រឿងនិទានខ្មោច៖ស្រមោលនរណា??
កាលពីខ្ញុំរៀនឆ្នាំទី២ ខ្ញុំមានវិស្សមកាលតូចជាមួយមិត្តរបស់ខ្ញុំម្នាក់ ពួកយើងសំរេចថាទៅលេងនៅឯសមុទ្រម្តង ពួកយើងជិះឡានក្រុងទៅក្រុងព្រះសីហនុ រួចបង្ហូសទៅលេងនៅរាម ពួកយើងទៅដល់នៅម៉ោង៦ល្ងាច។ក្រោយពីកក់ផ្ទះសំណាក់រួចរាល់ ខ្ញុំនិងអាភាមិត្តខ្ញុំគិតថាទៅរកញ៉ាំអីបន្តិចសិនមុននឹងត្រលប់មកដេកវិញ គិតថាចាំស្អែកចាំដើរកំសាន្ត ព្រោះយើងបានទៅលេង២ ៣ថ្ងៃដែរ។
បន្ទាប់ពីញ៉ាំអាហាររួចរាល់ យើងក៏នាំគ្នាសំរាក យប់ដំបូងនោះមិនមានរឿងអ្វីកើតឡើងនោះទេ តែគ្រាន់តែមានក្លិនស្អុយតិចៗរសាត់មកពីណាក៏មិនដឹងដែលខ្ញុំគិតថាវាជាក្លិនកណ្តុរងាប់ ខ្ញុំក៏សួរអាភា វាក៏ថាស្អុយដូចខ្ញុំដែរ។យប់នោះដែរខ្ញុំមានអារម្មណ៍ថាត្រជាក់ៗយ៉ាងម៉េចមិនដឹង ដោយសារតែអស់កំលាំងពេកក៏នាំគ្នាដេកមិនដឹងខ្លួន។
យប់បន្ទាប់រឿងហេតុដែលគួរអោយខ្លាចបានកើតឡើង ម៉ោងប្រហែលជា១១យប់ ម្តុំផ្ទះសំណាក់នោះគឺស្ងាត់អោយជ្រាប ហើយសោយសារសង់ដាច់ពីគ្នាទើបកាន់តែស្ងាត់បែបនេះ។យប់នោះមិនដឹងជាហេតុអ្វីទើបខ្ញុំដេកមិនលក់ ដែលអាភាមិត្តខ្ញុំវាដេកលក់ដូចងាប់ទៅហើយ ខ្ញុំក៏ប្រែខ្លួនដើម្បីរកទឹកផឹក តែខ្ញុំក៏ក្រឡេកឃើញស្រមោលមនុស្សឈរនៅក្បែរបង្អួច ខ្ញុំភ្ញាក់ព្រើតខំញីភ្នែកខ្លាចមើលច្រលំ ក៏ស្រាប់តែបាត់ស្រមោលនោះមិនដឹងទៅណា ខ្ញុំគិតថាមកពីខ្ញុំចូលចិត្តមើលរឿងខ្មោចច្រើនពេកបានស្រម៉ៃបែបនេះ។ពេញមួយយប់នោះខ្ញុំឆ្ងល់ណាស់ ជួនកាលខ្ញុំលឺសំលេងច្រៀង ជួនលឺសំលេងយំមិនដឹងរសាត់មកពីណាទេ ជួនលឺសំលេងកាយអ្វីម៉្យាងតិចៗ ខ្ញុំខំសំងំដេកទាំងអារម្មណ៍ខ្លាច ដោយសារខ្ញុំជាមនុស្សខ្លាចខ្មោចស្រាប់ផង។
លុះយប់ចុងក្រោយជាយប់ដែលត្រូវត្រលប់ទៅភ្នំពេញវិញ ជាយប់ដែលខ្ញុំស្ទើរតែគាំងបេះដូង គឺនៅពេលមួយនោះ ខ្ញុំមិនចាំម៉ោងទេ ខ្ញុំចុកពោះណាស់ ខ្ញុំក៏ក្រោកទៅបន្ទប់ទឹក តែខ្ញុំស្រឡាំងនិងនារីម្នាក់ឈរនៅចុងគ្រែ តាមរយៈអំពូលភ្លើងតូចភ្លឺព្រឹមៗ នារីនោះមានស្នាមអាករហូរឈាមតាមករមិនឈប់ហើយគ្មានភ្នែកផង ខ្ញុំធំុក្លិនឈាមឆ្អាបឡើងឡប់ ខ្ញុំអាចមើលឃើញច្បាស់ណាស់ថា នាងមិនមែនជាមនុស្សទេនាងគឺជាខ្មោច ខ្ញុំស្រែកមួយទំហឹងផ្អើលអាភាខំស្ទុះងើប អ្នកស្នាក់នៅក៏នាំគ្នាមកមើល អាភាអង្រួញស្មាខ្ញុំ ថាមានរឿងអី ខ្ញុំថាខ្ញុំឃើញខ្មោចជា ខ្មោចស្រី អាភាលឺហើយវាក៏ខ្លាចពួកយើងក៏នាំគ្នាចេញមកក្រៅហើយប្រាប់អ្នកដទៃទៀតពីរឿងនោះ ខ្ញុំមិនហ៊ានទៅបន្ទប់នោះទៀតទេសូម្បីតែអីវ៉ាន់ក៏មិនហ៊ានចូលយកផង ណាមួយយប់ពេកមិនដឹងដេកទីណាក៏សុំអ្នកស្នាក់នៅជិតខាងដេក១យប់ហើយព្រឹកឡើងក៏អោយពូសន្តិសុខយកអីវ៉ាន់អោយពួកយើង ពូនោះគាត់ក៏បាននិយាយប្រាប់ថា កាលពី២ខែមុនមានឃាតកម្មនៅក្នុងបន្ទប់ដែលខ្ញុំស្នាក់នៅនោះ ដោយសពនារីនោះមានស្នាមអាករនឹងខ្វះភ្នែក. ម្ចាស់ផ្ទះសំណាក់បាននិមន្តលោកមកសូត្រមន្តរួចអស់ហើយ ស្មានថាព្រលឹងនាងទៅបាត់ហើយ មានអីនាងនៅតែវិលវល់ក្នុងបន្ទប់នោះដដែល ព្រោះនាងជាខ្មោចតៃហោងស្លាប់សាហាវពេក ម្ចាស់ផ្ទះសំណាក់ដូចជាមិនអើពើរឿងហ្នឹងសោះ ហើយក៏មិនមែនមានតែខ្ញុំដែរដែលត្រូវខ្មោចលង។២យប់ហើយដែលដេកជាមួយខ្មោច អូយនឹកឃើញពេលណាព្រឺក្បាលពេលនោះ.....។
0 comments:
Post a Comment