តើអ្នកណាជាមេខ្លោងសំខាន់នៅពីក្រោយការវាយប្រហារអត្តឃាតនៅ ឥណ្ឌូណេស៊ី ម្សិលមិញ?
កាលពី ៧ ឆ្នាំមុនបុគ្គលម្នាក់ឈ្មោះថា Bahrun Naim បានបើកហាងអ៊ីនធឺណិតកាហ្វេដ៏តូចមួយនៅក្នុងទីក្រុង សូឡូ (Solo) ប្រទេសឥណ្ឌូណេស៊ី។ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញរូបគេត្រូវកំណត់អត្តសញ្ញាណដោយប៉ូលិសឥណ្ឌូណេស៊ី ថាជាមេខ្លោងនៅពីក្រោយការវាយប្រហារដ៏ឃោរឃៅនៅកណ្តាលទីក្រុង ហ្សាកាតា ដែលក្រុមរដ្ឋឥស្លាមបានប្រកាសទទួលខុសត្រូវ។
Bahrun Naim ធ្លាប់ត្រូវបានប៉ូលិសឥណ្ឌូណេស៊ីចាប់ខ្លួនម្តងរួចមកហើយនៅក្នុងឆ្នាំ ២០១១ ពីបទកាន់កាប់អាវុធខុសច្បាប់ និង កាត់ឲ្យជាប់គុកចំនួន ៣ ឆ្នាំ ហើយចាប់តាំងពីពេលនោះមករូបគេបានដើរតួនាទីយ៉ាងសំខាន់ ក្នុងបណ្តាញក្រុមឧទ្ទាម ក្នុងទីក្រុង សូឡូ និងភាគកណ្តាលកោះ ជ្វា (Java)។ មួយឆ្នាំក្រោយមកទៀតរូបគេបានចាកចេញពីឥណ្ឌូណេស៊ី ទៅកាន់ប្រទេសស៊ីរី ដើម្បីចូលរួមជាមួយក្រុមរដ្ឋ ឥស្លាម ISIS ដោយប៉ូលិសជឿថា Bahrun Naim ជាអ្នកដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារកាលពីម្សិលមិញ។
ជនអត្តឃាត ៥ រូប និងជនស៊ីវិល ២ រូបត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារជាលើកដំបូង របស់ក្រុមរដ្ឋឥស្លាម ISIS ប្រឆាំងនឹងប្រទេស ឥណ្ឌូណេស៊ី ដែលជាប្រទេស មានអ្នកកាន់សាសនាឥស្លាមធំជាងគេបំផុតនៅលើពិភពលោក ហើយ ឥណ្ឌូណេស៊ី នេះផងដែរក៏ជាកន្លែងដែលក្រុមរដ្ឋឥស្លាម ISIS ចង់បង្កើតរដ្ឋផងដែរ។ បើតាមបណ្តាញសារព័ត៌មាន Reuters បានទាក់ទងជាមួយនឹង Bahrun Naim កាលពីថ្ងៃទី ២៤ វិច្ឆិកា កន្លងទៅតាមបណ្តាញសង្គម Telegram ដោយនៅក្នុងការឆ្លើយឆ្លងមនុស្សម្នាក់បញ្ជាក់ថាខ្លួនឯងជា Bahrun Naim ថាមានអ្នកគាំទ្រក្រុមរដ្ឋឥស្លាមច្រើនគ្រប់គ្រាន់ ដែលអាចធ្វើការវាយប្រហារនៅក្នុងប្រទេសឥណ្ឌូណេស៊ីបាន។
អង្គភាពប្រឆាំងអំពើភេរវកម្មឥណ្ឌូណេស៊ី ជឿថាមនុស្សមនុស្សប្រមាណជា ១ ០០០ នាក់គឺជាអ្នកគាំទ្រក្រុមឥស្លាមជ្រុលនិយម ជីហាត ដែលកំពុងរស់នៅពាសពេញឥណ្ឌូណេស៊ី។
ប្រភព៖Thebnews
0 comments:
Post a Comment