មានមនុស្សមិនតិចទេ នៅលើភពផែនដីនេះ អាចនិយាយបានថា ភាគច្រើនបានបរាជ័យក្នុងជីវិតរបស់ខ្លួន ហើយលាចាកទៅវិញដោយភាពស្តាយក្រោយ ទាំងមិនអស់ចិត្ត និងមិនបានបន្សល់ទុកអ្វីសោះនោះឡើយដល់មនុស្សជំនាន់ក្រោយ។
ប្រិយមិត្តអាចសង្កេត បានពីភាពខុសគ្នារវាងបុគ្គលជោគជ័យ និង បុគ្គលបរាជ័យត្រង់ថា បុគ្គលជោគជ័យឲ្យនាំមកនូវសមិទ្ធផលល្អៗសម្រាប់ខ្លួនឯង និងអ្នកដទៃមានដូចជា ទ្រព្យសម្បតិ្ត សុភមង្គល ឬ ចែករំលែកទស្សនៈ មានតម្លៃយ៉ាងមហាសាលរាប់មិនអស់ដល់មនុស្សជុំវិញខ្លួន។
ចុះបុគ្គលបរាជ័យ វិញមានអ្វីខ្លះទៅ? នេះហើយជាមូលហេតុដែល The BNEWS លើកយកសញ្ញាណសំខាន់ៗចំនួន ១០ នៃភាពខុសគ្នារវាងបុគ្គលជោគជ័យ និងបុគ្គលបរាជ័យមកចែកជួនប្រិយមិត្តស្វែងយល់ដូចខាងក្រោមនេះ៖
១) បុគ្គលជោគជ័យទទួលយកការផ្លាស់ប្ដូរ តែបុគ្គលបរាជ័យភ័យខ្លាចការផ្លាស់ប្ដូរ
គេហាក់សម្លឹងមើលមិនឃើញឡើយដែលថា បុគ្គលជោគជ័យភ័យខ្លាចការផ្លាស់ប្ដូរ។តាមពិត បុគ្គលប្រភេទនេះបានយល់ខ្លួនឯងរួចស្រេចទៅហើយថា គ្មានអ្នកណាម្នាក់អាចគេចចេញពីការផ្លាស់ប្ដូរបានឡើយ។ បរាជ័យ ការបាត់បង់វត្ថុដែលខ្លួនស្រលាញ់ ភាពទុក្ខព្រួយ សប្បាយ សេចក្តី ស្លាប់ ឬ ត្រៀមខ្លួនទទួលយកអ្វីដែលថ្មីៗ គឺជាអ្វីដែលមនុស្សគ្រប់រូបជួបប្រទះ។ ប៉ុន្តែ មានតែមនុស្សល្ងង់ និង មនុស្សបរាជ័យទេដែលភ័យខ្លាចបញ្ហាទាំងនេះជាទីបំផុត។
២) បុគ្គលជោគជ័យចង់ឲ្យអ្នកដទៃជោគជ័យដូចខ្លួន តែបុគ្គលបរាជ័យចង់ឲ្យអ្នកដទៃបរាជ័យដូចខ្លួនដែរ
ចំណុចដែលជាទម្លាប់អាក្រក់មួយទៀតរបស់មនុស្សបរាជ័យ គឺការបន់ស្រន់ ឬ រង់ចាំឲ្យអ្នកដទៃបរាជ័យដូចខ្លួនដែរ។ ព្រោះហេតុអ្វី? ព្រោះថា បុគ្គលបរាជ័យមិនចូលចិត្តធ្វើអ្វីឲ្យកើតចេញជាដុំកំភួននោះឡើយ ហើយចូលចិត្តចំណាយពេលឥតប្រយោជន៍ដូចបំពង់រង់ចាំទឹកភ្លៀង។ សម្រាប់បុគ្គលជោគជ័យវិញ នេះគឺជាទម្លាប់ដ៏គួរឲ្យស្អប់ខ្ពើមដែលមិនគូរមានវត្តមាននៅក្នុងសង្គមមនុស្សនោះឡើយ ត្បិតអីបុគ្គលជោគជ័យ មិនត្រឹមតែបានធ្វើឲ្យខ្លួនឯងឲ្យជោគជ័យប៉ុណ្ណោះទេ ថែមទាំងជួយឲ្យអ្នកដទៃជោគជ័យដូចខ្លួនផងដែរ។
៣) មនុស្សជោគជ័យទទួលខុសត្រូវលើការបរាជ័យរបស់ខ្លួន តែមនុស្សបរាជ័យទម្លាក់កំហុសការបរាជ័យរបស់ខ្លួនលើអ្នកដទៃ ទំនួលខុសត្រូវរបស់បុគ្គលជោគជ័យ ធ្វើឲ្យគេនឹកឃើញដល់បុគ្គលម្នាក់ទៀត នោះគឺភាពជាអ្នកដឹកនាំ ព្រោះថាអ្នកដឹកនាំគឺជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់គ្រប់ភារកិច្ច ឬ លទ្ធផលអវិជ្ជមានដែលកើតចេញពីសកម្មភាព និង មនុស្សក្រោមបង្គាប់របស់ខ្លួន។ ផ្ទុយពីមនុស្សបរាជ័យដែលចូលចិត្តទម្លាក់កំហុសដល់អ្នកដទៃ បុគ្គលជោគជ័យតែងលើកយកដំណោះស្រាយធ្វើជាស្ពាន ត្រួសត្រាយផ្លូវដល់មនុស្សគ្រប់គ្នាឲ្យមានមុខមាត់ងើបឡើងវិញបាន។
៤) បុគ្គលជោគជ័យរិះរកគំនិតល្អៗសម្រាប់ខ្លួនឯង តែបុគ្គលបរាជ័យរិះរកគំនិតអាក្រក់ៗរិះគន់អ្នកដទៃ
តើលោកអ្នកធ្លាប់អង្កេតដែរទេថា មានមនុស្សមួយចំនួនគ្មានការងារធ្វើយករឿងអ្នកដទៃមកនិយាយ និងរិះគន់ពីនេះពីនោះឥតសំចៃមាត់ ហើយថែមទាំងដេកចាំមើលទង្វើរបស់អ្នកដទៃទៀតផង។ នេះហើយជាសញ្ញាណមួយរបស់មនុស្សបរាជ័យ។ ងាកមកមើលមនុស្សជោគជ័យវិញ សកម្មភាពទាំងនេះគ្មានប្រយោជន៍អ្វីសោះឡើយ តែការដែលរិះរកគំនិតល្អៗជាបំណិនជីវិតទើបជារឿងមួយដែលពួកគេត្រូវធ្វើដោយគ្មានពេលកំណត់នូវអ្វីដែលបុគ្គលប្រភេទនេះយល់ថា អាចធ្វើឲ្យពិភពលោកផ្លាស់ប្ដូរបាន។
៥) បុគ្គលជោគជ័យមានគម្រោងសម្រាប់ជីវិត តែបុគ្គលបរាជ័យគ្មានគម្រោងសម្រាប់ជីវិតនោះឡើយ
វាមិនមែនជារឿងចៃដន្យនោះទេ ដែលបុគ្គលមួយចំនួនបានជោគជ័យស្របតាមគោលដៅរបស់ខ្លួន ព្រោះថាបុគ្គលប្រភេទនេះមិនងាយនឹងងាកចេញពីផែនទីជីវិតរបស់ខ្លួនដែលបានគូសវាសយ៉ាងល្អិតល្អន់នោះឡើយ។ បុគ្គលជោគជ័យដឹងថា ការគូសវាសផែនទី ឬ គម្រោងជាមុនសម្រាប់ខ្លួនឯងដែលត្រូវធ្វើ នោះហើយគឺជាវិថីឆ្ពោះទៅរកជីវិតដ៏ភ្លឺស្វាងបាន។ តែគួរឲ្យស្តាយបុគ្គលមួយចំនួនបានបរាជ័យ ឬ មិនបានទៅដល់គោលដៅរបស់ខ្លួនសុខចិត្តបណ្តែតបណ្តោយឲ្យជីវិតរសាត់អណ្ដែតគ្មានកោះត្រើយ ហើយទីបំផុតខ្សែជីវិតរបស់ខ្លួនប្រៀបដូចជាបញ្ញើក្អែក។
៦) បុគ្គលជោគជ័យមានសុទិដ្ឋិនិយមជានិច្ច តែបុគ្គលបរាជ័យមានទុទ្ទិដ្ឋិនិយមចំពោះខ្លួនឯង និង អ្នកដទៃ
ពិតជាមានរឿងរ៉ាវមិនចេះអស់មែនចំពោះបុគ្គលបរាជ័យ ព្រោះថាក្នុងបេះដូងរបស់ពួកគេ ហាក់មើលឃើញខ្លួនឯង ឬ អ្នកដទៃក្នុងផ្លូវអវិជ្ជមានជានិច្ច។ បើដូច្នេះមាន តើនៅពេលណាទើបខ្លួនឯងអាចចាកចេញពីការបរាជ័យបានទៅ? ពិតមែនហើយសម្រាប់បុគ្គលជោគជ័យបានយល់យ៉ាងច្បាស់ថា ការគិតក្នុងផ្លូវវិជ្ជមានចំពោះខ្លួនឯងនិង មនុស្សនៅជុំវិញខ្លួននឹងធ្វើឲ្យអ្វីៗនៅលើពិភពលោកនេះ អាចឆ្ពោះទៅរកភាពវិជ្ជមានបានដូចគ្នាដែរ។ ផ្ទុយទៅវិញគំនិតទុទ្ទិដ្ឋិនិយម គឺជាអ្វីដែលបុគ្គលប្រភេទនេះមិនយកចិត្តទុកដាក់ ព្រោះវានាំតែខាតបង់ពេលវេលាឥតប្រយោជន៍ និង ធ្វើឲ្យខ្លួនមានអារម្មណ៍ថា មិនមែនតម្លៃសម្រាប់មនុស្សគ្រប់គ្នាទៀតផង។
៧) បុគ្គលជោគជ័យបន្តការរៀនសូត្រដោយឥតឈប់ឈរ តែបុគ្គលបរាជ័យបន្តបោះបង់ឥតឈប់ឈរ
បុគ្គលជោគជ័យបានយល់ថា ចង់ឲ្យជោគជ័យវាជារឿងមួយលំបាកទៅហើយ តែរឿងដែលលំបាកជាងនេះទៅទៀតនោះគឺថា តើត្រូវរក្សាភាពជោគជ័យបានដោយរបៀបណា? នេះហើយជាសំនួរមួយដែលបុគ្គលជោគជ័យត្រូវស្វែងរកចម្លើយមួយយ៉ាងពិតប្រាកដ។ ផ្លូវមួយដែលជាគន្លឹះដល់ល្អនៅពេលនេះគឺការបន្តការរៀនសូត្រដោយឥតឈប់ឈរទោះបីជាដល់វិនាទីចុងក្រោយក៏ដោយ ត្បិតអីខ្លួនយល់ថា នេះនឹងជាឱកាសនាំឲ្យមានការអភិវឌ្ឍខ្លួនឯងកាន់តែប្រសើរឡើង ដែលផ្ទុយពីមនុស្សជោគជ័យចូលចិត្តកំណត់ចំណេះដឹងរបស់ខ្លួនដោយការបោះបង់ និង យកលេសមិនចេះចប់មិនចេះហើយ។
៨) បុគ្គលជោគជ័យសរសើរអ្នកដទៃ តែបុគ្គលបរាជ័យរិះគន់អ្នកដទៃ
ក្នុងទីផ្សារអាជីវកម្មក្តី ការទំនាក់ទំនងប្រចាំថ្ងៃក្តី ការលើកដំកើង ឬ កោតសរសើរអ្នកដទៃពីសមិទ្ធផលរបស់ពួកគេ គឺជាអាវុធដ៏មានថាមពលមួយរបស់បុគ្គលជោគជ័យ។ វាជាអាវុធត្រជាក់សណ្ដំចិត្តឲ្យមនុស្សជុំវិញខ្លួនស្រលាញ់ និងរាប់អាន ព្រមទាំងធ្វើឲ្យសម្ព័ន្ធភាពទំនាក់ទំនងកាន់តែប្រសើរឡើងគ្មានដែនកំណត់។ ទោះបីជាយ៉ាងណាក៏ដោយ ងាកមកមើលបុគ្គលបរាជ័យវ័យ ទោះបីជាអ្នកណាម្នាក់ជោគជ័យ ឬ បង្ហាញសមិទ្ធផលយ៉ាងអស្ចារ្យយ៉ាងណាក៏ដោយ ក៏ខ្លួនគ្មានអ្វីក្រៅតែពីការរិះគន់ពីនេះពីនោះហើយបើបុគ្គលណាម្នាក់បរាជ័យ ឬ មានកំហុសអ្វីនោះគឺច្បាស់ជាជាន់ពន្លិចបន្ថែមជាមិនខាន។
៩) បុគ្គលជោគជ័យលើកលែងទោសឲ្យអ្នកដទៃ បុគ្គលបរាជ័យចងគំនុំនឹងអ្នកដទៃ
វាមិនខុសអ្វីពីពុទ្ធិការដែលព្រះអង្គមានបន្ទូលថា”កាំរម្ងាប់ដោយការមិនចងពៀរ” នោះឡើយ ដែលបុគ្គលជោគជ័យយល់ឃើញថា នឹងអាចរំដោះខ្លួនឲ្យជៀសផុតពីទុក្ខទោស និង គំនុំគំកួនទៅវិញទៅមក។ ការលើកលែងទោសរបស់ពួកគេទៅកាន់អ្នកណាម្នាក់ នឹងបញ្ចប់កំហុសមួយដោយសន្តិភាព ហើយជាផ្លូវដ៏ប្រសើរធ្វើឲ្យស្ថានការណ៍ដ៏អាប់អួរបែរមករកភាពស្រស់ថ្លាឡើងវិញ។ និយាយពីបុគ្គលបរាជ័យវិញ ការសងសឹកមិនព្រមលើកលែងទោសដល់អ្នកដទៃនោះហើយជាវិធីសាស្ត្រជួសជុលផ្លូវអារម្មណ៍របស់ខ្លួនឡើងវិញ តែទីបំផុតមានតែភាពក្តៅក្រហាយ និង ការស្អប់ខ្ពើមតែប៉ុណ្ណោះ។
១០) បុគ្គលជោគជ័យអរគុណអ្វីៗគ្រប់យ៉ាងដែលខ្លួនមាន តែបុគ្គលបរាជ័យចាត់ទុកថាអ្វីៗគឺអយុត្តិធម៌ទាំងអស់
ភាពទុក្ខសោក ការខកចិត្ត ភាពសប្បាយរីករាយ ភាពជោគជ័យ សមិទ្ធផល ទាំងបទពិសោធន៍ល្អក្តី អវិជ្ជមានក្តី គឺជាអ្វីដែលបុគ្គលជោគជ័យអរគុណគ្រប់ពេលវេលា ត្បិតអីចំណុចទាំងអស់នេះគឺជាមេរៀនជីវិតដ៏ថ្លៃថ្លារបស់ពូកគ។ បុគ្គលប្រភេទនេះយល់ថា ជីវិតមួយនឹងគ្មានតម្លៃបើគ្មានឧបសគ្គ ព្រោះថា ឧបសគ្គ និង បទពិសោធន៍ទាំងឡាយសុទ្ធតែបានធ្វើឲ្យពួកគេរឹងមាំមកដល់សព្វថ្ងៃនេះ។ មហាសេដ្ឋី អ្នកជំនួញ បុគ្គលជោគជ័យនៅលើលោកសុទ្ធតែឆ្លងកាត់ឧបសគ្គរាប់មិនអស់ តែពួកគេនៅតែអរគុណជានិច្ច។ចុះបុគ្គលបរាជ័យវិញយ៉ាងម៉េចដែរ? និយាយឲ្យខ្លី បុគ្គលមួយចំនួនបរាជ័យដោយសារមិនរៀនសូត្រពីបទពិសោធន៍ទាំងនេះ និង ខ្វះការតស៊ូ ហើយកាន់តែគ្រោះថ្នាក់ទៀតនោះ គឺការមើលឃើញជាអវិជ្ជមានលើអ្វីៗជុំវិញខ្លួន ដែលជាហេតុធ្វើឲ្យពួកគេមិនស្គាល់រស់ជាតិជីវិតដ៏មានតម្លៃបាន៕
ប្រភព៖ Thebnews
0 comments:
Post a Comment