តើមហាសេដ្ឋីប្រាក់ចាយមិនអស់លេខ ១៨ ពិភពលោក Sheldon Adelson មានប្រវត្តិដូចម្ដេចខ្លះ?
លោក Sheldon Adelson ដែលជាមហាសេដ្ឋីពាណិជ្ជកម្មអាមេរិក វិនិយោគិន និង ជាសប្បុរសជនមួយរូបផង។ សព្វថ្ងៃលោក Sheldon Adelson ជាប្រធាន និង ជានាយកប្រតិបត្តិក្រុមហ៊ុន សណ្ឋាគារ និង កាស៊ីណូ Las Vegas Sands Corporation និងជាម្ចាស់កន្លែងកម្សាន្ត នៅសិង្ហបុរីឈ្មោះថា Marina Bay Sands។ មកដល់ដើមឆ្នាំ ២០១៦ នេះលោក Sheldon Adelson បានជាប់ចំណាត់ថ្នាក់លេខ ១៨ ពិភពលោកដែលមហាសេដ្ឋីមានជាងគេលើលោកជាមួយទ្រព្យសម្បត្តិ ៣១,៤ ពាន់លានដុល្លារ នេះបើយោងតាមទស្សនាវដ្ដី Forbes។ តើលោក Sheldon Adelson មានប្រវត្តិយ៉ាងដូចម្ដេចខ្លះ ក្នុងឆាកជីវិតរបស់លោក?
លោក Sheldon Adelson មានឈ្មោះពេញថា Sheldon Gary Adelson កើតនៅក្នុងគ្រួសារក្រីក្រមួយ ក្នុងទីប្រជុំជន Dorchester ក្បែរទីក្រុង Boston រដ្ឋ Massachusetts នៅថ្ងៃទី ០៤ សីហា ឆ្នាំ ១៩៣៣។ គ្រួសាររបស់លោកមានដើមកំណើតអ៊ុយក្រែនកាន់សាសនា Jewish ដែលឪពុកជាអ្នកបើកតាក់ស៊ី និង ម្តាយបើកហាងលក់ប៉ាក់មួយ។ លោក Sheldon Adelson បានចាប់ការងារអាជីវកម្មរបស់ខ្លួននៅពេលដែលលោកមានវ័យ ១២ ឆ្នាំ ដោយលោកបានខ្ចីលុយពីពូរបស់លោកចំនួន ២០០ ដុល្លារ(ស្មើនឹង ២ ៦៤០ ដុល្លារបច្ចុប្បន្ន) ហើយបានទិញអាជ្ញាប័ណ្ណ ក្នុងការលក់កាសែត នៅក្នុងទីក្រុង Boston។
មកដល់វ័យ ១៦ ឆ្នាំពោលគឺឆ្នាំ ១៩៤៨ លោកបានខ្ចីលុយបន្ថែមទៀតចំនួន ១០ ០០០ ដុល្លារ(ស្មើនឹង ៩៨ ៥០០ ដុល្លារបច្ចុប្បន្ន) ពីពូរបស់លោកដើម្បីចាប់ផ្តើមអាជីវកម្ម ផលិតស្ករគ្រាប់។ ក្រោយមកលោកបានចូលរៀនសាលាពាណិជ្ជកម្មមួយដោយបានក្លាយខ្លួនជា អ្នកនាំពាក្យឲ្យតុលាការ និង បានចូលរួមក្នុងកងយោធាជាញឹកញាប់ក្រោយមក លោក Sheldon Adelson ក៏បានចូលរៀនមហាវិទ្យាល័យ City College of New York ប៉ុន្តែបានបោះបង់ចោលការសិក្សាទៅវិញ។
ក្រោយពីបោះបង់ចោលការសិក្សាលោក Sheldon Adelson បានបើកអាជីវកម្មមួយ គឺការលក់ កាតាបដើម្បីដាក់របស់របរប្រើប្រាស់ប្រចាំថ្ងៃ។ ក្រោយពីលោកត្រូវបានគេបណ្តេញចេញពីជួរកងទ័ពលោក Sheldon Adelson បានបើកអាជីវកម្មមួយទៀតឈ្មោះថា De-Ice-It ដែលលក់ ស្ព្រាយ សម្រាប់បាញ់សម្អាតកញ្ចក់។ មកដល់ទសវត្សឆ្នាំ ១៩៦០ លោកបានចាប់ផ្តើមអាជីវកម្មថ្មីមួយទៀតគឺ ការបម្រើសេវាទេសចរណ៍ ដែលធ្វើឲ្យលោកបានក្លាយជាមហាសេដ្ឋីយ៉ាងឆាប់រហ័ស។ ក្នុងវ័យ ៣០ ឆ្នាំ លោក បានបង្កើតអាជីវកម្មយ៉ាងច្រើន គឺមិនតិចជាង ៥០ អាជីវកម្មឡើយសម្រាប់លោកខ្លួនឯង។
មកដល់ឆ្នាំ ១៩៨៨ លោក Sheldon Adelson ជាមួយនឹងដៃគូវិនិយោគរបស់លោកបានទិញយក នូវសណ្ឋាគារ និង កាស៊ីណូ Sands Hotel and Casino ក្នុងទីក្រុង Las Vegas។ ក្រោយមកទៀតលោកនិងដៃគូវិនិយោគ បានសាងសង់នូវមជ្ឈមណ្ឌលកម្សាន្តថ្មីមួយទៀតមានឈ្មោះថា Sands Expo and Convention Center និងក្រោយមកទៀតបានក្លាយជាកម្មសិទ្ធិរបស់លោកតែម្នាក់ឯង។
ដោយទទួលបានភាពជោគជ័យឥតឈប់ឈរលោក Sheldon Adelson បានពង្រីកសាខាសណ្ឋាគារ និង កាស៊ីណូ របស់លោកទៅកាន់ទីក្រុងមួយចំនួនទៀតនៅអាមេរិក នៅទៅបណ្តាប្រទេស លូតលាស់សេដ្ឋកិច្ចខ្លាំងនៅជុំវិញពិភពលោកដូចជា ទីក្រុង ម៉ាកាវ ប្រទេសចិន និង Marina Bay របស់ប្រទេស សិង្ហបុរី។

0 comments:
Post a Comment