ដំណឹងល្អ៖ កូនខ្មែរម្នាក់ធ្លាប់លេងនៅលីកកំពូលអាមេរិកក្នុងចូលរួមជាមួយក្រុម Cambodian All Stars
លេចឮដំណឹងក្រៅផ្លូវការមួយថា កីឡាករកូនកាត់ខ្មែរ-អាម៉េរិកាំងម្នាក់គឺកីឡាករ Davy Armstrong ដែលធ្លាប់ប្រកបអាជីពនៅលីកកំពូលរបស់សហរដ្ឋអាមេរិកក្នុងក្លិប Colorado Rapids ស្ថិតក្នុងលីកកំពូលរបស់អាមេរិក (Major League Soccer) នឹងធ្វើដំណើរមកចូលរួមជាមួយក្នុងក្រុម Cambodian All Stars នៅសប្ដាហ៍ក្រោយ។
ប្រភពដែលជាភ្នាក់ងារដោះដូរកីឡាករអន្តរជាតិម្នាក់បានឱ្យដឹងថា៖ «ពិតជារឿងអស្ចារ្យមួយនៅពេលដែលយើងបានឃើញ Davy ចាប់ដៃគូជាមួយកីឡាករកំពូលនៅក្នុងលីកកំពូលកម្ពុជា ដូចជា ចាន់ វឌ្ឍនាកា និងធារី ចន្ថាប៊ីន ជាដើម»។ ជនជាតិបរទេសរូបនេះបន្ថែមថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងបញ្ចប់គម្រោងនាំយក Davy មកកាន់ប្រទេសកំណើតឪពុករបស់គេដោយជោគជ័យក្នុងពេលឆាប់ៗនេះ។
ជុំវិញបញ្ហានេះលោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុម Cambodian All Stars បានលើកឡើងថា លោកមិនទាន់ទទួលបានសេចក្ដីជូនដំណឹងពីព័ត៌មាននេះពីសហព័ន្ធនៅឡើយនោះទេ។ ប៉ុន្ដែលោកថានឹងសាកព្យាយាមទាក់ទងទៅ Davy ផ្ទាល់ពីបញ្ហានេះបន្ថែម។ «បើសិនគេមកបានជារឿងល្អមួយសំរាប់យើង ព្រោះគេធ្លាប់លេងនៅក្នុងពានរង្វាន់លីកកំពូលរបស់អាមេរិក»។ លោក ប្រាក់ សុវណ្ណារ៉ា បន្ថែម។
កីឡាករ Davy Armstrong កើតនៅថ្ងៃទី៣ខែវិចិ្ឆកា ឆ្នាំ១៩៩១ ក្រុង Aurora រដ្ឋ Colorado សហរដ្ឋអាមេរិក។ កើតក្នុងត្រកូលជាអ្នកកីឡាដែលមានឪពុកជាអ្នកជិះស្គីទឹកកក ដែលធ្លាប់តំណាងអោយសហរដ្ឋអាមេរិកនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ១៩៨០។
ជាកីឡាករបាល់ទាត់នៅឆ្នាំ២០០៨ រូបគេក៏បានវិវឌ្ឍន៍វិវត្តខ្លួនទៅជាកីឡាករបាល់ទាត់មួយរូបលេងអោយសាលា Rangeview High School ក្នុងទីក្រុង Aurora រដ្ឋ Colorado បន្ទាប់ពីឈ្នះពានកីឡាករលេងល្អជាងគេប្រចាំឆ្នាំ។ ចូលមកដល់ថ្ងៃទី១៦ ខែសីហាឆ្នាំ២០១០ Davy Armstrong បានចុះកិច្ចសន្យាជាមួយក្រុមColorado Rapids ស្ថិតក្នុងលីកកំពូលរបស់អាមេរិក (Major League Soccer)។ ដល់ឆ្នាំ២០១៣ ក៏ត្រូវបានខ្ចីជើងអោយក្លិប Phoenix FCហើយបង្ហាញខ្លួនបានតែ២ប្រកួតជាមួយក្រុម ដោយសារតែមានបញ្ហារបួស ACL (anterior cruciate ligament injury) ក៏បានផ្លាស់ទៅចូលរួមជាមួយក្រុម Colorado Springs Switchbacks FC ក្របខណ្ឌ United Soccer League៕
0 comments:
Post a Comment