ក្រុម ISISស្ថិតនៅលេខ៤ជាក្រុមបង្កអសន្តិសុខខ្ពស់ដល់ពិភពលោកទោះបីជួបវិបត្តិធ្ងន់ធ្ងរ
អ្នកជំនាញខាងភូមិសាស្ត្រនយោបាយ បានធ្វើការព្យាករណ៍ថា ក្រុមភេរវនិយម រដ្ឋឥស្លាម ហៅថា ISIS នឹងនៅបន្តមានបញ្ហាដ៏ធំក្នុងក្រុមរបស់ខ្លួន សម្រាប់ឆ្នាំ ២០១៦ នេះ។ ក្រុមអ្នកស្រាវជ្រាវពីហានិភ័យនៃនយោបាយមកពីអង្គភាព The Eurasia Group បានបញ្ចេញរបាយការណ៍របស់ខ្លួនកាលពីថ្ងៃច័ន្ទម្សិលមិញ ស្តីពីហានិភ័យធំៗទាំង១០ ដែលនឹងកើតមាននៅឆ្នាំ ២០១៦ នេះ ក្នុងនោះ ក្រុមអង្គការ រដ្ឋឥស្លាម ISIS, ISIL, ឬ ហៅថា Daesh ស្ថិតនៅក្នុងលេខរៀងទី ៤ ដែលជាក្រុមបង្កគ្រោះដ៏ធំមួយសម្រាប់ពិភពលោក។
ក្រុមអ្នកជំនាញខាងភូមិសាស្ត្រនយោបាយបានសំគាល់ឃើញថា ការវាយប្រហារពីសំណាក់ក្រុមប្រទេសលោកខាងលិច ទៅលើក្រុម ISIS គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ព្រោះវាយប្រហារខុសគោលដៅច្រើន និងមិនទាន់មានគោលដៅច្បាស់លាស់។ ក្រុមអ្នកជំនាញខាងលើបានបង្ហាញពីទិដ្ឋភាពនៃបញ្ហារបស់ក្រុម ISIS ដែលនឹងត្រូវប្រឈមសម្រាប់ឆ្នាំ ២០១៦ នេះផងដែរ។
ការវាយប្រហារដ៏ច្រើនលើសលុប ពីអន្តរជាតិ និង ការជជែកពិភាក្សា នៅតែបន្តធ្វើបន្ថែមទៀតទៅលើក្រុមរដ្ឋឥស្លាម ដោយក្នុងនោះរួមទាំងការបញ្ជូនកងកម្លាំងពិសេសថ្មើរជើងដើម្បីបោសសម្អាត។ សហរដ្ឋអាមេរិក និង រុស្សី នៅតែជាប្រទេសដ៏ធំដែលគាំទ្រដល់របបលោកប្រធានាធិបតី Bashar al-Assad ហើយប្រទេស អារ៉ាប៊ីសាអ៊ូឌីត និង អ៊ីរ៉ង់ នៅតែបន្តជាគូប្រឆាំងដ៏ធំនៅក្នុងតំបន់ដដែល។
ចំណែកដែនដីដ៏រឹងមាំដែលធ្លាប់ជាជម្រករបស់ក្រុមរដ្ឋឥស្លាមបានបាត់បង់ជាបណ្ដើរៗ ដោយក្រុម ISIS មិនងាយនិងវាយដណ្ដើមបានមកវិញឡើយ ហើយក្រុមជម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីវាយកម្ទេចក្រុមរដ្ឋឥស្លាម ក៏ទទួលបានការគាំទ្រច្រើនឡើងៗដែរ។ រុស្សី ដែលមានបេសកកម្មទម្លាក់គ្រាប់បែកនៅស៊ីរី ដើម្បីគាំទ្ររបបរបស់លោក Assad ដែលភាគច្រើនត្រូវបានគេដឹងថាបានទម្លាក់ទៅលើជនស៊ីវិលភាគច្រើនជាងក្រុមឧទ្ទាម។
រីឯក្រុមរដ្ឋឥស្លាម បានបង្វែរ យកអំពើឃោរឃៅ របស់លោក Assad មកធ្វើជាកម្លាំងថាមពលដើម្បីទាក់ទាញនូវសមាជិកថ្មីដើម្បីមកចូលរួមក្រុម ដោយបានផ្សព្វផ្សាយឃោសនាថា ក្រុមរដ្ឋឥស្លាម ISIS អាចការពារអ្នកកាន់សាសនាឥស្លាម និកាយ ស៊ុននី (Sunnis) ពីការធ្វើទុក្ខរបស់រដ្ឋាភិបាលស៊ីរីបាន។ ក្រុមអ្នកជំនាញខាងលើក៏បានបង្ហាញពីហានិភ័យ បង្កឡើងដោយក្រុមរដ្ឋឥស្លាមផងដែរថា ឥទ្ធិពលរបស់ក្រុម ISIS បានពង្រីកខ្លាំងក្នុងតំបន់ជាពិសេស អ៊ីរ៉ាក់ និង ស៊ីរី ប៉ុន្តែដោយសារបាត់មូលដ្ឋានរឹងមាំជាច្រើននៅអ៊ីរ៉ាក់ ក្រុមមួយនេះបានបង្វែរ ទិសដៅទៅវាយកាន់កាប់ តំបន់នៅក្នុងប្រទេស លីប៊ី អាហ្វហ្គានីស្ថាន និង យេមែន ដើម្បីពង្រីកដែនឥទ្ធិពលខ្លួននៅទីនោះ។
ក្រុមអ្នកជំនាញភូមិសាស្ត្រនយោបាយ The Eurasia Group ក៏បានរៀបរាប់ទៀតថា ការធ្វើសង្គ្រាមប្រឆាំងក្រុម ISIS តាមរយៈការវាយប្រហារតាមដែនអាកាស និង តាមថ្មើរជើង គឺមិនគ្រប់គ្រាន់នៅឡើយទេ ប្រទេសអារ៉ាប គួរធ្វើសង្គ្រាមឃោសនាផងដែរ ព្រោះក្រុមរដ្ឋឥស្លាម បានធ្វើការឃោសនា ប្រកបដោយប្រសិទ្ធភាព ដោយពួកគេទទួលបានការគាំទ្រ ពីអ្នកកាន់សាសនាឥស្លាម និកាយ ស៊ុននី។

0 comments:
Post a Comment