សញ្ញាណចំនួន ៦ បញ្ជាក់ថា លោកអ្នកកំពុងសេពគប់មិត្តភក្តិខុស
ក្នុងទំនាក់ទំនងប្រចាំថ្ងៃ ក្រៅពីគ្រួសារ លោកអ្នកនៅមានមនុស្សជាច្រើនទៀតដែលអាចជួយឲ្យលោកអ្នកជោគជ័យ ក្នុងនោះមានដូចជា មិត្តភក្តិ ដៃគូរកស៊ី និង បុគ្គលជោគជ័យជាច្រើនទៀត។ នេះប្រសិនបើអ្នករាប់អានមនុស្សត្រូវ លោកអ្នកក៏ជោគជ័យតាមនោះដែរ។ ប៉ុន្តែ បើលោកអ្នករាប់អានមនុស្សខុសវិញនោះ នឹងអាចនាំលោកអ្នកធ្លាក់ចូលក្នុងជ្រោះជាមិនខាន។
ខាងក្រោមនេះជាសញ្ញាណសំខាន់ៗចំនួន ៦ ដែលអាចឲ្យប្រិយមិត្តដឹងថា តើអ្នកណាខ្លះដែលអ្នកគួរសេពគប់សម្រាប់ធ្វើជាមិត្តភាពមួយដ៏យូរអង្វែង?
១) មានបញ្ហារឿងលុយកាក់ជាមួយអ្នក
នៅពេលដែលអ្នកសង្កេតឃើញថា មិត្តភក្ដិរបស់អ្នកម្នាក់គិតតែពីខ្ចីប្រាក់អ្នក តែមិនព្រមសង ឬ ក៏ទៅណាមកណាឲ្យអ្នកចេញលុយឲ្យរហូតពឹងលើអ្នកទាំងស្រុង នោះជាសញ្ញាណមួយដែលបញ្ជាក់ថា មិត្តភាពរបស់អ្នកហាក់ហាក់ធ្វើឡើងគ្រាន់តែហុតទឹកសម្លឹងកាកតែប៉ុណ្ណោះ។
២) មិនគោរពពាក្យសន្យា
រាល់លើកដែលបុគ្គលនោះនិយាយថា នឹងជួយអ្នកធ្វើនេះធ្វើនោះ ឬ សន្យានឹងសងអ្វីមួយមកអ្នក តែ មិនបានគោរពតាមការសន្យានោះ នេះក៏ជាបញ្ជាក់ឲ្យឃើញថា មិត្តភក្តិរបស់អ្នកម្នាក់នោះមិនឲ្យតម្លៃអ្នកនោះដែរ។ ហេតុដូច្នេះ វាគ្មានអ្វីដែលគួរឲ្យសោកស្តាយក្នុងការបញ្ឈប់ទំនាក់ទំនងរបស់អ្នកនោះឡើយ។
៣) រវល់រហូតនៅពេលដែលអ្នកត្រូវការពឹងពាក់
អ្នកប្រហែលជាត្រូវការជួបជុំមិត្តភក្តិរបស់អ្នកដើម្បីជួបជុំ ជជែកកម្សាន្ត ដំណើរកម្សាន្ត ឬ ក៏ថាស្នើឲ្យជួយធ្វើអ្វីមួយជាដើម។ ប៉ុន្តែ បើសំណើរបស់អ្នកត្រូវបានបដិសេធន៍ ហើយមិត្តភក្តិរបស់អ្នកម្នាក់នោះ តែងនិយាយថា រវល់នេះរវល់នោះគ្មានពេលទំនេរសម្រាប់អ្នកជាញយៗហើយនោះ វាគ្មានអ្វីដែលសង្ស័យនោះឡើយដែលថា អ្នកជាមនុស្សមិនស្ថិតនៅក្នុងក្រសែភ្នែករបស់គេ។
៤) មិនខ្វល់ពីទុកលំបាករបស់អ្នក
ពាក្យចាស់លោកបានពោលថា “មិត្តល្អ ត្រូវចេះជួយគ្នាក្នុងគ្រាក្រ”។ ការពិត ទស្សនៈនេះវាមិនខុសនោះឡើយសម្រាប់មិត្តភាពដ៏ល្អ និង យូរអង្វែងមួយ។ ផ្ទុយទៅវិញ បើអ្នកសង្កេតឃើញថា មិត្តភក្តិរបស់អ្នកម្នាក់នោះមើលរំលងទុកលំបាករបស់អ្នក តែបានសេពគប់អ្នកនៅពេលអ្នកជោគជ័យនោះ មិត្តភាពបែបនេះបើរលត់ទៅក៏គ្មានអ្វីគួរឲ្យស្តាយដែរ។
៥) ចង់យកឈ្នះអ្នកជានិច្ច
នេះជាសញ្ញាណមួយទៀតដែលបង្ហាញពីមិត្តភាពមិនស្មោះត្រង់នាំទៅរកការវិនាសនៅថ្ងៃក្រោយ។ ជាធម្មតា មិត្តភក្តិល្អគឺតែងចង់ឃើញអ្នកមានអនាគតល្អ និង ទទួលបានភាពជោគជ័យក្នុងជីវិតមិនថា រឿងលុយកាក់ ឬ ធ្វើអ្វី ផ្សេងនោះឡើយ។ យ៉ាងណាមិញ អ្នកកំពុងសេពគប់មនុស្សខុសហើយ បើអ្នកសង្កេតឃើញថា បុគ្គលនោះមានចេតនាចង់ឲ្យអ្នកចាញ់ជានិច្ច ឬ ចង់យកឈ្នះអ្នកគ្រប់ពេល។ នេះមិនខុសអ្វីពីបុគ្គលល្បីៗមួយចំនួននិយាយថា មានសត្រូវចេញមុខ ប្រសើរជាងមានសត្រូវបង្កប់ក្នុងមិត្តភាព។
៦) បន្ទាបកិត្តិយសរបស់អ្នកនៅពីក្រោយខ្នង
នៅពេលណាក៏ដោយដែលអ្នកជោគជ័យ មិត្តភក្តិរបស់អ្នកតែងនិយាយថា មិនមែនជាការខិតខំប្រឹងប្រែងរបស់អ្នកទេ តែយល់ថា ជាការត្រួសត្រាយរបស់ខ្លួនទៅវិញ។ នេះបានលាតត្រដាងពីធាតុពិតរបស់បុគ្គលនោះដែលអ្នកគួរដកខ្លួនចេញ។ មិត្តភក្តិម្នាក់នោះជាមនុស្សដែលធ្វើស្រែលើខ្នងអ្នក (កេងប្រវ័ញ្ចពីអ្នក) និង អាចមូលបង្កាច់កិត្តិយសរបស់អ្នកនៅពីក្រោយខ្នងទៀតផង។ បញ្ហាបែបនេះគឺជាហេតុផលល្មមដែលអាចឲ្យអ្នកបញ្ចប់មិត្តភាពបាន៕
0 comments:
Post a Comment