កំហុសគ្រប់គ្រងលុយកាក់ ៣យ៉ាង ធ្វើឲ្យលោកអ្នកដកខ្លួនមិនរួចពីភាពក្រីក្រ
ជារៀងរាល់ថ្ងៃ មានមនុស្សមិនតិចទេដែលខិតខំរកស៊ី និង ធ្វើការយ៉ាងខ្លាំងដើម្បីធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួនប្រសើរជាងមុន ឬ បើអាចក្លាយជាអ្នកមានកាន់តែល្អ។ យ៉ាងណាក៏ដោយ អ្នកខ្លះបើទោះបីជា ខិតខំធ្វើការ និង រកស៊ីប៉ុណ្ណាក៏ដោយ ក៏ប៉ុន្តែមិនអាចមានជីវភាពប្រសើរ ឬ សល់លុយកាក់ច្រើននោះដែរ។ មូលហេតុសំខាន់ គឺដោយសារតែ បុគ្គលទាំងនោះមានកំហុសឆ្គង់មួយចំនួនលើការគ្រប់គ្រងរឿងលុយកាក់។
ខាងក្រោមនេះគឺជា កំហុសឆ្គង់ចំនួន៣យ៉ាងពាក់ព័ន្ធនឹងបញ្ហាគ្រប់គ្រងលុយកាក់ដែលលោកអ្នកត្រូវតែកែតម្រូវ៖
១) លង់ខ្លួននឹងបញ្ហាបំណុល
ការជំពាក់បំណុលគឺជារឿងជៀសមិនផុតនៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សទូទៅ គ្រាន់តែតិចហើយ និង ច្រើនប៉ុណ្ណោះ។ អ្នកខ្លះខ្ចីបំណុលគេ ដើម្បីពង្រឹងជីវភាពរបស់ខ្លួន ដោយសារតែមានផែនការច្បាស់លាស់ក្នុងការ ធ្វើអាជីវកម្ម ឬ ការងារផ្សេងៗ។ ប៉ុន្តែអ្នកខ្លះទៀត ត្រូវជំពាក់គេវ័ណ្ឌក ធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ៗឡើង រហូតដល់ដោះស្រាយមិនចេញ។ ដើម្បីជៀសវាងបញ្ហានេះ អ្នកគួរគិតគូរឲ្យបានច្បាស់ អំពីបញ្ហាបំណុល ពោលគឺត្រូវតែមានផែនការច្បាស់លាស់នៅ ពេលខ្ចីបុលលុយពីខាងណាមួយ ដើម្បីឲ្យប្រាកដថា វាផ្តល់ភាពវិជ្ជមាន។ ដូច្នេះ សូមកុំបណ្តោយខ្លួនឲ្យលង់ជ្រៅនឹងបញ្ហាបំណុលឲ្យសោះ។
២) សប្បាយក្នុងការចាយលុយ
មនុស្សភាគច្រើន តែងចូលចិត្តចាយវាយលុយយ៉ាងខ្លាំង លើសម្ភារៈប្រើប្រាស់ផ្សេងៗ។ សម្រាប់អ្នកដែលមានចំណូលខ្ពស់នោះ ប្រហែលជាមិនសូវមានបញ្ហាខ្លាំងនោះទេ ប៉ុន្តែចំពោះមនុស្សមួយចំនួនដែលគ្មានប្រភពចំណូលច្បាស់លាស់ ហើយចំណូលនោះមានកម្រិតទាបទៀតនោះ ប្រាកដណាស់ថា បញ្ហាធ្ងន់ធ្ងរប្រាកដជាកើតឡើងមិនខាន។ ការចំណាយច្រើន ហើយគ្មានគោលដៅច្បាស់លាស់ វាធ្វើឲ្យខាតបង់លុយកាក់ច្រើន ហើយមិនសូវមានប្រយោជន៍ឡើយ។ ដូច្នេះហើយ គួរកាត់បន្ថយទម្លាប់ចាយវាយខ្ជះខ្ជាយទាំងនោះចោល ហើយត្រូវចំណាយលើអ្វីដែលចាំបាច់ក្នុងការរស់នៅជាក់ស្តែង ព្រោះនៅលើទីផ្សារមានទំនិញជាច្រើន។
៣) គ្មានផែនការច្បាស់លាស់ក្នុងការសន្សំ
បើទោះបីជា អ្នកមានចំណូលច្រើនក៏ដោយ អ្នកនៅតែមិនអាចសល់លុយច្រើននោះឡើយ ប្រសិនបើគ្មានផែនការក្នុងការសន្សំច្បាស់លាស់ទេ។ ដោយសារតែគ្មានផែនការសន្សំប្រាក់បែបនេះហើយ បានជាមនុស្សជាច្រើន គ្មានសល់ប្រាក់ដើម្បីដោះស្រាយបញ្ហាដែលចាំបាច់នៅចំពោះមុខ។ ដូច្នេះហើយ អ្នកគួរតែគិតឲ្យបានច្បាស់ថា គួរសន្សំប្រាក់ប៉ុន្មានភាគរយលើប្រាក់ចំណូលរបស់ខ្លួន ដើម្បីត្រៀមទុកក្នុងការដោះស្រាយលើអ្វីដែលចាំបាច់៕
ប្រភព៖ Thebnews
0 comments:
Post a Comment