អតីតខ្សែប្រយុទ្ធមុតស្រួចរបស់បៀលប្រាយ ឈានជិតថ្ងៃចុះកុងត្រាជាមួយណាហ្គាវើល
ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ Richard Omokafe អតីតកីឡាករក្រុមបៀលប្រាយយូណាយធីត បានបង្ហើបប្រាប់ We Are Football ថាខ្លួនអាចនឹងចុះកុងត្រាជាមួយ ក្រុមជើងឯករងលីកកំពូលកម្ពុជារដូវកាល២០១៥ ណាហ្គាវើល នៅក្នុងពេលឆាប់ៗ ក្រោយធ្វើតេស្ដសមត្ថភាពនៅទីនោះអស់មួយរយៈមក។
កីឡាកររូបនេះមិនទាន់ច្បាស់ថាកិច្ចសន្យា នឹងត្រូវបានក្លិបព្រមព្រៀងប៉ុន្មានឆ្នាំនោះទេ។ ប៉ុន្តែបុរសសញ្ជាតិនីហ្សេរីយ៉ារូបនេះបានប្រាប់ថា៖ «ខ្ញុំមានអារម្មណ៍ថាពិតជាល្អពេលមកដល់ទីនេះ ហើយក៍ជាក្រុមដ៍ល្អមួយដែរ។តាមពិតទៅបៀលប្រាយយូណាយធីត ក៏ជាក្រុមល្អមួយដែរ ប៉ុន្តែខ្ញុំត្រូវស្វែងរកបទពិសោធន៍ថ្មីជាមួយបាល់ទាត់ ដែលវាអាចជួយអោយជីវិតមួយនេះផ្លាស់ប្តូរបាន»។
Richard បានចូលរួមធ្វើតេស្តជាមួយណាហ្គា តាំងពីលីកកំពូលកម្ពុជាបញ្ចប់មកម្ល៉េះ ដោយក្នុងនោះ រូបគេរកបាន១គ្រាប់ក្នុងពេលប្រកួតមិត្តភាព ពេលណាហ្គា ឈ្នះក្រុមក្រសួងការពារជាតិ២ទល់នឹង១។ ការចាកចេញរបស់រូបគេ ស្របពេលក្លិបចាស់របស់ខ្លួនបៀលប្រាយយូណាធីត សម្រេចផ្អាកលេងក្នុងលីក និង ពានរង្វាន់ Hun Sen Cup មួយរដូវកាលផងដែរ។
កាលពីរដូវកាល ២០១៥ កន្លងទៅ Richard គឺជាកីឡាករដែលរកគ្រាប់បាល់បានច្រើន ជាងគេប្រចាំក្រុមបៀលប្រាយ ក្រោយប្រកួត ២២ លើកទាត់បញ្ជូលទីបាន ១២ គ្រាប់ម្នាក់ឯង៕
0 comments:
Post a Comment