ស្ដ្រីជាច្រើននៅពេលជិតមករដូវតែងតែជួបប្រទះអាការៈមួយចំនួនដូចជា ឈឺក្បាល រកកល់ក្អួតចង្អោរ ចុកចង្កេះ ឈឺពោះ ឆាបខឹងឆេវឆាវ និងឡើងសុដន់ ។ ទាំងនេះគឺបណ្ដាលមកពីសកម្មភាពរបស់សរសៃក្នុងស្បូនហើយអាការៈទាំងនេះនឹងបាត់ទៅវិញនៅពេលស្ដ្រីអស់រដូវ ។
ក្នុងអំឡុងពេលធ្លាក់ឈាមរដូវ ស្ដ្រីមិនត្រូវរួមភេទទេ គួរតែមានអនាម័យខ្លួនប្រាណឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារការចម្លងមេរោគនានា តាមទ្វារមាស ។ ពេលមករដូវ មាត់ស្បូនបានបើកឱ្យឈាមហូរចេញ ហើយស្ដ្រីគួរតែមានអនាម័យជានិច្ចចំពោះទ្វារមាស ជាពិសេសត្រូវលាងសម្អាតពី៤ទៅ៥ដងក្នុងមួយថ្ងៃ ព្រោះក្នុងអំឡុងពេលនេះងាយចម្លងមេរោគខ្លាំងណាស់ ។
ដើម្បីឱ្យមានសុខភាពល្អស្ដ្រីគួរអនុវត្ដតាមវិធីសាស្ដ្រដូចខាងក្រោម ៖
-នៅពេលលាងសម្អាតទ្វារមាសត្រូវតែយកចិត្ដទុកដាក់លាងឱ្យសព្វកន្លែងស្អាតជានិច្ច ។
-មុននឹងដុសលាងទ្វារមាសត្រូវលាងដៃឱ្យបានស្អាតជាមុនសិន ។
-ទឹកដែលត្រូវយកមកលាងសម្អាតទ្វារមាសត្រូវតែជាទឹកស្អាត ។ មិនត្រូវប្រើទឹកត្រពាំង ទឹកស្រះ ឬទឹកស្រែ ដែលសម្បូរទៅដោយមេរោគយកមកលាងសម្អាតនោះទេ តែបើសិនជាគ្មានទឹកស្អាត គួរតែដាំទឹករម្ងាប់មេរោគហើយទុកឱ្យក្ដៅឧណ្ហៗយកមកលាងក៏ជាការប្រសើរ ។
-ក្រោយពេលលាងសម្អាតរួចក៏ត្រូវជូតបរិវេណទ្វារមាសឱ្យស្ងួតផងដែរ ។
-ក្នុងមួយថ្ងៃត្រូវផ្លាស់ក្រណាត់ទ្រនាប់ឱ្យបាន៣ទៅ៤ដង ហើយក្រណាត់ទ្រាប់មិនត្រូវប្រើក្រណាត់ក្រាស់ពេកទេ ព្រោះជ្រាបឈាមចូលច្រើននាំឱ្យធុំក្លិន ជាពិសេសមិនត្រូវដាក់ឱ្យតឹងណែនពេកទេ ជាហេតុបណ្ដាលឱ្យស្ទះចរន្ដឈាម ។
-នៅពេលមានឈាមរដូវ ស្ដ្រីត្រូវងូតទឹកដុសលាងខ្លួនប្រាណឱ្យបានស្អាតជានិច្ច ពិសេសមិនត្រូវស្លៀកពាក់ខោអាវក្នុងដដែលៗនោះទេ ។ រាល់ពេលងូតទឹក មិនត្រូវត្រាំក្នុងទឹកជាដាច់ខាត ជាពិសេសនៅតាមតំបន់ដាច់ស្រយាលនៅពេលមានឈាមរដូវ មិនត្រូវងូតទឹកដោយត្រាំខ្លួនក្នុងត្រពាំង ស្រះ ស្ទឹង ទន្លេ នោះឡើយ ។ ត្រូវងូតទឹកឱ្យរហ័ស ជូតខ្លួនឱ្យស្ងួត ធ្វើបែបនេះទើបមិនជះឥទ្ធិពលដល់ចរាចរណ៍ឈាមរដូវ ។ ក្នុងរដូវរងាត្រូវងូតទឹកក្តៅឧណ្ហៗ ចំណែករដូវក្តៅត្រូវងូតទឹកត្រជាក់ធម្មតា ។
-ចំពោះការបរិភោគអាហារវិញ គ្មានអ្វីប្លែកទេ គ្រាន់តែត្រូវតមចំពោះអាហារមួយចំនួនដូចជា ស្រា ម្ហូបដែលមានជាតិហឹរ ជាតិជូរ និងអាហារដែលក្ររលាយ ឬអាហារដែលផ្អូមជូរជាដើម ។
-បើសិនជាស្ត្រីមានសុខភាពល្អនោះ ពេលមករដូវឃើញថា ហាក់មិនហត់នឿយអ្វីប៉ុន្មានទេ តែចំពោះស្ដ្រីរាងខ្សោយស្រាប់ផងនឹងមានការផ្លាស់ប្តូរសរីរៈក្នុងខ្លួន កម្លាំងកាយចុះខ្សោយជាងធម្មតា ។
-នៅពេលមករដូវ ដាច់ខាតមិនត្រូវរួមភេទទេ ព្រោះអំឡុងពេលនេះ ស្ត្រីមានការអស់កម្លាំងខ្លាំង ដោយសារមានឈាមធ្លាក់ច្រើន មាត់ស្បូនកំពុងបើក ជាពិសេសងាយចម្លងមេរោគណាស់ ៕
0 comments:
Post a Comment