រៀនមេរៀនសំខាន់ៗទាំង៥ ជួយឲ្យលោកអ្នកអាចបើកអាជីវកម្មបាន ដោយផ្តើមចាប់ពីចំណុចសូន្យ!
ដើម្បីក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើន គឺជៀសមិនផុតពីការបង្កើតអាជីវកម្ម។ មានន័យថា បើចង់ក្លាយជាអ្នកមាន អ្នកមិនត្រូវស្ទាក់ស្ទើរក្នុងការបង្កើតអាជីវកម្មនោះឡើយ បើទោះបីជា អ្នកមិនទាន់មានដើមទុនគ្រប់គ្រាន់ក្តី។ ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ដែលជួយឲ្យអ្នកចាប់ផ្តើមបើកអាជីវកម្មពីចំណុចសូន្យ៖
១) ស្រាវជ្រាវទីផ្សារ
មុនពេលឈានជើងចូលក្នុងវិស័យជំនួញពិតប្រាកដ អ្នកត្រូវតែចំណាយពេលវេលាឲ្យបានច្រើនបំផុតលើការស្រាវជ្រាវផ្នែកទីផ្សារ ដើម្បីដឹងថា តើអ្វីជាតម្រូវការរបស់អតិថិជននៅលើទីផ្សារដើម្បីងាយស្រួលបំពេញ ឬ ឆ្លើយតបអ្វីដែលខ្វះខាត។ អ្នកអាចស្រាវជ្រាវដោយខ្លួនឯងក៏ដោយ តាមរយៈប្រព័ន្ធអ៊ីនធឺណិត និង ការចុះទៅតាមបណ្តាតំបន់មួយចំនួនតាមលទ្ធភាពដែលអាចធ្វើបាន។
២) បង្កើតផែនការហិរញ្ញវត្ថុច្បាស់លាស់
គ្មានអាជីវកម្មណាអាចដំណើរការទៅបានដោយគ្មាន លុយនោះទេ។ ប៉ុន្តែ មិនមែនមានន័យថា ទាល់តែមានលុយច្រើនទើបបើកអាជីវកម្មបានទេ។ ដូច្នេះហើយ មុននឹងបើកអាជីវកម្មត្រូវសួរខ្លួនឯងថា ត្រូវការប្រាក់ប៉ុន្មាន ហើយមានប្រភពមកពីណា។ មានន័យថា ត្រូវរៀបចំផែនការឲ្យបានច្បាស់ ដើម្បីធានាថា អាជីវកម្មរបស់អ្នកអាចបន្តដំណើរបានយ៉ាងរលូន។
៣) បង្កើតបណ្ដាញ
អ្នកមិនអាចដឹងព័ត៌មានសំខាន់ៗច្រើននោះទេ បើអ្នកមិនមានបណ្ដាញ។ បណ្ដាញពិតជាមានសំខាន់ក្នុងការចែករំលែកចំណេះដឹង និង ព័ត៌មានជាច្រើនដែលអ្នកត្រូវការ។ ដូច្នេះ អ្នកគួរចាប់ផ្តើមបង្កើតបណ្ដាញឲ្យបានច្រើនជាមួយនឹងមិត្តភក្ដិ ឬ ក្រុមអ្នកជំនួញណាមួយដែលអ្នកគិតថា ផ្តល់ប្រយោជន៍លើផ្នែកគំនិតនៃអាជីវកម្មរបស់អ្នក។
៤) ត្រូវមានការជឿជាក់ចំពោះខ្លួនឯង
បើទោះបីជាផែនការរបស់អ្នកល្អប៉ុណ្ណាក៏ដោយ ប៉ុន្តែបើអ្នកខ្វះការជឿជាក់លើខ្លួនឯងនោះ អ្នកមិនអាចឈានទៅដល់ការបើកអាជីវកម្មជាស្ថាពរនោះទេ។ ដូច្នេះហើយ បើទោះបីជាជួបឧបសគ្គអ្វីក៏ដោយ ត្រូវតែជឿជាក់ថា អ្នកអាចសម្រេចគោលដៅបាន។
៥) ចាប់ផ្តើមដំណើរការអាជីវកម្ម និង ព្យាយាមដោះស្រាយរាល់បញ្ហា បន្ទាប់ពីបានសិក្សា និង រៀបចំផែនការមួយចំនួនហើយ វាដល់ពេលដែលអ្នកត្រូវចាប់ផ្តើមដំណើរការអាជីវកម្មហើយ។ កុំស្ទាក់ស្ទើរតទៅទៀត ព្រោះថា បើអ្នកមិនហានប្រថុយទេអ្នកក៏គ្មានថ្ងៃអាចសម្រេចគោលដៅបានដោយងាយដែរ។ ក្នុងពេលដំណើរការនេះ អ្នកប្រាកដជាជួបបញ្ហាជាច្រើនមិនខាន ប៉ុន្តែត្រូវព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីដោះស្រាយ ព្រោះមិនថា ធ្វើអ្វីទេក៏ជួបបញ្ហាដែរ ពោលគឺជៀសមិនផុតទេ តែឲ្យតែមានការតស៊ូ ប្រាកដជាសម្រេចនៅពេលណាមួយ៕
0 comments:
Post a Comment