ក្រុម Cambodian All Stars ប៉ះ Buriram United ម៉ោង៦:៣០នាទីល្ងាចនេះ
ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិរវាងក្រុម Cambodia All Stars និងក្រុមម្ចាស់ជើងឯកនៃលីគកំពូលថៃ Buriram United នឹងចាប់ផ្ដើមនៅម៉ោង៦:៣០នាទៅល្ងាចថ្ងៃនេះហើយនៅពហុកីឡដ្ឋានជាតិ។ ចាំមើលក្រុមកម្ពុជាដែលទើបតែយកឈ្នះក្រុម Muangthong United នៅសប្ដាហ៍មុន អាចបង្កព្យុះភ្លៀងទៀតបានអត់ពេលប៉ះ Buriram ?
អ្វីដែលត្រូវដឹង
ក្រុមដែលប្រកួតតំណាងឲ្យកម្ពុជា Cambodian All Stars បានប្រមូលផ្ដុំគ្នាហ្វឹកហាត់កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិ។ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ក្រុមមួយនេះបានយកឈ្នះក្រុម SCG Muangthong United ៤-៣នៅពហុកីឡដ្ឋានជាតិ។
ដោយឡែកសម្រាប់ក្រុមម្ចាស់ជើងឯកនៃលីគកំពូលរបស់ថៃ Buriram United វិញ មិនទាន់ស្គាល់ពាក្យថា ចាញ់មួយប្រកួតឡើយ ក្នុងការប្រកួតសន្សំពិន្ទុក្នុងលីគកំពូលរបស់គេនាឆ្នាំ២០១៥ កន្លងទៅពោលគឺក្នុងចំណោម៣៤ ប្រកួតឈ្នះ២៥ និងស្មើ៩ ដងយកបាន ៨៤ពិន្ទុ។ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ ក្រុមនេះបានយកឈ្នះ Muang Thong United ៣-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រលើកពានលីគ Cup 2015 របស់ប្រទេសថៃទៀតផង។ ក្រុមមួយនេះ ក៏ធ្លាប់យកឈ្នះក្រុមបឹងកេតអង្គរ ១-០ នៅទឹកដីថៃ លើកពាន Toyota Mekong Cup 2015 កាលពីខែធ្នូឆ្នាំមុនផងដែរ។
ជើងកីឡាករ
លោក ប្រាក់ សុវណ្ណារ៉ា បានហៅកម្លាំងបន្ថែមពីខាងក្រុមជម្រើសជាតិបទៀត ដើម្បីឱ្យកាន់តែខ្លាំងជាងមុន ពោលគឺពួកគេបានហ្វឹកហាត់ជាមួយគ្នាអស់រយៈពេលប៉ុន្មានសប្ដាហ៍មកហើយ។ កីឡាករ ធារី ចន្ថាប៊ីន បាននិយាយមុនប្រកួតនេះថា៖ “យើងបានហ្វឹកហាត់ជាមួយគ្នាជិត៣សប្ដាហ៍មកហើយ។ យើងមានអារម្មណ៍ល្អ ពេលបានលេងជាមួយក្រុម Buriram ។ យើងនឹងប្រឹង ១០០% ដើម្បីយកជ័យជម្នះ”។
ក្រុម Buriram United បានបញ្ជាក់ថា ពួកគេនឹងប្រើកីឡាករជម្រើសដំបូងរបស់គេ ដោយមិនទុកជើងនោះទេ។ ក្រុមថៃមួយនេះ នឹងដាក់កីឡាករដែលទើបតែទិញឱ្យចូលលេងផងដែរ ហើយពួកគេនឹងព្យាយាមឱ្យអស់ពីសមត្ថភាព។
សម្ដីគ្រូបង្វឹក
លោក ប្រាក់ សុវណ្ណារ៉ា បាននិយាយថា៖ “ប៉ះ Buriram លើកមុនគឺខុសពីលើកនេះ។ ពួកគេមានកីឡាករថ្មី បរទេសច្រើន ដែលអាចនឹងពង្រឹងសមត្ថភាពក្រុមកាន់តែខ្លាំង។ តែខាងយើងក៏មិនអន់ដែរ យើងបានថែមកម្លាំងច្រើន ហើយសង្ឃឹមថាធ្វើបានល្អនៅពេលប្រកួត”។
ចំណែកឯលោក Tadtheap Pitakpunsin អគ្គនាយករបស់ក្រុម Buriram United បាននិយាយដែរថា៖ “ប្រាក់ សុវណ្ណារ៉ា ជាគ្រូបង្វឹកល្អម្នាក់ យើងបានស្គាល់គាត់ម្ដងមកហើយនៅប្រទេសថៃ។ តែខ្ញុំសូមបញ្ជាក់ថា យើងមិនយកឈ្មោះប្រទេសថៃមក ចោលនៅកម្ពុជានោះទេ យើងត្រូវការឈ្នះត្រលប់ទៅវិញ”។
ជំនួបមិត្តភាពរវាងក្រុមទាំងពីរនេះធ្វើឡើង ដើម្បីប្រមូលថវិកាដែលបានពីការលក់សំបុត្រយកទៅប្រគល់ជួនមន្ទីរពេទ្យគន្ធបុប្ផា ដោយសំបុត្រមានលក់តម្លៃ ២ដុល្លារនិង១ដុល្លារ៕
0 comments:
Post a Comment