វិទ្យាសាស្ត្ររីករាយ៖ ពត់ឆ្អឹងដោយប្រើទឹកខ្មេះ
អស់រយៈពេលជាយូរមកហើយដែលទំព័រវិទ្យាសាស្ត្ររីករាយបានឃ្លាតឆ្ងាយពីមិត្តអ្នកអាន។ ប៉ុន្តែថ្ងៃនេះ គេហទំព័រគំនិតបានពាំនាំអត្ថបទវិទ្យាសាស្ត្ររីករាយមកកំដរអារម្មណ៍មិត្តអ្នកអានវិញជាមួយនឹងការពិសោធន៍ដែលងាយៗហើយអាចធ្វើបាននៅក្នុងគេហដ្ឋាននោះគឺ “ពត់ឆ្អឹងមាន់ដោយប្រើប្រាស់ទឹកខ្មេះ”។ ដូច្នេះកុំបង្អង់យូរ ចាប់ផ្តើមបង្កើនចំណេះដឹងផ្នែកវិទ្យាសាស្ត្រទាំងអស់គ្នា!
ឧបករណ៍
– កំប៉ុង ឬធុងមួយដែលអាចដាក់ឆ្អឹងមាន់ចូលក្នុងនោះបាន
– ឆ្អឹងមាន់មួយ (ប្រសើរបំផុតគឺយកឆ្អឹងជើង ឬឆ្អឹងភ្លូវ)
– ទឹកខ្មេះ
វិធី៖
១- យកឆ្អឹងមាន់មកលាងសម្អាតជាមួយនឹងទឹកដើម្បីជម្រះសាច់ដែលនៅជាប់នឹងឆ្អឹង។
២- ចូរពិនិត្យមើលថាតើឆ្អឹងនោះរឹងកម្រិតណា ហើយសាកល្បងធ្វើការពុតវាតិចៗ។ ប្រៀបដូចទៅនឹងឆ្អឹងរបស់មនុស្សយើងផងដែរ ឆ្អឹងមាន់មានផ្ទុកសារធាតុរ៉ែម្យ៉ាងដែលមានឈ្មោះថាកាល់ស្យូមដែលជាសារធាតុជួយឲ្យឆ្អឹងមានភាពរឹងមាំ។
៣- ដាក់ឆ្អឹងមាន់នោះចូលទៅក្នុងធុងឬកំប៉ុង បន្ទាប់មកចាក់ទឹកខ្មេះចូលទៅក្នុងកំប៉ុងនោះ ធ្វើយ៉ាងណាឲ្យលិចឆ្អឹង។ ប្រសើរបំផុតអ្នកគួរតែរកអ្វីមកគ្របធុងឬកំប៉ុងនោះ ហើយទុកធុង ឬកំប៉ុងនោះចោលរយៈពេល៣ថ្ងៃ។
៤- ៣ថ្ងៃក្រោយមក អ្នកអាចដកឆ្អឹងមាន់ចេញពីធុង ឬកំប៉ុងនោះ។ អ្នកប្រាកដជាមានអារម្មណ៍ថាឆ្អឹងនោះមានសភាពខុសប្លែកពីមុន។ សាកល្បងពុតវាតិចៗ ម្តងទៀត! តើឆ្អឹងនោះមានសភាពដូចកៅស៊ូដែរឬទេ?
ហេតុអ្វីបានជាឆ្អឹងប្រែទៅជាទន់?
តើមានអ្វីកើតឡើង? តើមានអ្វីពិសេសសម្រាប់ទឹកខ្មេះដែលអាចធ្វើឲ្យឆ្អឹងមានសភាពទន់បាន? ទឹកខ្មេះត្រូវបានគេចាត់ទុក ជាប្រភេទអាស៊ីខ្សោយ ប៉ុន្តែវាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរំលាយនូវសារធាតុកាល់ស្យូមនៅក្នុងឆ្អឹង។ នៅពេលដែលសារធាតុកាល់ស្យូមរលាយអស់ទៅ ឆ្អឹងមាន់មិនមានសារធាតុអ្វីផ្សេងទៀតដែលអាចជួយឲ្យវារឹងមាំបាននោះទេ ហើយអ្វីដែលនៅសេសសល់នៅ គឺគ្រាន់តែជាស្រទាប់ឆ្អឹងដែលទន់ប៉ុណ្ណោះ។ មូលហេតុនេះហើយបានជាមានការនែណាំឲ្យយើងទាំងអស់គ្នាញ៉ាំទឹកដោះគោជាប្រចាំ ដោយសារតែទឹកដោះគឺជាអាហារដែលសម្បូរទៅដោយសាធាតុកាល់ស្យូមដែលអាចជួយឲ្យឆ្អឹងមានភាពរឹងមាំជាងមុន។
ចង់ក្លាយជាអ្នកពិសោធន៍ពិតប្រាកដទេ?
ការបកស្រាយខាងលើគឺគ្រាន់តែជាវិធីពិសោធតែប៉ុណ្ណោះ។ ដើម្បីឲ្យការពិសោធន៍នេះក្លាយជាការពិសោធន៍ពិតប្រាកដនោះ អ្នកអាចសាកល្បងឆ្លើយនូវសំណួរខាងក្រោមនេះ៖
១- តើរយៈពេលដែលឆ្អឹងមាន់ត្រាំនៅក្នុងទឹកខ្មេះមានឥទ្ធិពលលើភាពទន់របស់ឆ្អឹងដែរទេ?
២- តើឆ្អឹងដែរតូចជាងប្រែទៅជាទន់ឆាប់រហ័សជាងឬ?
៣- តើប្រភេទទឹកខ្មេះផ្សេងគ្នា អាចមានឥទ្ធិពលធ្វើឲ្យឆ្អឹងមានសភាពទន់ខុសគ្នាដែរទេ?
ប្រភព៖ http://www.sciencebob.com
0 comments:
Post a Comment