មហាសេដ្ឋី និងអ្នកមាន ចូលចិត្តធ្វើអ្វីខ្លះនៅថ្ងៃចុងសប្ដាហ៍?
ប្រិយមិត្តច្បាស់ជាឆ្ងល់ហើយថា ហេតុអ្វីបានជាមនុស្សមួយចំនួនអាចក្លាយជាមហាសេដ្ឋីបាន? តើមហាសេដ្ឋីទាំងនោះបានធ្វើអ្វីខ្លះ? មានចម្លើយល្អៗជាច្រើនដែលលោកអ្នកដឹង ហើយអាចនឹងដឹងច្រើនទៀតផង ប៉ុន្តែជោគជ័យឬ មិនជោគជ័យគឺវាអាស្រ័យទៅនឹងការអនុវត្តរបស់លោកអ្នក។ ប៉ុន្តែ អ្វីដែលសំខាន់សម្រាប់ចែករំលែកដល់មិត្តអ្នកអាននៅពេលនេះ គឺការស្វែងយល់ពីសកម្មភាពមួយចំនួនរបស់មហាសេដ្ឋីនៅថ្ងៃចុងសបា្តហ៍វិញដែលមានដូចខាងក្រោមនេះ៖
១) ជួបជុំគ្រួសារ ឬ មិត្តភ័ក្ដិ
ថ្វីត្បិតតែកិច្ចការមុខជំនួញ ឬ ការងាររបស់មហាសេដ្ឋីទូទៅមានភាពមមាញឹកខ្លាំងយ៉ាងណាក៏ដោយ ក៏ពួកគេមិនភ្លេចដែរពីការចំណាយពេលវេលានៅថ្ងៃចុងសបា្តហ៍សម្រាប់ជួបជុំគ្រួសារ ឬ មិត្តភ័ក្ដិជិតស្និទ្ធ ជាដើម។ Martha Stewart ដែលជាស្ត្រីអ្នកជំនួញអាមេរិកបានលើកឡើងថា ការងារពិតជាកិច្ចការសំខាន់ក្នុងជីវិតរបស់អ្នកស្ត្រី។
«ប៉ុន្តែនេះមិនប្រាកដថា អាចធ្វើឲ្យជីវិតរបស់ខ្ញុំរីករាយទាំងស្រុងនោះដែរ ពោលគឺការចែករំលែកពេលវេលាជួបជុំក្រុមគ្រួសារ ឬ មិត្តភក្ដិ នឹងធ្វើឲ្យជីវិតខ្ញុំមានន័យជានិច្ច»។ នេះជាអះអាងរបស់សេដ្ឋីនីមានប្រាក់ ៩៧០លានដុល្លារខាងលើ។
២) ហាត់ប្រាណ
ការហាត់ប្រាណបានក្លាយជាទម្លាប់ទូទៅមួយរបស់ក្រុមមហាសេដ្ឋី និងក្រុមអ្នកមាន ដើម្បីកាត់បន្ថយស្រ្តេស និង ជួយបង្កើនបញ្ញាស្មារតីរបស់ពួកគេបន្ទាប់ពីបំពេញការងារយ៉ាងនឿយហត់ក្នុងមួយសបា្តហ៍។ ជាឧទាហរណ៍ លោក T.Boone Pickens អ្នកជំនួញ និង មហាសេដ្ឋីអាមេរិក បានមានប្រសាសន៍ថា ការហាត់ប្រាណដូចជាលេងកីឡា វាយកូនហ្គោល ជាទម្លាប់មួយដ៏ល្អរបស់លោកនៅថ្ងៃចុងសប្ដាហ៍នូវអ្វីដែលលោកយល់ថា នឹងធ្វើឲ្យសុខភាពរបស់លោករឹងមាំ មានទំនុកចិត្ត និង អាចប្រឆាំងទៅនឹងអាការៈអស់កម្លាំងជាដើម។ មហាសេដ្ឋីមានប្រាក់ជិត ១ពាន់លានដុល្លាររូបនេះបានបន្ថែមថា មនុស្សគ្រប់គ្នាត្រូវស្វែងយល់បញ្ហានេះ ព្រោះថាសុខភាពគឺមានតម្លៃជាងមាសប្រាក់ទៅទៀត។
៣) ដំណើរកម្សាន្ត ឬ វិស្សមកាល
ដំណើរកម្សាន្ត ឬ វិស្សមកាល គឺជាសកម្មភាពមួយដែលមហាសេដ្ឋីទូទៅមិនអាចមើលរំលងនោះឡើយ។ ជាក់ស្តែងលោក Mark Zuckerberg ប្រធានក្រុមហ៊ុន Facebook ជានិច្ចជាកាលបានបង្ហាញវត្តមានរបស់លោកឲ្យសាធារណជននានាបានឃើញជាមួយនឹងភរិយានៅឆ្នេរសមុទ្រ និង តាមរមណីយដ្ឋាននានា។ ទោះបីជាការងាររបស់លោកមានភាពមមាញឹកយ៉ាងណាក៏ដោយ លោកមិនអាចភ្លេចចំណាយពេលវេលាលំហែកាយជាមួយភរិយានោះដែរ។
៤) ផ្អាកការទំនាក់ទំនង
ចូលមកដល់ចំណុចនេះ ប្រិយមិត្តហាក់មានការភ្ញាក់ផ្អើល ត្បិតអីការទំនាក់ទំនងរបស់មនុស្សពិតជាមានសារសំខាន់ណាស់នៅយុគសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ ទេ! មិនមែនដូច្នេះនោះឡើយ។ តាមការពិត អ្នកមាន ឬ មហាសេដ្ឋីជាទូទៅមានដៃគូទំនាក់ទំនងច្រើនណាស់ ហើយវាពិតជាសកម្មភាពមួយមិនអាចខ្វះបានក្នុងការងារប្រចាំថ្ងៃរបស់ពួកគេមែន។ ប៉ុន្តែ មហាសេដ្ឋីទាំងនោះក៏មានរបៀបបែងចែកពេលវេលាដែរថា នៅថ្ងៃចុងសបា្តហ៍ ការប្រើប្រាស់ទូរស័ព្ទ អ៊ីមែល អ៊ីនធឺណិត។ល។ត្រូវដាក់កំហិតក្នុងកម្រិតណា។
Laura Vanderkam ជាអ្នកនិពន្ធ និងជាវាគ្មិនលើកទឹកចិត្តដ៏ល្បីមួយរួបរបស់អាមេរិកធ្លាប់យកបទពិសោធន៍ផ្ទាល់ខ្លួនមកនិយាយថា នៅថ្ងៃអាទិត្យចុងសបា្តហ៍ភាគច្រើនអ្នកស្រីបានបិទទូរស័ព្ទចោលរហូតដល់ពេលយប់ទើបបើកទូរស័ព្ទវិញ។ ធ្វើដូចនេះ ជួយឲ្យលោកស្រីមានអារម្មណ៍ថា អាចដកខ្លួនពីពិភពលោកខាងក្រៅបន្តិចសិន ដើម្បីមកគិតគូរ និង កែលំអខ្លួនឯងវិញឲ្យបានច្រើន។
៥) ធ្វើការងារសប្បុរសធម៌
ការងារសប្បុរសធម៌ ដូចជា ការចែករំលែកចំណេះដឹង បង្រៀន ឬ បរិច្ចាគប្រាក់ដល់ជនក្រីក្រគឺជាទម្លាប់ពេញនិយមមួយទៀតរបស់ក្រុមមហាសេដ្ឋី។ លោកប៊ីលហ្គែតមហាសេដ្ឋីអាមេរិក លោក Li Ka-Shing មហាសេដ្ឋីចិនសុទ្ធតែមានមូលនិធិរបស់ខ្លួនសម្រាប់សកម្មភាពមនុស្សធម៌នៅទូទាំងពិភពលោក។
មហាសេដ្ឋីកំពូលៗ ទាំងនេះ បានចំណាយប្រាក់ជាកម្លាំងញើសឈាមរបស់ខ្លួនរាប់លានដុល្លារក្នុងមួយឆ្នាំៗដើម្បីលើកកម្ពស់កម្មវិធីសុខភាព អប់រំ ឬ ជំនួយសង្គ្រោះបន្ទាន់ផ្សេងៗទៀត។ បុគ្គលជោគជ័យ ក៏គេឃើញមានទម្លាប់ដូចនេះដែរ ដែលនេះមិនត្រូវតែធ្វើឲ្យពួកគេសប្បាយចិត្តប៉ុណ្ណោះទេ ថែមទាំងជួយកសាងកិត្យានុភាពរបស់ខ្លួនឲ្យមានតម្លៃសម្រាប់សាធារណជនទៀតផង។
៦) ពង្រីកបណ្ដាញទំនាក់ទំនង
ទោះបីជាសកម្មភាពមួយចំនួនប្រចាំថ្ងៃត្រូវបានផ្អាកនៅថ្ងៃចុងសប្ដាហ៍ក៏ពិតមែន ប៉ុន្តែការកសាងពង្រីកបណ្ដាញទំនាក់ទំនងទៅមនុស្សថ្មីៗ គឺជាទម្លាប់ទូទៅមួយរបស់ក្រុមមហាសេដ្ឋីដែលជានិច្ចកាលមិនមើលរំលងនោះឡើយ។ មិនថា ពួកគេនៅកន្លែងណា ពេលណានោះទេ ថ្ងៃចុងសបា្តហ៍នេះ ពួកគេត្រូវតែកំណត់ថា ទំនាក់ទំនងរបស់ពួកគេកាន់តែធំជាងមុន ស្គាល់មនុស្សថ្មីៗកាន់តែច្រើនជាងមុន ដែលនេះហើយជាគ្រឹះធ្វើឲ្យឱកាសការងារ ឬ អាជីវកម្មរបស់ពួកគេកាន់តែប្រសើរតាមនេះដែរ។
៧) ត្រួតពិនិត្យមើលសមិទ្ធផលរបស់ខ្លួន
ថ្ងៃចុងសបា្តហ៍ប្រៀបដូចជាថ្ងៃពិសេសរបស់មហាសេដ្ឋីជាច្រើនដែរ ដើម្បីតាមដានមើល៍ថា តើខ្លួនបានធ្វើអ្វីខ្លះនៅក្នុងសបា្តហ៍នេះ? ទទួលបានលទ្ធផលក្នុងកម្រិតណា? បានសម្រេចផែនការអ្វីខ្លះហើយ? នេះជាកិច្ចការដែលពួកគេត្រូវវាយតម្លៃ ស្វែងរកប្រសិទ្ធភាពមួយកាន់តែប្រសើរជាងមុនជាមួយនឹងមហិច្ឆតារបស់ខ្លួនដើម្បីអនុវត្តនៅសប្ដាហ៍បន្ទាប់។
បុគ្គលិកក្រុមហ៊ុន Google អាចដឹងថា ប្រធានក្រុមហ៊ុនរបស់ខ្លួនលោក Larry Page ចូលចិត្តធ្វើខ្លះនៅថ្ងៃចុងសបា្តហ៍នេះ។ ពោលគឺការត្រួតពិនិត្យរំលឹកឡើងវិញពីសមិទ្ធផលប្រចាំសបា្តហ៍ និង កិច្ចការជាច្រើនដែលលោកត្រូវធ្វើប្រចាំថ្ងៃនេះឯង ត្បិតអីលោកគឺជាមហាសេដ្ឋីដ៏សកម្មបំផុតម្នាក់ផងដែរ។
៨) រៀបចំគម្រោង
បន្ទាប់ពីជួបជុំគ្រួសារ ដំណើរកម្សាន្ត ហាត់កីឡា ឬ ហាត់ប្រាណ គម្រោងដ៏ច្បាស់លាស់មួយសម្រាប់សបា្តហ៍ថ្មីរបស់មហាសេដ្ឋី គឺជាទម្លាប់រៀបចំផែនការឲ្យរួចរាល់មុនពេលព្រឹកស្អែកមកដល់។ ថ្ងៃដំបូងនៃសបា្តហ៍ពិតជាសំបូរការងារច្រើនណាស់សម្រាប់ដាក់ឲ្យបុគ្គលិករបស់ខ្លួនធ្វើ ដើម្បីធានាថា គម្រោងទាំងនោះនឹងជោគជ័យបានផែនការដែលបានកំណត់៕
ចុះប្រិយមិត្តវិញមានទម្លាប់អ្វីខុសពីមហាសេដ្ឋីខាងលើដែរឬ ទេនៅរៀងរាល់ចុងសបា្តហ៍?
ប្រភព៖Thebnews
0 comments:
Post a Comment