ប៉ូលិស ឥណ្ឌូណេស៊ី ចាប់ខ្លួនមនុស្ស ១២ នាក់ដោយជាប់សង្ស័យរឿងវាយប្រហារនៅហ្សាកាតា
ប៉ូលិសប្រទេស ឥណ្ឌូណេស៊ី កាលពីថ្ងៃសៅរ៍កន្លងទៅ បានចាប់ខ្លួនមនុស្ស ១២ នាក់ដែលសង្ស័យថាមានជាប់ទាក់ទងទៅនឹងរឿងបំផ្ទុះគ្រាប់បែកក្នុងក្រុង ហ្សាកាតា។ នៅក្នុងការបំផ្ទុះគ្រាប់បែកមួយ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដែលមានគោលបំណងវាយប្រហារហាងកាហ្វេ Starbucks និងហើយប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិស នៅក្នុងក្រុង ហ្សាកាតា បានសម្លាប់មនុស្ស ៧ នាក់ ដោយ ២ នាក់ជាជនស៊ីវិល និង មនុស្សច្រើនជាង ២០ នាក់រងរបួស។
នេះជាការវាយប្រហារដ៏ធំមួយលើកដំបូងពីសំណាក់ក្រុមឧទ្ទាមចាប់តាំងពីឆ្នាំ ២០០៩ មក ដោយប៉ូលិសថ្លែងថាជនវាយប្រហារ គឺមានចំណងទាក់ទងជាមួយនឹងក្រុមរដ្ឋឥស្លាម ISIS តាមរយៈមេខ្លោង Bahrum Naim ដែលជាជនជាតិឥណ្ឌូណេស៊ី ហើយបានទៅចូលរួមជាមួយក្រុមរដ្ឋឥស្លាមនៅស៊ីរី។ មន្ត្រីប៉ូលិសជាតិ លោក Badrodin Haiti បានប្រាប់អ្នកសារព័ត៌មានថា ការចាប់ខ្លួននេះធ្វើឡើងនៅភាគខាងលិច និង ខាងកើតកោះជ្វា និង តំបន់ Kalimantanហើយជនសង្ស័យភាគគឺមានអាយុចន្លោះពី ២៥ ទៅ ៤៣ ឆ្នាំ។
បើតាមព័ត៌មានលម្អិតអះអាងថាក្រុមឧទ្ទាមនៅឥណ្ឌូណេស៊ី បានទទួលជំនួយហិរញ្ញវត្ថុពីមេខ្លោង Bahrum Naim នៅស៊ីរីដោយលុយទាំងនោះត្រូវបានបញ្ជូនចូលប្រទេសឥណ្ឌូណេស៊ី តាមធនាគារ Western Union។ អាជ្ញាធរឥណ្ឌូណេស៊ី បានធ្វើការបិទ គេហទំព័រជាច្រើន នៅឥណ្ឌូណេស៊ី ដែលគេហទំព័រទាំងនោះបានបង្ហាញពីមនោគមន៍វិជ្ជារបស់ក្រុមរដ្ឋឥស្លាម។ ហើយថ្មីៗនាប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌូណេស៊ី ក៏ទទួលបានជោគជ័យដែរ ក្នុងការបង្ក្រាបភេរវកម្ម ជាពិសេសទៅលើក្រុមឥស្លាមជ្រុលនិយម Jemaah Islamiyah ដែលជាក្រុមវាយប្រហារនៅកោះបាលីក្នុងឆ្នាំ ២០០២ ធ្វើឲ្យមនុស្ស ២០២ នាក់បាត់បង់ជីវិត។
ប្រភព៖ Thebnews
0 comments:
Post a Comment