ចិនគ្រោងដាក់ពង្រាយនាវាល្បាតថ្មីនិងធំផុតរបស់ខ្លួន នៅតំបន់មានជម្លោះក្នុងសមុទ្រចិនខាងត្បូង
ប្រទេសចិន ជិតផលិតរួចហើយនូវនាវាការពារដែនសមុទ្រដ៏ធំរបស់ខ្លួន ដែលនឹងត្រូវដាក់ឲ្យធ្វើប្រតិបត្តិការនៅក្នុងតំបន់មានជម្លោះនាសមុទ្រចិនខាងត្បូង។ នាវាល្បាតចុងក្រោយរបស់ចិននេះនឹងបំពាក់មកដោយកាំភ្លើងយន្ត រួមជាមួយនឹងខែលការពារ ផងដែរ នេះបើយោងតាមកាសែត Global Times។ នាវាល្បាតចិនថ្មីមានឈ្មោះថា ៣៩០១ អាចផ្ទុកទម្ងន់បាន ១២ ០០០ តោន ដែលបំពាក់ដោយកាំភ្លើងយន្តទំហំ ៧៦ មីលីម៉ែត្រ កាំភ្លើងជំនួយពីរដើម និងកាំភ្លើងយន្តប្រឆាំងនិងយន្តហោះចម្បាំង ពីរដើមដូចគ្នា រួមទាំងមានកន្លែងសម្រាប់ឲ្យឧទ្ធម្ភាគចក្រចុះចតបាន។
នាវាល្បាត៣៩០១ នេះនឹងក្លាយជានាវាល្បាតទីពីរ របស់ចិន ដែលវាក៏ជានាវាល្បាតធំបំផុតលើលោកផងដែរ នេះហើយយោងតាមសារព័ត៌មាន Global Times។ កាលពីឆ្នាំមុនចិនបានដាក់ឲ្យដំណើរការមួយរួចមកហើយនូវនាវាល្បាតដែលមានលក្ខណៈស្រដៀងគ្នានេះ នៅក្នុងសមុទ្រចិនខាងកើត ដែលជាតំបន់ដែនទឹកមានជម្លោះជាមួយនឹងប្រទេសជប៉ុន។ នាវាល្បាតថ្មីដែលមាននាទីទៅបំពេញបេសកកម្ម នៅសមុទ្រចិនខាងត្បូងនេះ កាន់តែធ្វើឲ្យការល្បាតដែនទឹក រវាងចិននឹងអាមេរិក មើលមុខគ្នាមិនចំថែមទៀតនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាខ្សែផ្លូវធ្វើពាណិជ្ជកម្មមមាញឹកបំផុតមួយ។
0 comments:
Post a Comment