តើ មហាសេដ្ឋីលំដាប់លេខ ៦២ ពិភពលោក Robin Li មានប្រវត្តិធ្វើអាជីវកម្មដូចម្ដេចខ្លះ?
លោក Robin Li ឬហៅថា Li Yanhong គឺជាសហគ្រិនមហាសេដ្ឋីចិនមួយរូបដ៏ល្បីល្បាញ ដោយលោកគឺជាសហស្ថាបនិក បណ្ដាញសង្គមនៅក្នុងប្រទេសចិនដ៏ល្បីល្បាញមួយ មានឈ្មោះថា Baidu។ លោក Robin Li ធ្លាប់ជាប់ចំណាត់ថ្នាក់ទី ៧ នៅក្នុងប្រទេសចិនជាមហាសេដ្ឋីមានជាងគេកាលពីចុងឆ្នាំ ២០១៥ កន្លងទៅ។ មកដល់ដើមឆ្នាំ ២០១៦ នេះលោកត្រូវបានគេហទំព័រ Forbes ចុះផ្សាយថាជាបុរសមានឥទ្ធិពលជាងគេលើពិភពលោកលំដាប់លេខ ៥៦ និង ជាមហាសេដ្ឋីមានជាងគេលើពិភពលោកចំណាត់ថ្នាក់លេខ ៦២ ផងដែរ ជាមួយនឹងទ្រព្យសម្បត្តិ ១៥,៣ ពាន់លានដុល្លារ។ តើបុរសខ្លាំង និងថែមទាំងជាមហាសេដ្ឋីរូបនេះមានបទពិសោធន៍អ្វីខ្លះដែរក្នុងឆាកជីវិតរបស់លោក?
លោក Robin Li កើតនៅថ្ងៃទី ១៧ វិច្ឆិកា ឆ្នាំ ១៩៦៨ នៅក្នុងទីក្រុង Yangquan ខេត្ត Shanxi ប្រទេសចិន ម្តាយនិងឪពុករបស់លោកគឺជាកម្មកររោងចក្រ។ លោក Robin Li បានចូលរៀននៅសាកលវិទ្យាល័យ Peking University សិក្សាផ្នែក គ្រប់គ្រងព័ត៌មាន (Information Management) និងក្រោយមកទៀតបានបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រ(Bachelor of Science)។ នៅឆ្នាំ ១៩៩១ លោក លោក Robin Li បានទៅរៀននៅសាកលវិទ្យាល័យ University at Buffalo និង សាកលវិទ្យាល័យ The State University of New York នៅសហរដ្ឋអាមេរិក សម្រាប់ការសិក្សាថ្នាក់បណ្ឌិតជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ប៉ុន្តែលោកទទួលបានត្រឹមសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ នៅក្នុងឆ្នាំ ១៩៩៤ ហើយលោកមិនបានសម្រេចចិត្តបន្តថ្នាក់បណ្ឌិតនោះទេ។
នៅឆ្នាំ ១៩៩៤ ដដែលក្រោយបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតលោកបានចូលបម្រើការងារឲ្យក្រុមហ៊ុន IDD Information Service នៅក្នុងទីក្រុង New Jersey ជាអ្នកអភិវឌ្ឍកម្មវិធីកុំព្យូទ័រ ដំណើរការតាមអនឡាញឲ្យកាសែត The Wall Street Journal អស់រយៈពេល ៣ ឆ្នាំពី ១៩៩៤ ដល់ ១៩៩៧។ ដំណាលពេលជាមួយគ្នានេះពោលគឺនៅក្នុងឆ្នាំ ១៩៩៦ ក្រុមហ៊ុន IDD បានអភិវឌ្ឍកម្មវិធីមួយឈ្មោះថា Rankdex ដែលជាកម្មវិធី Search Engine ដូច Google ដែរ។ ក្រោយមកទៀតលោក Robin Li បានប្រើបច្ចេកវិទ្យាដដែលនេះបានបង្កើតបណ្ដាញសង្គមមួយឲ្យខ្លួនឯងមានឈ្មោះថា Baidu ស្ថិតនៅដំណាក់កាលដំបូងរបស់លោក។
លោក Robin Li បានចាកចេញពីក្រុមហ៊ុនចាស់ ដោយលោកទទួលបានតំណែងជា វិស្វករ ឲ្យក្រុមហ៊ុនអ៊ីនធឺណិតថ្មីរបស់លោកមានឈ្មោះថា Infoseek អស់រយៈពេល ២ ឆ្នាំពោលពីឆ្នាំ ១៩៩៧ ដល់ ១៩៩៩។ ក្រោយទទួលបានបទពិសោធន៍ក្រាស់ក្រែលខាងបណ្តាញអ៊ីនធឺណិតហើយនៅខែមករា ឆ្នាំ ២០០០ លោក Robin Li បានបង្កើតក្រុមហ៊ុន Baidu ជាផ្លូវការហើយបានធ្វើឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនដ៏ធំនៅក្នុងប្រទេសចិន ដោយ ៨០% នៃការស្រាវជ្រាវឯកសារនៅចិនគឺត្រូវប្រើប្រាស់បណ្តាញសង្គមមួយនេះ។ នៅថ្ងៃទី ០៥ សីហា ឆ្នាំ ២០០៥ ក្រុមហ៊ុន Baidu បានទទួលជោគជ័យក្នុងការដាក់សំណើលក់ជាសាធារណៈលើកដំបូងរបស់ខ្លួន(IPO) ទៅលើផ្សារភាគហ៊ុន NASDAQ ដោយលោកបានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននៅខែមករា ឆ្នាំ ២០០៤។
0 comments:
Post a Comment