រឿងនិទានខ្មោចៈ ស្វាមីអនាគត
ល្បែងទាយមុខគូអនាគត បានក្លាយជាល្បែងដ៏ពេញនិយមនៅប្រទេសជប៉ុន ពិសេសគឺយុវតី។ គេហៅល្បែងនោះថា «គូអនាគត»។ យោងតាមព័ត៌មានជាច្រើនដែលធ្លាប់ចុះផ្សាយ, បើអ្នកលេងល្បែងនោះ, អ្នកនឹងឃើញមុខគូអនាគតដែលអ្នកនឹងរៀបការជាមួយ។
គេបានឱ្យដឹងថាល្បែងនោះត្រូវលេងតែម្នាក់ឯង បិទភ្លើងឱ្យអស់ ហើយទៅក្បែរបង្អួចដើម្បីទទួលពន្លឺពីព្រះចន្ទ្រា។ អ្នកត្រូវបៀមឡាមនឹងបបេមាត់នៅពាក់កណ្ដាលយប់ ហើយមើលទៅក្នុងចានមួយដែលដាក់ទឹកពេញ, អ្នកនឹងឃើញមុខអនាគតប្ដី ឬប្រពន្ធរបស់អ្នកចេញក្នុងចានទឹកនោះ។
(បម្រាម : ហាមលេងល្បែងនេះជាដាច់ខាត។ វាគ្រោះថ្នាក់ណាស់។ អ្នកអាចរយះមាត់ដល់គុម្ពត្រចៀកដោយមុតនឹងឡាម។)
ក្មេងស្រីវិទ្យាល័យម្នាក់បានលឺគេនិយាយតៗគ្នាពីល្បែងទាយគូអនាគតនេះ ហើយនាងសម្រេចធ្វើវា។ នាងមិនដែលមានសង្សារទេហើយព្រួយខ្លាចគ្មានគូរនឹងគេ។ នាងធ្លាប់សុបិនអាក្រក់ថានាងគ្មានថ្ងៃបានរៀបការនឹងគេទេ។ វិបត្តិស្នេហ៍នេះបានរុញច្រានចិត្តនាងឱ្យចង់ឃើញមុខអនាគតស្វាមី។
យប់មួយម្ដាយឪពុកនាងទៅក្រៅអស់ នាងបានយកឡាមមួយរបស់ឪពុកនាងពីបន្ទប់ទឹកគាត់។ បន្ទាប់មកនាងយកចានមួយពីផ្ទះបាយហើយដាក់ទឹកចូលពេញនោះ។ ចុងក្រោយបង្អស់, នាងបិទភ្លើងទាំងអស់, បើកបង្អួចហើយរង់ចាំដល់យប់ពាក់កណ្ដាលអាធ្រាត។ នាងដាក់ឡាមលើបបូរមាត់ ហើយបៀមវាដោយប្រុងប្រយ័ត្ន ហើយអើតមើលក្នុងចានទឹក។
នៅក្នុងទឹក, នាងឃើញមុខបុរសម្នាក់សម្លឹងមករកនាង។
ក្មេងស្រីនោះភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយចាប់ផ្ដើមស្រែក។ ភ្លាមនោះ, ឡាមបានធ្លាក់ពីមាត់នាងចូលក្នុងចានទឹក។ ទឹកចេញពណ៌ឡើងដូចឈាម។ នាងភ័យណាស់ហើយស្រែកខ្លាំងៗ។
មួយសន្ទុះក្រោយមក, ពេលនាងមើលទៅក្នុងចានទឹកម្ដងទៀត, ទឹកបានក្លាយជាថ្លាវិញហើយឡាមនៅបាតចាន។ នាងឆ្ងល់យ៉ាងខ្លាំង។ តើនាងច្រលំឬយ៉ាងម៉េច? តើភ្នែកនាងព្រឹល ឬក៏គ្រាន់តែពន្លឺព្រះចន្ទជះចូលមកទេ? នាងសម្រេចថាឈប់ខ្វល់ហើយទៅគេង។
ច្រើនឆ្នាំកន្លង ក្មេងស្រីនោះធំពេញវ័យ។ នាងរៀនបន្តនៅសកលវិទ្យាល័យហើយក៏រកការងារធ្វើដែរ។ នាងក៏បានណាត់ជួបប្រុសម្នាក់ដែលស្គាល់តាមFacebookផងដែរ។ គាត់គឺជាមិត្តប្រុសដំបូងបំផុតក្នុងឆាកជីវិត ហើយគាត់ជាសុភាពបុរសហើយវាដូចជាអ្វីដែលនាងប្រាថ្នាចង់បាន។ គាត់រួសរាយ ហើយលេងសើចទៀត ហើយរកលុយបានច្រើនទៀតផង។
តែ, រឿងមួយវាចំលែកណាស់។ គាត់តែងតែបិទបាំងមុខរបស់គាត់ជាមួយម៉ាសបិទមុខ។ នៅជប៉ុន, វាមិនមានរឿងអីប្លែកទេដែលអ្នកខ្លះពាក់ម៉ាសបែបហ្នឹង ព្រោះខ្លាចឆ្លងផ្ដាសាយ។ ពេលពួកគេទាំងពីរជួបគ្នាជាលើកដំបូង, បុរសនោះប្រាប់នាងថាគាត់ផ្ដាសាយ ហើយមិនចង់ចម្លងវាឱ្យនាងទេ។ ពេលនោះនាងព្រមទទួលហេតុផលនេះ តែ, ច្រើនខែកន្លងមកហើយ គាត់នៅតែពាក់ម៉ាសមុខដដែល។
រាល់ពេលដែលពួកគេណាត់ជួបគ្នា, បុរសនោះតែងពាក់ម៉ាសមុខមិនដែលខាន។ បើនាងសុំឱ្យគាត់ដោះវាចេញ, គាត់នឹងបដិសេធដោយមួរមៅ។ ដោយសារតែមូលហេតុដ៏ចំលែកនេះទើបស្ត្រីនោះស្រលាញ់បុរសនេះកាន់តែខ្លាំង។ ទីបំផុត, គាត់បានសុំនាងរៀបការ។
ស្ត្រីនោះចាប់ផ្ដើមគិត។ តើនាងអាចរៀបការជាមួយបុរសដែលមិនដែលឃើញមុខយ៉ាងម៉េចទៅ? ប្ដីប្រពន្ធមិនត្រូវមានអាថ៌កំបាំងនឹងគ្នាទេ។ តើគាត់ប្រុងលាក់មុខដល់ពេលណាទៀត? នាងសម្រេចចិត្តហើយថាទោះជាមុខមាត់បុរសនោះយ៉ាងណាក៏មិនអាចបង្វែរចិត្តនាងឱ្យឈប់ស្រលាញ់បុរសនោះបានទេ។
យប់មួយ, នាងជួបបុរសនោះនៅខាងក្រៅហើយប្រាប់គាត់ថានាងនឹងរៀបការជាមួយគាត់ប្រសិនបើគាត់ទុកចិត្តបើកមុខឱ្យនាងមើល។ នាងសុំគាត់ដោះម៉ាសមុខចេញ។ ដំបូង, បុរសនោះបដិសេធ តែដោយនាងទទូចខ្លាំងពេក, គាត់ក៏ព្រម។
គាត់បែរខ្នងចេញហើយដោះម៉ាសយឺតៗ។ បន្ទាប់មក, គាត់ងាកមកស្ត្រីនោះ។ ដំបៅនោះមុតជ្រៅណាស់មើលទៅដូចត្រូវគេកាប់នឹងកាំបិតប៉ាំងតោចឹង។ គ្រាន់តែឃើញ ឈឺចាប់ជំនួស។
មុខគាត់គឺគួរឱ្យខ្លាចណាស់ មានដំបៅសំឡាកពីភ្នែកដល់មាត់ ហើយដល់ចង្ការទៀតផង។
«មុខបងកើតអី?» នាងសួរដោយញ័រ។ «មានរឿងអីកើតឡើង?»
បុរសនោះចងចិញ្ចើមយ៉ាងកំណាច។ មុខគាត់ដូចខឹងខ្លាំងណាស់។
«អូនជាអ្នកធ្វើវា,» គាត់គំហ៊ក។ «កាលពីមុនអូនបានទម្លាក់ឡាមដាក់មុខបង!»៕
ចប់

0 comments:
Post a Comment