ឧក្រិដ្ឋជនថ្នាំញៀនដ៏គ្រោះថ្នាក់Guzman ដែលហែកគុករត់កាលពីឆ្នាំមុនត្រូវចាប់ខ្លួនបានសាជាថ្មី
បន្ទាប់ពីហែកគុករត់តាមរយៈការជួលវិស្វករ ជីកអណ្តូងរ៉ែ ឲ្យជីករូងក្រោមដី មកដល់បន្ទប់ឃុំឃាំងរបស់ខ្លួន ហើយបានរត់ចេញពីគុកដោយសុវត្ថិភាពអស់រយៈពេល ៧ ខែមកហើយនោះ លោកប្រធានាធិបតីប្រទេស ម៉ិកស៊ីកូ Enrique Pena Nieto បានប្រកាសនៅលើគណនេយ្យ Twitter របស់លោកថាមេថ្នាំញៀនដ៏គ្រោះថ្នាក់ដែលគេស្គាល់ថា Joaquin El Chapo Guzman ត្រូវបានចាប់ខ្លួនបានវិញហើយនៅថ្ងៃសុកម្សិលមិញ។
ប្រតិបត្តិការតាមប្រមាញ់ មេថ្នាំញៀនដ៏គ្រោះថ្នាក់មួយនេះ ធ្វើឡើងដោយមានការសហការគ្នាជាមួយ ទាហានជើងទឹកអាមេរិក និង ភ្នាក់ងារប្រឆាំងគ្រឿងញៀនអាមេរិក។ El Chapo Guzman ត្រូវបានចាប់ខ្លួននៅពេលព្រឹកព្រលឹម ក្នុងប្រតិបត្តិការវាយឆ្មក់មួយក្នុងរដ្ឋ Sinaloa ដែលមានការបាញ់ប្រហារតដៃគ្នារវាងប៉ូលិសនិងក្រុមបងធំថ្នាំញៀន ក្នុងក្រុង Los Mochis ដែលជាកន្លែង El Chapo Guzman ត្រូវបានចាប់ខ្លួន រួមជាមួយនឹងមនុស្ស ៦ នាក់ផ្សេងទៀត។
គួរបញ្ជាក់ជូនថាឧក្រិដ្ឋជនថ្នាំញៀនដ៏គ្រោះថ្នាក់រូបនេះបានរត់ចេញពីគុក ក្នុងភាគកណ្តាលប្រទេសម៉ិកស៊ីកូ កាលពីថ្ងៃ ១១ កក្កដា តាមរូងក្រោមដីដែល El Chapo Guzman បានចំណាយលុយអស់ប្រមាណជា ៥០ លានដុល្លារដើម្បីជួលក្រុមវិស្វករជីកអណ្តូងរ៉ែមកជីកឲ្យខ្លួន។

0 comments:
Post a Comment