ឆ្នាំ ២០១៦នេះគូស្នេហ៍គួរកែទម្រង់ទំនាក់ទំនងស្នេហាពួកគេដូចម្ដេចខ្លះ?
ថ្ងៃចាប់ផ្ដើមទំព័រថ្មីនៃឆ្នាំ ២០១៦ ទើបតែរំលងផុតទៅថ្មីៗនេះ ហើយវាជាពេលដ៏ល្អក្នុងការកែទម្រង់ខ្លះៗក្នុងជីវិតប្រចាំថ្ងៃរបស់យើង ដើម្បីអោយយើងទទួលបានភាពរីករាយ ជាពិសេសនោះគឺរឿងទំនាក់ទំនងស្នេហាតែម្ដង។
តើគូស្នេហ៍គួរធ្វើអ្វីខ្លះដើម្បីកែប្រែទំនាក់ទំនងស្នេហារបស់ពួកគេអោយល្អជាងមុន?
បច្ចុប្បន្ននេះ គូស្នេហ៍ពុំមានពេលសម្រាប់ខ្លួនពួកគេក៏ដូចជាដៃគូស្នេហារបស់ពួកគេផងដែរ ហើយនេះគឺជាមូលហេតុចម្បងដែលបណ្ដាលឲ្យចំណងនៃភាពផ្អែមល្ហែមរបស់ពួកគេឈានដល់ការបែកបាក់យ៉ាងងាយបំផុត។ ជាការពិតណាស់ ការចំណាយពេលជាមួយគ្នា ការដឹងពីតម្រូវការ វាពិតជាមានសារសំខាន់ណាស់ក្នុងការធ្វើអោយទំនាក់ទំនងពួកគេមានភាពស្អិតរមួត។
ប្រសិនបើអ្នកស្ថិតក្នុងទំនាក់ទំនងស្នេហាថ្មីមួយ ចូលចាត់វិធានការមួយចំនួនដែលអ្នកនិងដៃគូរបស់អ្នកអាចអនុវត្តជាមួយគ្នាបាន ដើម្បីធ្វើអោយស្នេហារបស់លោកអ្នកមានភាពល្អប្រសើរ។ ក្រៅពីការចំណាយពេលនៅជាមួយគ្នា អ្នកជំនាញបានលើកឡើងថា អ្នកគួរតែរៀបចំពេលវេលាអោយបានល្អ សម្រាប់ខ្លួនអ្នកក៏ដូចជាម្ចាស់ស្នេហ៍របស់អ្នកផងដែរ។
ពេលវេលាគឺពិតជាខ្លីណាស់ ម្ល៉ោះហើយចូរបង្កើតរឿងរ៉ាវល្អៗទាំងឡាយក្នុងឆ្នាំ ២០១៦នេះអោយមានន័យបំផុតជាមួយនឹងកំណែប្រែល្អៗតាមដែលអ្នកទាំងពីរអាចធ្វើទៅបាន។
ហេតុដូចនេះហើយ គូស្នេហ៍ទាំងឡាយ! តើលោកអ្នកនៅរង់ចាំអ្វីទៀត? ចូរក្រឡេកមើលកំណែទម្រង់ខាងក្រោមនេះសម្រាប់ឆ្នាំ២០១៦ ដែលលោកអ្នកព្រមទាំងគូស្នេហ៍គួរតែធ្វើវាដើម្បីធ្វើអោយទំនាក់ទំនងរបស់លោកអ្នកអាចរក្សាបានជារៀងរហូត។
1.ផ្ដល់អាទិភាពដល់ស្នេហារបស់លោកអ្នក
ពិតមែនហើយ! លោកអ្នកកំពុងតែមានស្នេហាដែលអ្នកចង់រក្សាវារហូត។ អញ្ចឹងហើយ វាពិតជាសំខាន់ណាស់ក្នុងការផ្ដល់អាទិភាពអោយស្នេហារបស់លោកអ្នក។ នៅពេលដែលអ្នកផ្ដល់សារសំខាន់អោយទៅទំនាក់ទំនងរបស់លោកអ្នក លោកអ្នកកំពុងតែព្យាយាមរក្សានូវចំណងគ្រឹះដ៏រឹងមាំនៃស្នេហាលោកអ្នកអោយប្រសើរឡើងអស់មួយជីវិត។
2.បើកចំហរាល់បញ្ហា
មួយក្នុងចំណោមការកែប្រែក្នុងឆ្នាំថ្មីនេះដែលលោកអ្នកគួរធ្វើគឺ បើកចិត្តអោយទូលាយក្នុងការប្រឈមមុខនឹងបញ្ហា មិនថាបញ្ហានោះតូច ឬក៏ធំនោះទេ។ ការចូលរួមចែករំលែកបញ្ហាអាចនឹងជួយអោយលោកស្រលាញ់គ្នាកាន់ខ្លាំង។
3.ការប្រាស្រ័យទាក់ទងគ្នា
ការប្រាស្រ័យទាក់ទងគ្នា គឺជាគន្លឹះសំខាន់មួយដើម្បីអោយលោកអ្នកយល់ពីគ្នាបានច្រើន។ មិនថាលោកអ្នកមានការមមាញឹកខ្លាំងប៉ុណ្ណានោះទេ ការប្រាស្រ័យទាក់ទងគ្នាជាមួយគូស្នេហ៍របស់អ្នកគឺពិតជាមិនអាចខ្វះបាន។
4.បង្កើតការសម្រុះសម្រួលគ្នា
ចូរធ្វើការសម្របសម្រួលគ្នាដោយភាពវិជ្ជមានជាមួយនឹងដៃគូរបស់អ្នក។ វាពិតជាចាំបាច់ណាស់ សម្រាប់អ្នកទាំងពីរក្នុងការលះបង់ដើម្បីគ្នា ដើម្បីបញ្ជាក់ពីសេចក្ដីស្រលាញ់រវាងគ្នានឹងគ្នា។
5.កុំយកអ្នកទីបីមកលាយឡំ
មិនថាឆ្នាំនេះផ្ដល់អោយអ្នកនូវបញ្ហាបែបណានោះទេ លោកអ្នកមិនគួរអនុញ្ញាតអោយភាគីទីបីចូលមកជ្រៀតជ្រែក ឬដោះស្រាយបញ្ហារបស់លោកអ្នកឡើយ។ ចូររកដំណោះស្រាយជាមួយដៃគូរបស់អ្នកដើម្បីអោយស្នេហាអ្នកដំណើរការល្អវិញ។
6.មានគោលដៅស្នេហាមួយ
នៅពេលដែលបេះដូងរបស់អ្នកទាំងពីត្របាញ់ចូលគ្នា វាគឺជាពេលដែលលោកអ្នកស្ថិតក្នុងទំនាក់ទំនងស្នេហាដែលចាំបាច់ត្រូវតែកំណត់គោលដៅច្បាស់លាស់មួយ។ គោលដៅមួយក្នុងចំណោមគោលដៅទាំងអស់ គឺចំណងអាពាហ៍ពិពាហ៍។
7.អភ័យទោស ហើយបំភ្លេចចោល
ព្យាយាមអធ្យាស្រ័យអោយគ្នា ហើយបំភ្លេចវាចោលដើម្បីបញ្ជាក់ថាលោកអ្នកពិតជាស្រលាញ់គ្នាមែន។ ស្នេហាពិតគឺមិនមែនជាការចងកំហឹងគុំកួនគ្នានោះឡើយ ម៉្លោះហើយអ្នកទាំងពីរគួរតែសន្យាជាមួយគ្នាថាធ្វើអោយបាន។
8.ផ្ដល់ពេលសម្រាប់ខ្លួនអ្នក
បើទោះបីជា ស្នេហាឬការងាររបស់លោកអ្នកវាពិបាកក្នុងការដោះស្រាយយ៉ាងណាក្ដី វាពិតជាចាំបាច់ណាស់ដែលលោកអ្នកគួរតែផ្ដល់ពេលវេលាសម្រាប់ខ្លួនឯង ដើម្បីធ្វើអោយលោកអ្នកពេលវេលាគិត និងមានភាពជឿជាក់លើខ្លួនឯង។
9.ចំណាយពេលជាមួយអ្នកជុំវិញខ្លួនអ្នកផងដែរ
នៅពេលដែលមនុស្សកំពុងមានស្នេហា ពួកគេបានភ្លេចថាពួកគេមានមនុស្សដទៃដែលសំខាន់ច្រើនទៀតនៅជុំវិញ។ នេះហើយគឺចំណងរវាងដៃគូ និងមិត្តភ័ក្ដិរបស់អ្នក។ អញ្ចឹងហើយ ចូរបែងចែកអោយបានច្បាស់លាស់ដើម្បីរក្សាទាំងមិត្តភាព និងស្នេហា។









0 comments:
Post a Comment