្រម​បក​មក​រក​ក្រុម​យើង បែរ​ជា​កើត​ជំងឺ​ចង់​ដឹង​យ៉ាង​អន្ទះសា​​ថា​តើ​នោះ​​ពិត​ជា​មនុស្ស​​ស្រី​​ឬ​អ្វី?​
នៅ​​ពេល​ដែល​ខ្ញុំ​ទៅ​មុខ​បាន​​ប​ន្ដិ​ច​ ស្ត្រី​នោះ​បាន​បញ្ចប់​ការ​បោក​គក់​ទាំងស្រុង ​ហើយ​ច្បូត​សក់​របស់​គាត់​វែក​ទៅ​ម្ខាង ធ្វើ​ឱ្យ​ខ្ញុំ​មើល​ឃើញ​អំបោះ​ពណ៌ស​ក្រាស់​ឃ្មឹក​ជា​ច្រើន​ជាន់​នៅ​លើ​​ដៃ​គាត់។
​ខ្ញុំ​ដឹង​ថា​គាត់​មិនមែន​ជា​មនុស្ស​ទេ។ ដោយ​យឺតៗ ​ខ្ញុំ​បាន​ដើរ​ថយ​​ក្រោយ ព្រោះ​ចាំ​ពាក្យ​ម្តាយ​របស់​ខ្ញុំ​ដែល​​តែង​តែ​ផ្តាំ​ខ្ញុំ​ថា ពេល​ទៅ​ទី​កន្លែង​ណា​ឆ្ងាយ​ៗ ​បើ​​បាន​ឃើញ​អ្វី​មួយ​ចម្លែក ពិសេស​ឃើញ​មនុស្ស​ស្លៀក​ស​សក់​វែង ​មិន​បាច់​ស្រែក​អ្វី​ទេ ព្រោះ​នាំ​ឱ្យ​ខ្លួន​ឯង​ភ័យ​លស់ព្រលឹង យើង​​គ្រាន់​តែ​ដើរ​បក​ថយ​ក្រោយ​តែ​ប៉ុណ្ណោះ​។
ខ្ញុំ​អត់ធ្មត់ ទប់ចិត្ត ដើរ​ថយ​ក្រោយ ​រហូត​ដល់​បុក​នឹង​អាមុំ​។
«អ៊ីចឹង​បាន​ឃើញ​ឯង​ដូច​​ត្រជាក់​រឹង​ថ្គាម​អ៊ីចឹង​​!»
អាមុំ​លូក​មាត់ ធ្វើ​ឱ្យ​ម្ចាស់​រឿង​ទី​បួន​បន្ថែម​មក​វិញ៖
«សំណាង​ហើយ​ដែល​យើង​ស្មារតី​រឹង​ មិន​ភ័យ​រឹង​ថ្គាម​ស្លាប់​នៅ​លើ​ឆ្នេរ​នោះ​តែ​ម្នាក់​ឯង!»
តែ​ចិត្ត​ខ្ញុំ​ចាប់អារម្មណ៍​ព្រួយ​ភ័យ​យ៉ាង​ចម្លែក​​ណាស់ ពេល​ដែល​​អានី​និយាយ​ចប់ ហើយ​សត្វ​ស្លាប​ជា​ច្រើន​ចាប់​ផ្ដើម​យំ​ទ្រហឹង​ពេញ​លើ​ឆ្នេរ​។ ស្បែក​ខ្ញុំ​ព្រឺ​តាំង​ពី​ក្បាល​ដល់​ចុង​ជើង ហើយ​ចិត្ត​ខ្ញុំ​មិន​មាំមួន​ទើប​ខ្ញុំ​បបួល៖
«តោះ​! ឡើង​ទៅ​ក្បែរ​គ្នា​យើង​វិញ!»
ខ្ញុំ​ហៅ​លីកា​​ និង​អាមុំ​ អានី។
ពួកគេ​ក៏​ក្រោក​មក​ភ្លាម​មែន​ តាម​មើល​ស្រី​ៗ​បី​នាក់​នេះ​ក៏​ប្រហែល​ជា​មាន​អារម្មណ៍​មិនល្អ​ចំពោះ​រឿង​និទាន​ទី​បួន​របស់​អានី​ដូចជា​ខ្ញុំ​​ដែរ​ហើយ​។
​យើង​ដើរ​ជាមួយ​គ្នា​តម្រង់​ទៅ​កន្លែង​រាំ ​ស្រាប់​តែ​បាត់​ពួក​គេ​ទៅ​ណា​អស់​រលីង ​សល់​តែ​ធុង​បាស់ ​និង​ភាព​ស្ងប់ស្ងាត់។ ពួក​យើង​កាន់​ដៃ​គ្នា ហើយ​គិត​ផ្ដេសផ្ដាស​តែពីស​តែពាស​​ តែ​មិនទាន់​មាន​អ្នក​ណា​បាន​ហា​មាត់​និយាយ​ថា​ម៉េច​នៅឡើយ​​។
អ្នកណា​ម្នាក់​បង្ហាញ​ខ្លួន​នៅ​កន្ទុយ​ភ្នែក​ខ្ញុំ។
ខ្ញុំ​ងាក​ទៅ​ខ្វាច់។
នៅ​ក្បែរ​គល់​ឈើ កន្លែង​ដែល​មុន​នេះ ​ពួក​យើង​ដាក់​ធុង​ទឹកកក ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​ស្លៀក​ពាក់ ស​កំពុង​ឈរ ហើយ​នៅ​នឹង​ដៃ​​កាន់​ដំបង​ធំ​មួយ​​។
«គាត់​នេះ​បាន​វាយ​បណ្តេញ​គ្នា​យើង​ឡើង​ទៅ​ណា​អស់​ទេ​ដឹង?!»
ខ្ញុំ​គិត​ភា្លម ​ហើយ​រន្ធត់​ញាប់ញ័រ​។ ទោះ​យ៉ាង​ណា ​បុរស​នោះ​មាន​គ្នា​តែ​ម្នាក់ឯង ​ក៏​មិន​គួរ​ឱ្យ​បារម្ភ​ពេក​នោះ​ទេ។
​ខ្ញុំ​គិត​ថា ​គាត់​​ជា​មនុស្ស​​ឆ្កួត​។
នៅ​ពេល​នេះ​ គាត់​បាន​ឈរ​ងាក​មក​មើល​បួន​នាក់​យើង​ ឯ​ពួក​យើង​ផ្តោត​ភ្នែក​តែ​លើ​ដំបង​របស់​គាត់​ប៉ុណ្ណោះ។
ឈឹប….
ខ្ញុំ​ងាក​ទៅ​ឃើញ​លីកា​កំពុង​ថត​គាត់​ ស្រាប់តែ​អាមុំ​ស្រែក​វ៉ាស ​ខ្ញុំ​ងាក​ទៅ​ឃើញ​ដំបង​គាត់​ហោះ​មកដល់​ពួក​យើង ខ្ញុំ​ក៏​រន្ធត់​គាំង​។
សំណាងល្អ​ ដំបង​នោះ​បាន​រលាយ​ភឹប​ទៅ​ក្នុង​ខ្យល់​ដូច​ជា​ការ​ស្រមៃ​​ ធ្វើ​ឱ្យ​​ពួក​យើង​ទំាង​បួន​គេច​ក្នុង​លំហ​ដែល​គ្មាន​អ្វី​ទំាងអស់។
​យើង​ទំាង​បួន​មិន​បាន​ឃើញ​គាត់​នោះ​​នៅ​ឈរ​ក្បែរ​ធុង​ទឹកកក​ទៀត​នោះ​​ទេ អានី​ក៏​ស្រែក​ឡើង​ថា៖
«តោះ​! យើង​ត្រលប់​​ទៅ​ឡាន​វិញ​ទៅ!»
ពួក​យើង​បាន​រត់​មក​ដល់​​រថ​យ​ន្ដ​ក្រុង ​នៅ​តែ​មិន​បាន​ឃើញ​វត្តមាន​សមាជិក​ឯ​ទៀតៗ​ដដែល សូម្បី​តែ​ពូ​តៃកុង​ឡាន​ក៏​មិន​ដឹង​ជា​បាត់​ទៅ​ណា?​។
​ខ្ញុំ​បាន​សម្រេច​ចិត្ត​ឡើង​ទៅ​អង្គុយ​ចាំ​នៅ​លើ​​រថ​យ​ន្ដ​។
«អ្វី​ៗ​ដូចជា​យ៉ាង​ម៉េច​មិន​ដឹង​ទេ​!» អានី​និយាយ​។
អាមុំ​តប​មក​វិញ​ភា្លម​ថា​៖
«ម៉េច​មិន​ដឹង​អី​ទៀត? ​គឺ​ខ្មោច​មែន​ណា៎!»
ខ្ញុំ​មិន​ទាន់​បាន​និយាយ​អ្វី ​ស្រាប់​តែ​លីកា​ស្រែក​ឡើង​យ៉ាង​គ្រលួច៖
«ខ្ញុំ​ថត​បាន​ច្បាស់​ណាស់​? ម៉េច​ក៏​មាន​តែ​គល់​ឈើ និង​ធុង​ទឹកកក អត់​មាន​ឃើញ​អី​សោះ?!»
ត្រូវហើយ វា​ពិត​ជា​រឿង​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដែល​​ថា​នៅ​ក្នុង​ទូរសព្ទ​លីកា​មិន​មាន​អ្វី​សោះ មាន​តែ​គល់ឈើ និង​ធុង​ទឹកកក​ គ្មាន​អ្នកណា​នៅ​ទីនោះ​ ក៏​គ្មាន​បុរស​ស្លៀកពាក់​ស​​អ្វី​នោះ​ដែរ​។
ពួក​យើង​ចំហ​មាត់​សម្លឹង​មុខ​គ្នា…..ខ្ញុំ​លើក​ទូរសព្ទ​ខ្លួន​ឯង​មក​មើល​….
«អត់​សេវា​ទេ!» អាមុំ​និយាយ​ទាំង​ញ័រ​មាត់​តតាត់។
​​បទ​ចម្រៀង​លាន់​មក​ល្វើយៗ​តាម​ខ្យល់​ ធ្វើ​ឱ្យ​អានី​ស្រែក​វ៉ាស ​ហើយ​យំ…..
ស្អី​គេ​នេះ?​ ក្រែង​មិញ​ ពួក​ខ្ញុំ​ទៅ​ដល់​ទី​នោះ​ មិន​ឃើញ​មាន​អ្នកណា​រំាំ​ផង ​គឺ​ស្ងាត់​មនុស្ស​សូន្យ​? ពួក​យើង​សំងំ​​ញ័រ​ដៃ​ជើង​ក្នុង​រថយន្ត​។ ​បន្ទាប់​មក ​ខ្ញុំ​ជា​កូន​ប្រុស​តែ​ម្នាក់​គត់​មិន​អាច​សំងំ​កំសាក​ដូច្នេះ​បាន​ត​ទៅ​ទៀត​ទេ​ ខ្ញុំ​ក៏​បាន​តាំង​ចិត្ត​ដំឡើង​សំឡេង​ស្រែក​៖
«ម៉េច​ក៏​ម៉េច​ទៅ! អញ​ទៅ​វ៉ែ​ពួក​អា​ខ្មោច​ហ្នឹង​ម្តង​មើល៍!»
ខ្ញុំ​ក្រោក​ឡើង​ ហើយ​ស្រីៗ​ក៏​ក្រោក​មក​តាម​។ ពួក​យើង​ចុះ​ពី​ឡាន​ ហើយ​កាន់​ដៃ​គ្នា​រត់​ទៅ​រក​ប្រភព​ភ្លេង​នោះ។
អ្វីៗ​គ្រប់​យ៉ាង​គឺ​ធម្មតា គ្នា​យើង​ឯ​ទៀត​កំពុង​តែ​បន្ត​រាំ​លេង​យ៉ាង​សប្បាយ​រីករាយ​​។
«បួន​នាក់​​យើង​កើត​អី​ព្រម​គ្នា​នេះ?!»
លីកា​ខ្សឹបៗ តែ​ខ្ញុំ​តប​វិញ៖
«​មិន​បាច់​និយាយ​ទេ! ចាំ​ទៅ​ភ្នំពេញ​វិញ​សិន​ទៅ!»
ពួក​យើង​ចូល​ទៅ​រក​មិត្តភ័ក្ដិ​តាមធម្មតា ​ហើយ​ខ្ញុំ​វិញ​រក​ផ្លូវ​សសៀរ​ទៅ​រក​ពូ​តៃកុង​ឡាន​ដែល​កំពុង​ជក់​បារី​ម្នាក់​ឯង។
ខ្ញុំ​ឆ្លៀត​សួរ​គាត់​៖
«ពូ! ​​ប៉ុន្មាន​នាទី​មុន​នេះ​ដូច​អត់​ឮ​ភ្លេង? គេ​នាំ​គ្នា​ទៅ​ណា?!»
«មាន​ឯណា? ​នៅ​ហ្នឹង​រហូត​ទេ​តើ!»
ខ្ញុំ​ដឹង​ហើយ ថា​មាន​អ្វី​កើត​ឡើង។
​ប្រហែល​ពួក​យើង​ទំាង​បួន​ចូលចិត្ត​លលេង​ជាមួយ​រឿង​ខ្មោច​ បាន​ជា​ត្រូវ​​ខ្មោច​មក​លលេង​នាំ​ទៅ​កន្លែង​ផ្សេងៗ​មិន​ដឹង​ បាន​ជា​ឃើញ​អ្វីៗ​ផ្សេង​ពី​ទី​នេះ។
ភ្លឺ​ឡើង​ពេល​ឡាន​យើង​បក​មក​ភ្នំពេញ ​គេ​បាន​ឈប់​សម្រាក​តាម​ផ្លូវ​ចុះ​បត់​ជើង​ ទិញ​ភេសជ្ជៈ​ ខ្ញុំ​បាន​ជួយ​ទិញ​ផ្លែ​ម្នាស់​ពី​កសិករ​ម្នាក់ ហើយ​សាកសួរ​គាត់​លេង​ថា តើ​ឆ្នេរ​នោះ​មាន​ខ្មោច​ដែរ​?
គាត់​បាន​ប្រាប់​យើង​វិញ​ថា ​គាត់​ផ្ទាល់​ធ្លាប់​បាន​ដើរ​លក់​របស់របរ​កាល​ពី​ក្មេង​លើ​ឆ្នេរ​នោះ​ ហើយ​ធ្លាប់​​ឃើញ​បុរស​ស្លៀក​ស​តែ​ញឹក​ឆ្លង​កាត់​ពី​​ផ្លូវ​ម្ខាង​ទៅ​ម្ខាង​ដែល​ជា​កន្លែង​ព្រៃ ​គ្មាន​ភូមិ​អ្នក​ស្រុក​ទេ។
គាត់​ថា​ក្រោយ​មក​ គាត់​ឧស្សាហ៍​ឃើញ​ពេក ម្តាយ​គាត់​ក៏​សុំ​សន្លឹក​គាថា​ពី​វត្ត​មក​ឱ្យ​មួយ​ទុក​ជាប់​ខ្លួន​​ទើប​ខ្មោច​លែង​លង រហូត​ដល់​ពេល​នេះ​។
ខ្ញុំ​ឮ​ហើយ​​នៅ​តែ​ញាប់ញ័រ​ នៅ​ពេល​គិត​ទៅដល់​រឿង​ចម្លែក​ក្បែរ​ធុង​ទឹកកក។
​អ្វី​ដែល​បាន​​កើត​ឡើង​នោះ​មិន​ធំដុំ ប៉ុន្តែ​វា​ជា​ការពិត​ដែល​ពួក​យើង​មិន​អាច​បំភ្លេច​បាន​ជា​រៀង​រហូត។​
«ក្មួយ​ឯង​នៅ​ក្មេងៗ​ណាស់! ​ទៅ​ណា​មក​ណា​ ប្រយ័ត្ន​មានរឿង​ដោយសារ​មាត់​!​ កុំ​និយាយ​រឿង​ខ្មោច​ព្រាយ​នៅ​ពេល​យប់ ពិសេស​នៅ​ជិត​ព្រៃ​ដូច្នេះ!»
នេះ​ជា​ពាក្យ​គាត់​ផ្តាំ​មក ហើយ​ខ្ញុំ​ក៏​សុំ​ផ្តាំ​អ្នក​អាន​ទំាំង​អស់​ផង​ដែរ…..
ចប់

ប្រភព៖ News.Sabay
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment