តើផ្លែដូងមានសារៈប្រយោជន៍អ្វីខ្លះនៅក្នុងវេជ្ជសាស្ត្រ?
ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលសម្បូរទៅដោយផ្លែដូង ហើយយើងសង្កេតឃើញផ្លែប្រភេទនេះមានស្ទើរតែគ្រប់ទីកន្លែងពាសពេញផ្ទៃប្រទេស។ ទឹកដូង សាច់ដូងក៏ជាភេសជ្ជៈនិងអាហារដែលទទួលការពេញនិយមផងដែរពីសំណាក់ប្រជាជនខ្មែរ។ អ្នកប្រាកដជាដឹងខ្លះៗ ហើយពីសារៈប្រយោជន៍របស់វា តែសម្រាប់វិទ្យាសាស្ត្រវិញ តើគេគិតយ៉ាងណាចំពោះផ្លែដូងនេះ? ដូចនេះ ថ្ងៃនេះ «គំនិត»សូមលើកយកអត្ថបទស្តីពីសារៈប្រយោជន៍របស់ដូងដែលអ្នកវិទ្យាសាស្ត្របានសិក្សាស្រាវជ្រាវរកឃើញជាពិសេសនោះគឺការប្រើប្រាស់នៅក្នុងវេជ្ជសាស្ត្រមកចែកជូនប្រិយមិត្តទាំងអស់គ្នាដើម្បីទុកអានកម្សាន្ត និងបង្កើនចំណេះ។
កូកូស នុយស៊ីហ្វេរ៉ា (Cocos nucifera) គឺជាឈ្មោះរបស់អ្នកវិទ្យាដាក់ឲ្យសម្រាប់ហៅដូង។ ផ្លែដូងបានផ្តល់នូវអាហារបំប៉នជាច្រើនដែលក្នុងនោះមានដូចជា សាច់ដូង ទឹកដូង ខ្ទិះ និងប្រេងដែលបានជួយចិញ្ចឹមជិវិតមនុស្សជាច្រើននៅទូទាំងពិភពលោកជាយូរយាណាស់មកហើយ។ ជិត១/៣នៃប្រជាជននៅលើពិភពលោកបានពឹងផ្អែកទៅលើផ្លែដូង នៅក្នុងកម្រិតណាមួយ សម្រាប់ធ្វើជាអាហារ និងសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចរបស់ពួកគេ។
ផ្លែដូងគឺសម្បូរទៅដោយជីវជាតិបំប៉ន និងអាហារសរសៃ សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើន។ វាត្រូវបានបែងចែកឲ្យស្ថិតនៅក្នុងក្រុម “អាហារដែលមានសារជាតិបន្ថែមពិសេស” ដែលផ្តល់នូវសារៈប្រយោជន៍ជាច្រើនដល់សុខភាពបន្ថែមពីលើសារធាតុចិញ្ចឹមរាងកាយរបស់វា។ ប្រេងដូង គឺពិសេសជាងប្រេងផ្សេងៗទៀតដោយសារតែវាមានប្រសិទ្ធិភាពក្នុងការព្យាបាលហើយត្រូវបានគេយកមកផ្សំធ្វើជាឱសថបុរាណនៅបណ្តាប្រទេសនាទ្វីបអាស៊ី និងប៉ាស៊ីភិច។ ប្រជាជននៅលើកោះប៉ាស៊ីភិចបានចាត់ទុកប្រេងដូងជាឱសថដែលអាចព្យាបាលជម្ងឺគ្រប់ប្រភេទ។ ដើមដូងត្រូវបានពួកគេចាត់ទុកជាវត្ថុដ៏មានតម្លៃដោយសារតែវាគឺជាប្រភពនៃអាហារ និងឱសថដែលគេដាក់ឈ្មោះឲ្យថា “ដើមនៃជីវិត”។ ទើបតែថ្មីៗនេះប៉ុណ្ណោះដែលវេជ្ជសាស្ត្រសម័យទំនើបបានគាស់កកាយអាថ៌កំបាំងរបស់ផ្លែដូងដែលពោរពេញទៅដោយកម្លាំងព្យាបាលដ៏មហិមា។
ផ្លែដូងនៅក្នុងឱសថបុរាណ
ប្រជាជនដែលមានវប្បធម៌ ភាសា សាសនា និងជាតិសាសន៍ខុសគ្នាដែលរស់នៅជុំវិញពិភពលោកបានចាត់ទុកផ្លែដូងគឺជាធនធានដ៏មានតម្លៃ ជាច្រើនពាន់ឆ្នាំមកហើយដែលផ្លែដូងត្រូវបានគេកោតស្ញប់ស្ញែង និងផ្តល់តម្លៃនៅក្នុងឱសថបុរាណ។
នៅក្នុងផ្នែកឱសថបុរាណនៅជុំវិញពិភពលោក ដូងត្រូវបានគេយកទៅព្យាបាលជម្ងឺជាច្រើនដូចជា កើតបូសឬខ្ទុះ ជម្ងឺហឺត ទំពែក រោគរលាកទងសួត ស្នាមជាំ ក្តៅខ្លួន គ្រុន ជម្ងឺទល់លាមក ក្អក ជម្ងឺហើម រោគមួល ការឈឺក្នុងត្រចៀក ផ្តាសាយ រលាកអញ្ចាញធ្មេញ រោគប្រមេះ រដូវមិនទៀងទាត់ ជម្ងឺខាន់លឿង គ្រោះក្នុងតម្រងនោម ចៃ ឧនាហារូបត្ថម្ភ ចង់ក្អួតចង្អោរ រោល រមាស់ស្បែក ជម្ងឺស្បែក ស្អារក ហើម រោគស្វាយ ឈឺធ្មេញ រោគរបេង សាច់ដុះ គ្រុនពោះវៀន ដំបៅ ពោះមិនស្រួល ខ្សោយ និងរបួសជាដើម។
ដូងនៅក្នុងវេជ្ជសាស្ត្រសម័យទំនើប
នៅក្នុងវេជ្ជសាស្ត្រសម័យថ្មី ដូងត្រូវបានគេបញ្ចាក់និងអនុញ្ញាត្តិឲ្យយកទៅព្យាបាលនូវអាការៈដែលកើតមានដូចខាងក្រោម។ ការសិក្សាស្រាវជ្រាវដែលបានបោះពុម្ភផ្សាយនៅក្នុងទិន្នានុប្បវត្តិវេជ្ជសាស្ត្របានបង្ហាញថា ដូងបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព។ ការប្រើប្រាស់មួយចំនួនក្នុងចំណោមជាច្រើនត្រូវបានសង្ខេបដូចខាងក្រោម៖
– សម្លាប់មេរោគដែលបង្កឲ្យកើតគ្រុនផ្តាសាយធំ រោគស្វាយបែក កញ្ច្រិល រោគរលាកថ្លើមប្រភេទសេ ជម្ងឺSARS អេដស៍ និងជម្ងឺផ្សេងទៀត។
– សម្លាប់បាក់តេរីដែលបង្កឲ្យកើតដំបៅ រោគប្រមេះ និងជម្ងឺផ្សេងៗទៀត។
– សម្លាប់ផ្សិត និងផ្សិតដំបែដែលបង្កឲ្យកើត ជម្ងឺស្រែង ជ្រាំងអណ្តាត រលាកគូថក្មេង(នៅពេលស្លៀកកន្តូប) និងជម្ងឺក្លាយដ៏ទៃទៀត។
– ទម្លាក់ និងសម្លាប់ព្រូន ចៃ និងប៉ារ៉ាស៊ីតដទៃទៀត។
– ផ្តល់នូវប្រភពអាហារបំប៉នដែលផ្តល់ថាមពលបានរហ័ស។
– បង្កើនថាមពល និងការអត់ធន់ និងធ្វើឲ្យរាងកាយកាន់តែប្រសើរឡើង។
– ធ្វើឲ្យប្រសើរឡើងប្រព័ន្ធរំលាយអាហារ និងការស្រូបយកអាហារបំប៉នដទៃទៀតដូចជាន វីតាមីន សារធាតុរ៉ែ និងអាមីណូអាស៊ីត។
– ជួយឲ្យជាតិស្ករក្នុងឈាមមានសភាពធម្មតា។
– កាត់បន្ថយស្ត្រេសពីលំពែង និងប្រព័ន្ធអង់ស៊ីមរបស់សារពាង្គកាយ។
– ជួយឲ្យអាការៈមានភាពធូរស្បើយ និងកាត់បន្ថយគ្រោះថ្នាក់ដែលមានទំនាក់ទំនងនឹងជម្ងឺទឹកនោមផ្អែម។
-ធ្វើឲ្យប្រសើរឡើងនូវការស្រូបយកជាតិកាល់ស្យូម និងម៉ាញេស្យូម និងធ្វើឲ្យឆ្អឹង និងធ្មេញរឹងមាំ។
– ជួយការពារជម្ងឺពុកឆ្អឹង។
– ទ្រទ្រង់ការព្យាបាល និងជួសជុល ជាលិកា។
– ទ្រទ្រង់ប្រព័ន្ធការពារសារពាង្គកាយ។
– ធ្វើឲ្យបេះដូងមានសុខភាពល្អ និងកាត់បន្ថយគ្រោះថ្នាក់នៃជម្ងឺបេះដូង។
– ជួយការពារសារពាង្គកាយពីជម្ងឺមហារីកសុដន់ ពោះវៀន និងមហារីកដ៏ទៃទៀត។
- រំលាយគ្រោះតម្រងនោម។
– ជួយទប់ស្កាត់ជម្ងឺថ្លើម។
– ជួយបង្កើនសុខភាពសក់។
– មិនមានផលប៉ះពាល់អ្វីទាំងអស់។
-មិនមានជាតិពុល។ ល។
សរុបសេចក្តីទៅ ផ្លែដូងពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពរបស់មនុស្សគ្រប់រូប។ ដូចនេះ សូមកុំភ្លេចបរិភោគសាច់ ឬក៏ទឹកដូងឲ្យបានញឹកញាប់ផងណា ព្រោះនៅក្នុងប្រទេសកម្ពុជាយើងគឺសម្បូរខ្លាំងណាស់ ហើយរីឯតម្លៃវិញក៏មិនថ្លៃប៉ុន្មានដែរបើប្រៀបធៀបទៅនឹងផ្លែឈើដទៃទៀត៕
ប្រភព៖គំនិត
0 comments:
Post a Comment