និទានរឿងខ្មោចៈ សាកសព

Advertisements
បន្ទាប់ពីគ្រូពេទ្យរៀបចំសពដាក់រថយន្តហើយ រថយន្តក៏ចាប់ចេញដំនើរទៅផ្ទះសាច់ញាតិសព។ ហាងពូឡេងមនុស្សច្រើនកុះករកំពុងបរិភោគគុយទាវមួយចាន៥០០០០៛យ៉ាងឆ្ងាញ់ពិសារ ម្នាក់ៗត្របាក់យ៉ាងដាច់ដាបដូចដាច់បាយពីជំនាន់តាពត។ ខ្លះយកកូនមកតាម ខ្លះមកតែឯង ក្រលេកទៅខាងមុខ ម្នាក់ៗរង់ចាំតម្រង់ជួរគ្នាដោយតក់ក្រហល់ចង់ស៊ីគុយទាវពិសេស ដែលមាននាងលិញ កូនស្រីក្រមុំពូឡេងកំពុងលក់ដោយញាប់ដៃញាប់ជើង ចំនែកពូឡេងកំពុងកាប់សាច់ក្នុងបន្ទប់ដែលបិទជិតមួយ។ ប៉ុន្មានថ្ងៃនេះពិបាករកសាច់ណាស់។ ពូឡេងជាមនុស្សស្លូតបូតម្នាក់ តែដែលសំខាន់, សម្ដីគាត់ស្លូត តែចិត្តគាត់សាហាវណាស់មើលចុះគាត់ហ៊ានលើកកាំបិតកាប់វាជាដុំៗដោយមិនមានញញើតអីបន្តិចសោះ។ ចុះបើសាច់នេះជាសាច់កូនស្រីគាត់វិញ? គិតត្រឹមនេះពូឡេងនឹកទៅដល់កូនស្រីពៅគាត់ដែលទៅរៀនបន្តនៅរាជធានី។ គាត់ខានតេសួរសុខទុក្ខជាយូរហើយដោយរវល់នឹងការងារនេះពេក តែការរវល់នេះក៏ដោយសារតែកូនហ្នឹងឯង។ ពូឡេងប្រឹងរកលុយនឹងកូនគាត់ដោយសង្ឃឹមថាថ្ងៃខាងមុខគាត់នឹងបើកហាងធំជាងនេះ ហើយជួលបុគ្គលិកច្រើននាក់ ហើយបើបុគ្គលិកណាដែលធ្វើឱ្យគាត់មិនពេញចិត្ត គាត់នឹង... “ទីត...» សំលេងស៊ីផ្លេរថយន្តដឹកសពបន្លឺរឡើងមុខហាងយីហោ “ពូឡេង គុយទាវពិសេស”ដែលពន្លឺភ្លើងឡានជះចូលមក។ នាងលិញមិនខ្វល់នឹងសំលេងនោះទេព្រោះរវល់ជាមួយនឹងភ្ញៀវដែលតម្រង់ជួរចាំច្រាសច្រំគុយទាវដោយស្រេកឃ្លាន។ «ពុកហ្អាពុក?» នាងស្រែកហៅឪពុក។ «ចុះនរណាគេមកនោះពុក? មកចែកសំបុត្រការទេដឹងពុក? យី! ខំគេចមកនៅកៀនកោះចំកាត់មាត់ញកហើយនៅមានមនុស្សម៉ោរកឃើញទៀត មិនធម្មតាទេ។» ពូឡេងដើរចេញពីបន្ទប់កាប់សាច់ដោយមានឈាមប្រឡាក់តាមដៃ និងខោសរបស់គាត់។ គាត់ដើរទៅជិតរថយន្តពេទ្យនោះហើយសួរ «មានការអីលោក? ចង់ញ៉ាំគុយទាវមែនទេ?អញ្ជើញចុះសិនមក។» «មិនមែនទេ! ខ្ញុំមកពីមន្ទីរពេទ្យសមិត្តភូ គឺលោកជាសាច់ញាតិសពឈ្មោះ ឡេង ឡាទីមែនទេ? នាងបានលោតសម្លាប់ខ្លួនពីលើផ្ទះ គ្រាំគ្រឿងក្នុងបណ្ដាលឱ្យស្លាប់បែបនេះ»។ ស្ដាប់ចប់ពូឡេងឈរទ្រឹងមុខស្មើរដូចគ្មានរឿងអីកើតឡើង។ «មិនអាចទេ! កូនខ្ញុំមិនអាចសម្លាប់ខ្លួនទេ។» «សូមលោកទទួលសពនេះទៅធ្វើបុណ្យតាមប្រពៃណីផង ហើយ...នេះវិក័យប័ត្រទូទាត់»។ បុគ្គលិកពេទ្យបីនាក់បានលើកសពនារីក្រមុំចូលក្នុងហាងដែលភ្ញៀវទាំងអស់សម្លឹងមើលទៅសពនោះដោយភ្ញាក់ផ្អើល។ «ម៉ោម្នាក់ទៀតហើយ!» ភ្ញៀវម្នាក់ខ្សឹប។ នាងលិញដែលកំពុងតែដាក់គុយទាវឱ្យភ្ញៀវស៊ី ពេលឃើញសាកសពប្អូនត្រូវគេលើកមកចំពីមុខបែបនេះ នាងស្រឡាំងកាំងរត់ទៅឱប និងយំដោយក្ដីសោកសៅ។ សាកគិតទៅមើល វាជារឿងមិនគួរកើតសោះដែលនាងនៅក្មេងសោះបែរជាត្រូវស្លាប់។ រវល់តែឱបសព អ្នកទិញដែលឈរក្បែរឆ្នាំងស៊ុបគុយទាវក៏ឆ្លៀតឱកាសលួចស៊ីសាច់ដោយស្រេកឃ្លាន ព្រោះមួយថ្ងៃៗត្រូវគេបង្ខំឱ្យធ្វើការឥតល្ហែល្ហើយ។ «ប៉ា!!! នាងស្លាប់យ៉ាងម៉េចទៅ?» នាងលិញងាកសួរឪពុក ដែលអ្នកទាំងពីរសុទ្ធតែស្រឡាំងកាំងដូចគ្នា។ ពេលគុយទាវត្រូវបានលក់អស់ ពូឡេងចាប់ផ្ដើមពិភាក្សានឹងកូនស្រី។ «យើងត្រូវធ្វើបុណ្យឧទ្ធិសកុសល្យដល់ឡាទី ដើម្បីឱ្យនាងបានទៅកាន់សុគតិភព។» ពូឡេងផ្ដើមបុណ្យតែត្រូវនាងលិញប្រកែក។ «ធ្វើបុណ្យធ្វើអី? បានអីម៉ោវិញបើមនុស្សងាប់ហើយហ្នឹង? ប៉ាម៉េចក៏ចូលចិត្តចំនាយលុយឥតប្រយោជន៍បែបនេះ?» នាងតបដោយកំហឹងឱ្យតែនិយាយដល់រឿងដែលចំនាយលុយ។ «ឯងមិនមែនជាមនុស្សទេ!» ពូឡេងស្ដីទៅកូនស្រីចង្រៃ។ «បើឯងជាមនុស្សឯងត្រូវធ្វើបុណ្យឱ្យអ្នកដែលស្លាប់ទៅ! ហេតុអីក៏ឯងចិត្តអាក្រក់ម៉្លេះ?» «ប៉ាឯងថាខ្ញុំបែបនេះ ម៉ិចក៏មិនគិតមើលផងថា ហាងនេះនរណាគេអ្នកបើក? បើសិនជាធ្វើបុណ្យស្មើនឹងខាតលក់អស់ពីរថ្ងៃ ចុះម៉ូយដែលញៀនត្រូវមកស៊ីគុយទាវសាច់មនុស្សយើងរាល់ថ្ងៃ? ហើយបើនិមន្តលោកមកសូត្រមុន តើពួកគេត្រូវគេចទៅពួននៅឯណា? អតិថិជនជាចៅហ្វាយនាយណាប៉ា!» «នាងឯងនេះធ្វើអីក៏ដោយសារតែលុយ!» ពូឡេងតបវិញដោយកំហឹងឥតឧបមារ។ ដោយវាជាពេលយប់ផង ទើបសំលេងឈ្លោះគ្នាលឺពេញភូមិ។ ពូឡេងដើរទៅជិតសពកូនស្រីតែត្រូវនាងលិញទាញដៃ។ «ប៉ាថាខ្ញុំធ្វើអីក៏ដោយសារតែលុយ ចុះត្រង់ប៉ាសម្លាប់មនុស្សរាប់រយនាក់នេះក៏មិនដោយសារតែលុយទេហ្អែស?» ផាច់!! ពូឡេងទះកំភ្លៀងនាងលិញមួយដៃខ្លាំង ហើយសង្ឃឹមថានាងនឹងស្វាងពីជំងឺញៀនលុយនេះ។ នាងលិញទាញកាំបិតដ៏មុតស្រួចវាត់ខ្វាប់ត្រូវកពូឡេងធ្លាក់ក្ដុកមកដី។ «ថ្ងៃនេះបានសាច់លកច្រើនហើយ! ទាំងឪពុកទាំងប្អូនស្រី» នាងលិញគិតក្នុងចិត្តខណៈដែលកំពុងតែកាប់សាកសពប្អូនក្រមុំទៅជាដុំតូចៗ ហើយចាក់ចូលក្នុងឆ្នាំងស៊ុបដែលកំពុងតែពុះដោយអំនាចអគ្គីរាប់រយអង្សារ។ កិច្ចការប៉ុណ្ណេះនៅមិនទាន់ចប់ទេ គឺនាងត្រូវវះពោះយកពោះវៀនចេញមកទៀត ហើយនៅកាប់ឆ្អឹងធំៗរបស់ពូឡេងទៀត។ ឪកូននេះមិនអត់បានការទេ បានទាំងស្លស៊ុបគុយទាវ បានទាំងឆាក្ដៅដែលរំពឹងថាស្អែកនេះនឹងមានភ្ញៀវមកស៊ីច្រើន។ ហាងមួយនេះត្រូវប្រឈមនឹងការបិទទ្វារជាញឹក តែដែលសំខាន់គឺនាងតែងដោះស្រាយបានជានិច្ច... យប់ងងឹតឈឹង បន្ទាប់ពីភ្ញៀវចេញអស់ហើយ ស៊ីលិញរៀបចំបម្រុងបិទតូបស្រាប់តែស្រមោលនរណាម្នាក់ដើរចូលមល។ ថ្វីបើស្រមោលនោះនៅចម្ងាយឆ្ងាយពីនាងបន្តិចមែន តែអតីតកាលបានផុសអណ្ដែតមកឱ្យនាងស្គាល់ជាក់ជានរណាមួយរំពេជ។ គឺស្វាមីរបស់នាងដែលបានរត់ចោលនាងកាលពីនាងមានផ្ទៃពោះពីរខែ។ ពេលនោះនាងឈឺចិត្តណាស់យំសោកបោកប្រាណនឹកស្ដាយកូនក្នុងផ្ទៃដែលកើតមកគ្មានឪពុកហៅនឹងគេ។ «ឯងម៉ោរកស្អី?» នាងសួរបែរខ្នងដោយកំហឹងនៃការចងចាំ និងភាពត្រេកអរដែលប្រុសបណ្ដូលចិត្តនឹងត្រលប់មករួមរស់វិញ។ «ម៉ាក់វា! លើកលែងទោសឱ្យខ្ញុំទៅណា ខ្ញុំដឹងខ្លួនខុសហើយ!» នាយលុតជង្គង់ទ្រឹបដោយគិតថាមានតែវិធីនេះហើយដែលអាចឱ្យកល្យាណីស្រីគ្រប់លក្ខណ៍ម្នាក់នេះទន់ចិត្ត។ «បើម៉ាក់វាឯងមិនព្រមទទួលយកខ្ញុំទេ ខ្ញុំមិនងើបឡើងជាដាច់ខាត។» «ចង់លុតជង្គង់ដល់ងាប់ក៏ធ្វើទៅ! ពេលឯងចុះចេញពីផ្ទះ ឯងមានអានិតខ្ញុំទេពេលខ្ញុំលុតជង្គងសុំអង្វរឯង?» នាងឆ្លើយឱបដៃយ៉ាងក្អេងក្អាង ហើយពេលខ្លះលួចញញឹមតិចៗ។ «តែម៉ាក់វាគួរអានិតដល់ទឹកភ្នែកខ្ញុំផងណា!» «ឯងឱ្យខ្ញុំអានិត? រឿងអីខ្ញុំអានិត? ឯងយំមិនទាន់បាន២នាទីផង ឯខ្ញុំយំ៥ឆ្នាំហើយ។» ដោយនាយជាស្វាមីទទូចអង្វរខ្លាំងពេល ស៊ីលិញក៏ទន់ចិត្តហើយព្រមរួមរស់ជាមួយគ្នាឡើងវិញ និងសន្យាថានឹងកសាងសុភមង្គលជាថ្មី។ «ឯងឯណាពុក? ហើយឯណាកូនយើង?» នាយសួរដោយបារម្ភ។ «ពុកស្លាប់ហើយ ហើយកូនក៏ស្លាប់តាំងពីកើតមកភ្លាមម៉្លេះ!» «ស្លាប់? កូនយើងស្លាប់យ៉ាងម៉េចទៅ?» «គឺ...កាលពីឯងចុះចេញពីផ្ទះនេះទៅចោលខ្ញុំ ខ្ញុំគ្រប់ខែឆ្លងទន្លេ មានរឿងអាក្រក់មួយកើតឡើង… គ្រាន់តែខ្ញុំពោលថា ឈឺពោះខ្លាំងហើយ អ្នកទាំងអស់គ្នា ក៏ផ្អើលរៀបចំឈូរឆរ ខ្លះយកនេះ ខ្លះយកនោះ ហាក់ដូចជាមមាញឹកខ្លាំងណាស់ ។ នាយសានដែលធ្លាប់នៅចាមួយយើងទៅរៀបចំរថយន្ត ប្អូនស្រីទៅយកឥវ៉ាន់ ទឹកក្ដៅជាដើម ។ ទោះជាក្នុងផ្ទៃឈឺស្ទើរស្លាប់ក៏ដោយ ក៏ចិត្តរបស់ខ្ញុំនៅតែមានសង្ឃឹមជានិច្ច។ ភាពកក់ក្ដៅបានគ្របដណ្ដប់អារម្មណ៍ខ្ញុំមួយរំពេជ ព្រោះតែព្រហ្មវិហារធម៌នៃបងប្អូន និងអាណាព្យាបាល។ ពុកដើរចេញពីបន្ទប់ទើុមៗ ហើយប្អូនស្រីក៏ស្ទុះទៅគ្រាហ៍គាត់ ព្រោះខ្លាចគាត់ដួល។ -យ៉ាងម៉េចហើយកូន? ខ្ញុំហូរទឹកភ្នែករហាម។ មិនមែនដោយសារតែភាពឈឺចាប់នោះទេ គឺដោយសារតែការអានិត។ ប៉ាកាលណោះគាត់មានជំងឺធ្ងន់ធ្ងរ តែចិត្តរបស់គាត់នៅតែបារម្ភនឹងខ្ញុំជានិច្ច។ កូនក្នុងផ្ទៃចាប់ផ្ដើមរើឡើងម្ដងទៀត ធ្វើឱ្យខ្ញុំដកដង្ហើមស្ទើរមិនដល់គ្នា ។ វាពិបាកជាងការគិតរបស់បង១០០០ដង ។ – អូយ! ឈឺណាស់ ទ្រាំលែងបានហើយ -តោះយកទៅពេទ្យឥឡូវតែម្ដងទៅ បែបរកកើតមែនទែនហើយ ។ យី!អាស៊ន នេះកោតហ៊ានរត់ចោលប្រពន្ធវា។ រាងកាយឥតកម្លាំងរបស់ខ្ញុំត្រូវបានគេលើកដាក់រថយន្តយ៉ាងប្រុងប្រយ័ត្ន។ មិនយូរប៉ុន្មានពួកយើងក៏បានមកដល់មន្ទីរពេទ្យធំមួយ ។ វាជាពេទ្យក្នុងស្រុក ដែលគេតែងហៅថា ពេទ្យធំ ឬពេទ្យរដ្ឋ ។ នៅខាងក្នុងបរិវេណ ,អាកាសធាតុត្រជាក់ និងស្ងាត់ឈឹងមិនមានសូម្បីតែគ្រូពេទ្យម្នាក់ ដោយសារវាម៉ោង១២យប់ទៅហើយ … វាចំនាយពេលមួយសន្ទុះ ទំរាំតែឡាទីរកពេទ្យម្នាក់ឃើញ។ ពេទ្យឆ្មបស្រីនោះក៏ប្រញ៉ាប់រកបានប្រង់ការ យកមកឱ្យខ្ញុំដេក រួចគាត់ក៏រុញយ៉ាងលឿនសំដៅទៅខាងក្នុង ។ នៅកំឡុងពេលគេកំពុងតែរុញនោះខ្ញុំបានឃើញសពជាច្រើនដាក់ក្នុងបន្ទប់មួយ រំពេចនោះ ពេទ្យក៏រុញខ្ញុំចូលបន្ទប់មួយ ជាបន្ទប់ងងឹតព្រោះមិនបានបើកភ្លើង។ សាច់ញាតិទាំងអស់ត្រូវចាំនៅខាងក្រៅសិន។ វានៅតែស្ថិតក្នុងសភាពស្ងាត់ឈឹងដដែល។ ក្នុងបន្ទប់បិទជិតឈឹង ដែលអ្នកខាងក្រៅមិនអាចមើលឃើញមកក្នុងបានឡើយ។ ចង្អុលដៃរបស់ពេទ្យស្រីចុចបើកភ្លើង និងកង្ហារ ហើយគាត់ក៏ត្រូវស្រឡាំងកាំង នៅពេលដែលឃើញបុរសម្នាក់ឈរពីក្រោយប្រង់ការក្បែរខ្ញុំ ។ – អាដឿន !នេះឯងមកសំងំទីនេះពីអង្កាល់ ទីនេះជាកន្លែងរឥក៣ង៣៩៣យឆ្លងទន្លេ ទៅ…ទៅបន្ទប់ផ្លូវចិត្តវិញ ។ ម៉ស់ អ្នកគ្រូនាំទៅ ភ្នែកទាំងគូររបស់អ្នកជំងឺផ្លូវចិត្តម្នាក់នេះបើកក្រឡោតសម្លឹងពោះរបស់ខ្ញុំបន្តិច រួចសម្លក់ទៅមុខពេទ្យស្រី ។ ដៃរបស់វាកាន់កន្ត្រៃកាត់ទងផ្ចិតក្បែរនោះ ហើយចាក់ទៅលើថ្ងាសពេទ្យឆ្មប ។ -អា…ដឿ..ន …. ឯងចង់…សម្លាប់…អញ អ្នកគ្រូពេទ្យនិយាយទាំងឈឺចាប់ ព្រមទាំងប្រុងបើកទ្វារចេញ តែទង្វើនេះត្រូវបានបង្អាក់ដោយវា ចាប់សក់គាត់ជាប់មិនលែង។ ហើយអ្នកគ្រូព្យាយាមប្រវាយប្រតប តែត្រូវវាតបវិញដោយយកម្ជុលមួយនៅក្បែរនោះ ចាក់ទៅលើដៃពេទ្យ។ មិនដឹងជាវាចាក់ថ្នាំអ្វីទេ ទើបបណ្ដាលឱ្យអ្នកគ្រូដួលគ្រាំង។ វាស្ទុះទៅចាក់សោរទ្វារហើយ យកកន្ត្រៃនោះចាក់ទៅលើសិរីរាងសំខាន់ៗរបស់អ្នកគ្រូពេទ្យឆ្មប។ គាត់លែងកម្រើក ដែលអាចសន្មត់បានថា គាត់ស្លាប់ហើយ។ ខ្ញុំនៅស្ងៀមមិនហ៊ានកម្រើក តែកូនក្នុងផ្ទៃហាក់ចង់ចេញមកវ៉ៃតទល់ជាមួយមនុស្សឆ្កួតនេះហើយមើលទៅ ទើបបានវាធ្វើទុក្ខម្ដាយវាយ៉ាងនេះ ។ ខ្ញុំទ្រាំមិនបាន បញ្ចេញសំឡេង “អូយ” ស្របពេលឃាតករវិកលចរឹក ងាកយ៉ាងលឿនហើយដើរមកជិតខ្ញុំ ។ ខ្ញុំស្រែកខ្លាំងៗដែលសង្ឃឹមថាអ្នកខាងក្រៅនឹងមកជួយ តែឥតប្រយោជន៍ , ពួកគេមិនបានឮសំឡេងអ្វីបន្តិចពីក្នុងបន្ទប់បិទជិតនេះឡើយ។ ឃាតករមើលមុខខ្ញុំ ឈ្ងោកមកជិតរួចនិយាយតិចៗក្បែរត្រចៀក : -មិនអីទេ !ចាំខ្ញុំជួយបង្កើតឱ្យណា ឃ្លានេះ វាធ្វើឱ្យខ្ញុំស្លុតព្រលឹងយ៉ាងខ្លាំង ខ្ញុំមិនអាចធ្វើអ្វីបានឡើយ ហើយកម្លាំងក៏ខ្សោយទៅៗរហូតដល់និយាយលែងឮ។ ឃាតករដោះសម្លៀកបំពាក់ ម៉ាសនិងស្រោមដៃពីពេទ្យហើយពាក់ខ្លួនវា។ វាធ្វើដូចវិជ្ជបណ្ឌិត ឫឆ្មបអ៊ីចឹង ។ ខ្ញុំព្យាយាមអង្វរវា ទោះជាសំឡេងទាំងនេះវាឮតែក្នុងខួរក្បាលខ្លួនឯងក៏ដោយ។ អ្នកជំងឺផ្លូវចិត្តដើរមកជិតរាងកាយពោះកំប៉ោងដែលមានចលនារវើកៗ ពីកម្លាំងទារកដែលនឹងកើតនាបន្តិចទៀតនេះ ។ -ឈឺយូរបែបនេះ មានតែវះកាត់ហើយទើបបាន និយាយរួច វាយកកាំបិតវះកាត់(ឡាម)មកវះឆៅៗពីលើស្បែកពោះខ្ញុំ ខ្ញុំមានអារម្មណ៍ថាកូនក្នុងផ្ទៃបម្រាស់ជាខ្លាំង។ វាទាញក្បាលកូនចេញហើយច្របាច់ករហូតកូនដាច់ខ្យល់ស្លាប់។ -កុំអី ៗៗជួយ…ផ…ង… -ឈប់សិន !ឯងធ្វើអីនឹង -អាមនុស្សឆ្កួត ឈប់ភ្លាម មនុស្សមួយចំនួនបានគាស់ទ្វារចូលមកបាន ។ ពេទ្យម្នាក់បានស្ទុះមកចាប់ឃាតកររោគចិត្ត ។ វាជាពន្លឺនៃក្ដីសង្ឃឹមរបស់ខ្ញុំ តែហួសពេលហើយ កូនយើងស្លាប់ហើយគ្មានថ្ងៃវិលវិញ។» បន្ទាប់ពីរៀបរាប់ហូរហែរមកអ្នកទាំងពីរក៏ចូលដេក តែពាក់កណ្ដាលអធ្រាត មានសំលេងស្រែករបស់នរណាម្នាក់បន្លឺរឡើង។ --- ស្អែកឡើង មនុស្សតម្រង់ជួរហូរហែរកាន់ចានរៀងៗខ្លួនចាំច្រាសច្រំគុយទាវដូចសព្វមួយដង។ ស៊ីលិញមើលដុំសាច់ និងឆ្អឹងអណ្ដែតក្នុងឆ្នាំងគុយទាវហើយញញឹម។ ការវិលត្រលប់របស់ប្ដីនាងមិនអត់ប្រយោជន៍ទេ បានទាំងសាច់លក់ បានទាំងរំសាយការឈឺចាប់កន្លងមក។ គុយទាវមួយឆ្នាំងនេះពិតជាពិសេសហើយ។ ទៅឱ្យបានសុខចុះប្ដីចង្រៃ... (នេះគ្រាន់ជាភាគមួយដែលយើងកាត់យកពីរឿង គុយទាវពិសេស)
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment