ប៉ូលិសឥណ្ឌូណេស៊ី៖ ISIS អាចមកវាយប្រហារសាជាថ្មី ជាទ្រង់ទ្រាយធំជាងមុន
ប្រទេសឥណ្ឌូណេស៊ី កំពុងត្រៀមកម្លាំងទប់ទល់ចំពោះការត្រឡប់មកវិញនៃភេរវជនជ្រុលនិយម ISIS ពីមជ្ឈិមប្រទេស ដែលអាចមកវាយប្រហារជាថ្មី។ នេះបើតាមការឲ្យដឹង មេបញ្ជាការប៉ូលិសឥណ្ឌូណេស៊ី កាលពីថ្ងៃច័ន្ទម្សិលមិញ។
តាមការចុះផ្សាយរបស់ Jakarta Globe ការវាយប្រហារនៅកណ្ដាលរដ្ឋធានីឥណ្ឌូណេស៊ី ជាគម្រោងការមួយ “ផែនការ B” ធ្វើឡើងដោយក្រុមទាហាន ISIS ក្រោយពីប្រតិបត្តិការប៉ូលិស បានបង្អាក់គម្រោងការវាយប្រហារ នាអំឡុងពេលថ្ងៃគ្រិស្តស្មាស និងថ្ងៃបុណ្យចូលឆ្នាំសកល។
លោកមេបញ្ជាការប៉ូលិសឥណ្ឌូណេស៊ី Badrodin Haiti បាននិយាយទៅ Reuters ថា៖ ” ខ្ញុំជឿថា ការវាយប្រហារនោះគឺផែនការ B។ ក្រោយផែនការមិនបានសម្រេច ពួកគេក៏បានវាយប្រហារលើផ្លូវ Thamrin ជាកន្លែងមានមនុស្សធ្វើដំណើរច្រើន។ ការវាយប្រហារទ្រង់ទ្រាយធំជាងមុន អាចកើតមាន ប្រសិនបើពួកគេត្រលប់មកវិញ”។
អាជ្ញាធរឥណ្ឌូណេស៊ី បានឲ្យដឹងថា មានប្រជាជនឥណ្ឌូណេស៊ី ៥០០នាក់បានធ្វើដំណើរទៅ មជ្ឈិមបូព៌ា ដើម្បីចូលរួមជាមួយក្រុម ISIS ។ អ្នកចូលរួមចំនួន១០០នាក់ ត្រូវគេជឿថាបានត្រលប់មកឥណ្ឌូណេស៊ីវិញហើយ។
ទោះយ៉ាងណាក្ដី លោកមេបញ្ជាការ Badrodin បានបន្តទៀតថា ប៉ូលិសនឹងបន្តខំប្រឹងប្រែងទ្វេជាពីរ ដើម្បីតាមដានរកមើលបណ្ដាញ ISIS ក្នុងប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីកើតមានការវាយប្រហារចុងក្រោយនោះ។
គួរបញ្ជាក់ផងដែរ ថាការបំផ្ទុះគ្រាប់បែកដៃ និងបាញ់ប្រហារកាំភ្លើងនៅ Thamrin Road រដ្ឋធានី ហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី កាលពីព្រហស្បតិ៍កន្លងទៅ បានធ្វើឲ្យមនុស្ស ៨នាក់ស្លាប់ មាន៤ នាក់ជាមន្ត្រីប៉ូលិស និង២០នាក់បានរងរបួស ៕
ប្រភព៖ News.Sabay
0 comments:
Post a Comment