ព្រឹត្តិការណ៍អន្តរជាតិសំខាន់ដែលកើតឡើងប្រចាំថ្ងៃនៅជុំវិញពិភពលោកសម្រាប់ថ្ងៃ ២២ មករា
១) អង្គភាពទ័ពជើងទឹកអាមេរិកនិយាយថា ទាហានជើងទឹកអាមេរិក ១២ រូបដែលស្ថិតនៅលើឧទ្ធម្ភាគចក្រ ២ គ្រឿងធ្លាក់កោះហាវៃ ត្រូវប្រកាសថាបាត់បង់ជីវិតទាំងអស់ ដោយយោធាជើងទឹកអាមេរិកទាំង១២ រូបនោះមកពីរដ្ឋផ្សេងៗគ្នា និង មានអាយុចន្លោះពី ២១ ដល់ ៤១ ឆ្នាំ។
២) ខណៈពេលដែលពិភពលោកកំពុងផ្តោតយកចិត្តទុកដាក់លើប្រទេស អ៊ីរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត និង ស៊ីរី ក្រុមរដ្ឋឥស្លាម ISIS បាននឹងកំពុងពង្រីកដែនដីរបស់ខ្លួនចូលទៅក្នុងប្រទេស លីប៊ី ដែលបានធ្វើឲ្យអ្នកវិភាគកំពុងមានការព្រួយបារម្ភថា នេះជាចំណុចស្មុគស្មាញមួយទៀត សម្រាប់អឺរ៉ុបទៅថ្ងៃមុខ។
៣) យ៉ាងហោចណាស់មនុស្ស ១៧ នាក់បានបាត់បង់ជីវិត នៅពេលដែលខ្មាន់កាំភ្លើង ឥស្លាមបានបើកការបាញ់ប្រហារមួយនៅលើឆ្នេរសមុទ្រ មុខភោជនីយដ្ឋានមួយកន្លែងកណ្តាលរដ្ឋធានីប្រទេសសូម៉ាលី នៅរសៀលថ្ងៃសុក្រនេះ។
៤) ប្រធានាធិបតីអាមេរិក លោក Barack Obama និងអធិការបតីប្រទេសអាល្លឺម៉ង់ លោកស្រី Angela Merkel បានពិភាក្សាគ្នារឿងវិបត្តិជនភៀសខ្លួននៅអឺរ៉ុប តាមរយៈខ្សែទូរស័ព្ទដោយលោក Obama បានប្រាប់លោកស្រី Merkel ថាលោកមានគម្រោងចង់បើកកិច្ចប្រជុំកំពូលមួយនៅខែកញ្ញាខាងមុខ ដើម្បីចូលរួមដោះស្រាយវិបត្តិជនភៀសខ្លួននៅអឺរ៉ុប។
៥) ក្រុមហ៊ុនGoogle កាលពីឆ្នាំ ២០១៤ សុខចិត្តចំណាយឲ្យក្រុមហ៊ុន Apple នូវទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារ ដើម្បីធ្វើឲ្យកម្មវិធី Search Engine របស់ខ្លួនក្លាយជាកម្មវិធីទីមួយ(Default)លើទូរស័ព្ទ iPhone។
៦) ប៉ូលិស ឥណ្ឌូណេស៊ី បានធ្វើការបំផ្លាញគម្រោងវាយប្រហារចំនួន ៣ កន្លែងផ្សេងគ្នាពោលគឺមួយថ្ងៃក្រោយពីមានការវាយប្រហារដោយគ្រាប់បែកនៅកណ្ដាលក្រុងហ្សាកាតា ដែលធ្វើឲ្យមនុស្ស ៨ នាក់ស្លាប់និងច្រើនជាង ១២ នាក់រងរបួសកាលពី ២ សប្ដាហ៍រួចមក។
ប្រភព៖ Thebnews
0 comments:
Post a Comment