Omogba មកដល់ខ្មែរម្សិលមិញ ស្របពេល Cambodian All Stars ប៉ះ Buriram ថ្ងៃសៅរ៍នេះ
ខ្សែបម្រើប្រយុទ្ធបឹងកេតអង្គរ Esoh Omogba បានមកដល់ប្រទេសកម្ពុជាកាលពីម្សិលមិញ បន្ទាប់ពីសម្រាកលំហែកាយនៅក្រៅប្រទេស ក្រោយពេលលីគបាល់ទាត់កំពូលកម្ពុជា និងពាន Toyota Mekong Club Championship បានបញ្ចប់កាលពីចុងឆ្នាំ២០១៥កន្លងទៅ។
លោក បែ មករា អ្នកចាត់ការទូទៅរបស់ក្លឹបបឹងកេតអង្គរបានឲ្យដឹងថា Esoh Omogba បានមកដល់ប្រទេសកម្ពុជាកាលពីម្សិលមិញ បន្ទាប់ពីសម្រាកលំហែកាយមួយរយៈពេលនៅក្រៅប្រទេស។ កីឡាករនីហ្សេរីយ៉ារូបនេះមានឈ្មោះនៅក្នុងបញ្ជីរបស់ក្រុម Cambodian All Stars របស់លោកប្រាក់ សុវណ្ណារ៉ា ប៉ុន្តែមិនបានបង្ហាញខ្លួនទេពេលក្រុមដែលប្រមូលប្តុំដោយកីឡាករនៅកម្ពុជាមួយនេះបានយកឈ្នះក្រុម SCG Muangthong United ដោយលទ្ធផល ៤-៣ ដោយសាររូបគេជាប់សម្រាកលំហែកាយនៅក្រៅប្រទេស។
ទោះជាយ៉ាងណា រូបគេបានវិលត្រឡប់មកកម្ពុជាកាលពីថ្ងៃពុធ ទី២០ ខែមករា ម្សិលមិញដែលទំនងជានឹងបង្ហាញខ្លួននៅលើទីលាននៅពេលក្រុម Cambodian All Stars ទទួលស្វាគមន៍ក្រុមជើងឯកលីគថៃ Buriram United នាល្ងាចថ្ងៃសៅរ៍ ទី២៣ ខែមករានេះ។
នៅចាំបានថា ពេលក្រុមបឹងកេតអង្គរឈ្នះក្រុមជើងឯកមីយ៉ាន់ម៉ា Yangon United ដោយលទ្ធផល ៣-០ នៃពានរង្វាន់Toyota Mekong Club Championship នៅរាជធានីភ្នំពេញកាលពី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅ ខ្សែបម្រើប្រយុទ្ធ Omogba ស៊ុតចូលទីបាន២គ្រាប់ និង១គ្រាប់ទៀតដោយកីឡាករ Agayi Samuel។ ពួកគេទាំងពីរជាដៃគូសហការយ៉ាងល្អជាមួយតារាឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា។
នៅក្នុងបញ្ជីឈ្មោះក្រុម Cambodian All Stars មានកីឡាករបរទេសចំនួន៧រូបក្នុងនោះមាន៤នាក់មកពីក្លឹបបឹងកេតអង្គរ គឺTatsuta kazuki, Esoh Omogba, Ajayi Gbenga Samuel និង Yuya Wada ហើយ៣នាក់ទៀតគឺTomohiro Masaki មកពីក្លឹប Cambodian Tiger, Booysen Shane មកពីភ្នំពេញក្រោន និង Fukasawa Masahiro មកពីណាហ្គាវើល៕
ប្រភព៖ News.Sabay
0 comments:
Post a Comment