ស្វែងយល់ពីគន្លឹះទាំង ៨ ដើម្បីក្លាយជាមហាសេដ្ឋី ពីលោក Warren Buffett ម្ចាស់ផ្សារហ៊ុន Berkshire Hathaway
លោក Warren Edward Buffett ជាមហាសេដ្ឋីវិនិយោគិនមួយរូបសញ្ជាតិអាមេរិក លោកជាប្រធាន និង នាយកប្រតិបត្តិក្រុមហ៊ុនផ្សារភាគហ៊ុនដ៏ធំ ឈ្មោះ Berkshire Hathaway នៅដើមឆ្នាំ ២០១៦ នេះត្រូវបានគេហទំព័រ Forbes ចុះផ្សាយថាជាមហាសេដ្ឋីលំដាប់លេខ ១៣ ពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិ ៥៩ ពាន់លានដុល្លារ។
១) ស្វែងរកឲ្យឃើញនូវចំណូលចិត្តរបស់ខ្លួន ៖ វាជារឿងដ៏មានសារៈសំខាន់បំផុត ដើម្បីស្វែងរកឲ្យឃើញពីអ្វីដែលខ្លួនស្រលាញ់ ជោគជ័យគឺកើតចេញពីអ្វីដែលជាភាពប៉ិនប្រសព្វរបស់មានមកពីកំណើត ប៉ុន្តែដើម្បីស្វែងរកឲ្យឃើញនូវអ្វីដែលជាភាពចំណូលចិត្ត និង ភាពប៉ិនប្រសព្វរបស់ខ្លួនគឺជារឿងលំបាកបំផុត។
២) ជួលមនុស្សដែលមានវិជ្ជាជីវៈច្បាស់លាស់ ៖ រកឃើញភាពប៉ិនប្រសព្វ និង ចំណូលចិត្តរបស់ខ្លួនហើយអ្នកមិនប្រាកដថាទទួលជោគជ័យនោះឡើយ ព្រោះជំនាញខ្លះនៅពេលដែលអនុវត្ត ទាមទារឲ្យមានអ្នកដែលមានទេពកោសល្យឲ្យមកជួយអ្នក ដូច្នេះការចេះប្រមូលផ្តុំមនុស្សដែលមានទេពកោសល្យឲ្យមកនៅជុំវិញខ្លួន នឹងធ្វើឲ្យអ្នកកាន់តែមានឥទ្ធិពល។
៣) កុំខ្វល់ខ្វាយពីទស្សនៈអ្នកដទៃ ៖ អ្វីដែលអ្នកយល់ឃើញ អ្វីដែលអ្នកធ្វើ អាចជាវិធីដ៏ល្អសម្រាប់អ្នកដើម្បីដើរទៅកាន់ភាពជោគជ័យ ប៉ុន្តែពេលខ្លះមនុស្សដទៃ មិនយល់ដូចការគិតរបស់អ្នកឡើយ ពេលខ្លះគេប្រឆាំង ពេលខ្លះគេផ្ដល់មតិយោបល់ផ្ទុយពីទស្សនៈរបស់អ្នក ប៉ុន្តែរឿងសំខាន់បំផុតគឺផ្ដោតសំខាន់ទៅលើទស្សនៈរបស់អ្នក ទើបជាផ្លូវទៅរកភាពជោគជ័យ។
៤) បង្កើតទម្លាប់អានសៀវភៅ ៖ ការអានគឺជាវិធីតែមួយគត់ដើម្បីអប់រំខ្លួនឯង ការអាន់ផ្ដល់ឲ្យមនុស្សគំនិតច្រើនរាប់មិនអស់ និង ផ្ដល់ឲ្យមនុស្សរកឃើញនូវរបកគំហើញថ្មីណាមួយ ហើយការអានគឺជាវិធីមួយដ៏ល្អប្រសើរផងដែរ ដើម្បីសំលៀងខួរក្បាលរបស់អ្នក។
៥) ដាក់ចិត្តប្រកួតប្រជែងឲ្យខ្ពស់ ៖ ការប្ដេជ្ញាចិត្តឲ្យបានខ្ពស់ក្នុងការធ្វើអ្វីមួយ គឺជាកត្តាសំខាន់ដើម្បីទម្លាយរនាំងឧបសគ្គទាំងឡាយ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ។
៦) កំណត់ផែនការធ្វើការងារឲ្យខ្លួនឯងប្រចាំថ្ងៃ ៖ ការរៀបចំកាលវិភាគឲ្យខ្លួនឯងប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ប្រចាំខែ អាចជួយឲ្យការងាររបស់អ្នកទទួលបានប្រសិទ្ធភាពខ្ពស់ និង អាចជួយឲ្យអ្នកតាមដានរាល់សកម្មភាពរបស់ខ្លួន ចំពោះការងារណាមួយដែលអ្នកមិនទាន់ធ្វើហើយ ឬ មិនអាចធ្វើបាន។
៧) ត្រូវរក្សាការប្រកួតប្រជែងឲ្យជាប់ជានិច្ច ៖ ការប្រកួតប្រជែង ជួយឲ្យមនុស្សបង្កើនសមត្ថភាពខ្លួនពីមួយកម្រិត ទៅមួយកម្រិត បន្ថែមពីលើនេះ ការប្រកួតប្រជែង អាចឲ្យអ្នកមើលឃើញ ពីភាពខ្លាំង និង ភាពខ្សោយរបស់ខ្លួន ហើយវាក៏ជាឱកាស ដែលធ្វើឲ្យអ្នកមានការអភិវឌ្ឍខ្លួនទៅមុខជានិច្ច។
៨) បង្ហាញពីគំរូជោគជ័យដល់មនុស្សដទៃ ៖ ក្នុងនាមជាអ្នកដឹកនាំមួយរូប អ្នកគួរចេះបង្ហាញពីគំរូល្អដល់បុគ្គលរបស់ខ្លួន តាមរយៈការទទួលខុសត្រូវចំពោះទង្វើដែលខ្លួនធ្វើ ការប្រឈមជាមួយការពិត ការហ៊ានទទួលស្គាល់នៃភាពបរាជ័យរបស់ខ្លួន ការសារភាពដោយភាពស្មោះត្រង់ ពេលអ្នកមិនដឹងអ្វីមួយ ទាំងនេះសុទ្ធតែជាគំរូដែលអ្នកគួរបង្ហាញដល់មនុស្សក្រោមបង្កាប់របស់អ្នកឲ្យឃើញ។
ប្រភព៖ Thebnews
0 comments:
Post a Comment