មេរៀនចំនួន ៤ ដែលលោកអ្នកគួររៀនសូត្រ មុននឹងឈានដល់វ័យ ៣០
វ័យអាយុខ្ទង់ ២០ គឺជាវ័យមួយដែលមនុស្សទូទៅពោរពេញទៅដោយភាពស្មុគស្មាញ កំហុស ជាពិសេសការចង់ចេះចង់ដឹង មោទនភាពច្រើន និង ដកស្រង់បទពិសោធន៍ថ្មីៗជាដើម។ មានអ្នកខ្លះបានឆ្លៀតយកពេលវេលានេះកសាងមូលដ្ឋានគ្រឹះចំណេះដឹងរបស់ខ្លួន ស្វះស្វែងរកតម្លៃផ្សេងៗសម្រាប់អនាគតរបស់ខ្លួន ខណៈដែលមនុស្សមួយចំនួនទៀតបានផុងខ្លួនរហូតដល់បរាជ័យទៅវិញ។
នេះហើយជាមូលហេតុដែលលោក Isaiah Hankel សហគ្រិនភាព និង ជាអ្នកនិពន្ធសៀវភៅ “Black Hole Focus: How Intelligent People Can Creates a Powerful Purpose for Their Lives” របស់អាមេរិក បង្ហាញនូវមេរៀនចំនួន ៤ ខាងក្រោមនេះដែលប្រិយមិត្ត គួរតែយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតមុនពេលវ័យ ៣០ របស់លោកអ្នកចូលមកដល់។
១) ត្រូវចាំថា អ្នកមិនមែនជាមនុស្សតែម្នាក់គត់ដែលមានគំនិតល្អៗនោះឡើយ
មេរៀនទី១ ដែលលោក Hankel លើកឡើងនៅពេលនេះគឺថា មិនមែនមានតែអ្នកនោះទេដែលមានគំនិតល្អ សូម្បីតែអ្នកដទៃដែលនៅជុំវិញខ្លួនអ្នក ក៏មាមានគំនិតល្អៗដូចអ្នកដែរ។ បញ្ហានៅត្រង់ថា ដោយសារបុគ្គលភាគច្រើនយល់ថា គំនិតរបស់ខ្លួនមានលក្ខណៈល្អប្រសើរជាងអ្នកដទៃ ទើបធ្វើឲ្យបុគ្គលទាំងនោះមិនទទួលស្គាល់គំនិតរបស់អ្នកដទៃ។
នៅទីនេះ អ្នកនិពន្ធខាងលើបានផ្តល់ដំបូន្មានថា អ្នកគួរចាប់ផ្តើមកែប្រែចរិតបែបនេះ ហើយងាកមកស្តាប់នូវអ្វីដែលអ្នកដទៃនិយាយឲ្យបានច្រើន និង ស្វាគមន៍រាល់ការស្វែងរកគំនិតថ្មីៗមិនមែនត្រឹមតែប្រើគំនិតរបស់អ្នកនោះទេ។
២) មិត្តភាពសំខាន់ជាងលុយទៅទៀត
« វាជារឿងល្អដើម្បីស្វែងរកមិត្តភក្តិ ១០០ នាក់ជាជាងស្វែងរកលុយ ១០០ ដុល្លារ»។ នេះជាប្រសាសន៍របស់លោក Hankel។ លោកមានទស្សនៈថា តាមពិតលុយអាចដោះស្រាយបញ្ហារបស់អ្នកបាន តែមិនមែនគ្របញ្ហាសុទ្ធតែលុយអាចដោះស្រាយបាននោះឡើយ។ នេះមានន័យថា មានតែមនុស្សទេដែលជាអ្នកបង្កើតលុយ និង ប្រើលុយដើម្បីធ្វើអ្វីមួយ។
នេះបញ្ជាក់ថា មិត្តភាពគឺមានតម្លៃជាងលុយឆ្ងាយណាស់ ត្បិតអីមិត្តភាពនាំមកនូវការសម្រេចគោលដៅ ហើយការសម្រេចគោលដៅនាំមកនូវភាពជោគជ័យ។ ភាពជោគជ័យបង្កើតបានជា ភោគទ្រព្យដែលកើតចេញពីមិត្តភាពនេះឯង។ ដូច្នេះ មិត្តភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។ នេះជាការអះអាងរបស់លោក Hankel។
៣) ធ្វើអ្វីមួយ ត្រូវចាប់ផ្ដើមពីចំណុចតូចមុន និង ដើរឲ្យស្របតាមគោលដៅ
លោក Hankel យល់ឃើញថា៖ « មនុស្សគ្រប់គ្នាវាយតម្លៃថា អ្វីដែលខ្លួនធ្វើអាចចំណាយពេលដ៏ខ្លី និងមើលទៅងាយស្រួលណាស់។ ប៉ុន្តែផ្អែកលើស្ថានភាពជាក់ស្ដែង ការងារដែលពួកគេធ្វើ អាចចំណាយពេលយូរ និង ពិបាកជាងនេះឆ្ងាយណាស់។ នេះហើយជាមូលហេតុដែលធ្វើឲ្យមនុស្សភាគច្រើនជាពិសេសយុវជនបានត្រឹមតែគិត តែដល់ពេលអនុវត្តមិនបានចេញជាផ្លែផ្កា រហូតដល់បោះបង់ចោលទាំងកណ្ដាលទី»។
តាមវិធីសាស្ត្ររបស់លោកគឺថា អ្នកត្រូវធ្វើអ្វីមួយដោយចាប់ផ្តើមពីចំណុចតូចៗមុន ហើយធ្វើវាម្ដងហើយម្ដងទៀតជាប្រចាំឆ្ពោះទៅកាន់គោលដៅដែលអ្នកចង់ទៅ នោះលទ្ធផល នឹងផ្ដល់ឲ្យអ្នកហួសពីការរំពឹងទុក។
៤) គ្រប់គ្រងអ្វីដែលអ្នកអាចគ្រប់គ្រងបាន
«ការគ្រប់គ្រងគឺថា អ្នកត្រូវគ្រប់គ្រងអ្វីដែល អ្នកអាចគ្រប់គ្រងបាន។ ស្ថានភាពអាក្រក់ ឬ ឧបសគ្គនានានឹងកើតមានចំពោះអ្នកគ្រប់ពេលវេលាដោយឥតព្រាងទុក។ ពេលនោះហើយដែលវាបានផ្តល់ជាមេរៀនដើម្បីសាកល្បងអ្នក ថាតើអ្នកអាចគ្រប់គ្រង ឬ ដោះស្រាយវាបានក្នុងកម្រិតណា?»។ នេះជាប្រសាសន៍របស់លោក Hankel។
យ៉ាងណាមិញឆ្លើយតបទៅនឹងស្ថានភាពបែបនេះ ដំបូន្មានរបស់អ្នកនិពន្ធខាងលើនោះគឺថា អ្នកត្រូវផ្ដោតលើអ្វីដែលអ្នកអាចគ្រប់គ្រងបាន។ នោះគឺ ឥរិយាបថ និង ការយកចិត្តទុកដាក់របស់អ្នក។ មិនថាមានអ្វីកើតឡើងនៅជុំវិញអ្នក អ្នកត្រូវតែផ្តោតទៅលើដំណោះស្រាយជាជាងលើកតែពីបញ្ហាមកដាក់មុខ។ អ្នកត្រូវជួសជុល កែខៃស្ថានការណ៍ ផ្លាស់ប្ដូរ បង្កើនអនុភាពរបស់អ្នក ហើយអ្វីដែលត្រូវចងចាំនោះគឺថា កុំភ្លេចរៀនសូត្រពីវា៕
ប្រភព៖ Thebnews
0 comments:
Post a Comment