សាកល្បងធ្វើសមាធិនូវចំណុចទាំង ៧ នេះដើម្បីស្វែងយល់ពីចិត្តខ្លួនឯងឲ្យកាន់តែច្បាស់
១) អង្គុយសមាធិពីរនាទីក្នុងមួយថ្ងៃ ៖ នេះជាវិធីដ៏សាមញ្ញនិងគួរឲ្យអស់សំណើច ដោយគ្រាន់តែអង្គុយសមាធិត្រឹមពេល ពីរនាទី ជារៀងរាល់ព្រឹក។ ប៉ុន្តែវានឹងផ្តល់ផលប្រសើរប្រសិនបើអ្នកអាចចំណាយពេល ពីរ នាទីជារៀងរាល់ថ្ងៃដើម្បីអនុវត្ត ហើយប្រសិន បើអ្វីដែលអ្នកធ្វើដំណើរការល្អ អ្នកគួរតែបន្ថែមពេល ពីរនាទីបន្ថែមទៀត ពោលគឺអ្នកបន្ថែម ពីរ នាទីម្តងរហូតដល់ ១០ នាទីជារៀងរាល់ថ្ងៃ នោះអ្នកអាចនឹងទទួលលទ្ធផលគួរឲ្យភ្ញាក់ផ្អើល ប៉ុន្តែអ្នកត្រូវ ចាប់ផ្តើមពីចំណុចតូចជាមុនសិន។
២) កុំខ្វល់ខ្វាយពីរបៀបនៃការអង្គុយ ឬ ការគិត ៖ មនុស្សភាគច្រើន គឺមានការខ្វល់ខ្វាយ តើកន្លែងណាដែលត្រូវអង្គុយ ហើយអង្គុយដោយរបៀបណា។ អ្នកមិនចាំបាច់ខ្វល់ខ្វាយច្រើនពេកនោះទេ អ្នកអាចអង្គុយលើកៅអី លើគ្រែ ឬ លើកម្រាលឥដ្ឋ កម្រាលព្រំក៏បានឲ្យតែអ្នកគិតថាមានភាពងាយស្រួលសម្រាប់អ្នក ប៉ុន្តែសម្រាប់ការហាត់សមាធិដំបូងអ្នកគួរតែរកកន្លែងដែលផ្តល់ភាពស្ងប់ស្ងាត់បន្តិច។
៣) គិតពីខ្លួនឯង តើមានអារម្មណ៍ដូចម្ដេចពេលកំពុងអង្គុយ ៖ នៅពេលដែលអ្នកចាប់ផ្ដើមធ្វើសមាធិជាលើកដំបូង អ្នកគួរតែមើលពីខ្លួនឯងថាអ្នកមានអារម្មណ៍យ៉ាងដូចម្ដេចដែរពេលកំពុងអង្គុយ។ តើខ្លួនប្រាណរបស់អ្នកទាំងមូលមានអារម្មណ៍បែបណា? តើអ្វីទៅជាគុណភាពនៃចិត្តរបស់អ្នកពេលកំពុងអង្គុយ? តើមានអារម្មណ៍ច្របូកច្របល់ ធុញទ្រាន់ និង អន្ទះសាដែរឬទេ? ការមើលឃើញនូវអ្វីពេលដែលអ្នកកំពុងអង្គុយសមាធិ គឺវាមិនជះអវិជ្ជមានដល់អ្នកនោះទេ។
៤) រាប់នូវដង្ហើមដករបស់ខ្លួនឯង ៖ នៅពេលដែលអ្នកអង្គុយសមាធិអារម្មណ៍ អ្នកត្រូវផ្ដោតអារម្មណ៍ ទៅលើការដកដង្ហើមរបស់អ្នក។ អ្នកត្រូវរាប់ចង្វាក់នៃការដកដង្ហើមចូល និង ដកដង្ហើមចេញ ពី១ ដល់ ១០ ហើយចាប់ផ្ដើមរាប់សាជាថ្មីម្ដងទៀត ព្រោះការធ្វើដដែលជាដដែលនេះជួយរក្សាភាពផ្ដោតយកចិត្តទុកដាក់។
៥) បណ្តុះឲ្យមានគំនិតនៃការស្រលាញ់ ៖ នៅពេលដែលអ្នកកំណត់សំគាល់ពីគំនិត និង អារម្មណ៍របស់អ្នកកើនឡើងក្នុងអំឡុងពេលធ្វើសមាធិ អ្នកត្រូវ បង្កើតភាពស្រលាញ់ចូលចិត្ត ចំពោះអារម្មណ៍និង គំនិតទាំងអស់នេះ ដោយត្រូវមើលពីអារម្មណ៍ និង គំនិត ទាំងអស់នេះថា ជាមិត្តមិនមែនជាសត្រូវរបស់អ្នកនោះឡើយ ព្រោះអ្វីៗទាំងអស់នេះ គឺសុទ្ធតែចេញមកពីខ្លួនអ្នក។
៦) កុំខ្វល់ខ្វាយច្រើនពេកថាអ្នកកំពុងធ្វើខុស ៖ ពេលខ្លះអ្នកនឹងមានអារម្មណ៍ថា អ្នកកំពុងធ្វើខុស ដូច្នេះអ្នកមិនចេះបាច់ បារម្ភថាអ្នកកំពុងធ្វើខុសនោះឡើយ ព្រោះគ្មានវិធីណាមួយ ល្អអស្ចារ្យសម្រាប់មនុស្សណាម្នាក់ឡើយ ត្រូវធ្វើចិត្តឲ្យរីករាយចំពោះអ្វីដែលអ្នកកំពុងធ្វើ។
៧) កុំខ្វល់ខ្វាយ ពីការធ្វើឲ្យអារម្មណ៍ជ្រះស្រឡះ ៖ មនុស្សភាគច្រើនគិតថាការធ្វើសមាធិអារម្មណ៍ គឺជាការលាងសម្អាតចិត្តឲ្យជ្រះស្រឡះ និង លុបចោលឲ្យអស់នូវគំនិតអវិជ្ជមានទាំងឡាយនៅក្នុងខ្លួន។ តាមការពិតវាមិនមែនទាំងស្រុងនោះទេ ពេលខ្លះវាអាចកើតឡើង ប៉ុន្តែវាមិនមែនជាគោលដៅនៃការធ្វើសមាធិនោះឡើយ។ ខួរក្បាលរបស់មនុស្សប្រៀបបានដូចរោងចក្រមួយដែលអ្នកមិនអាចបិទបាននោះឡើយ ដូច្នេះការធ្វើសមាធិអារម្មណ៍ គឺដើម្បីបង្កើនការផ្តោតយកចិត្តទុកដាក់ដើម្បីខ្លួនឯង និង ធ្វើឲ្យអារម្មណ៍ស្ងប់ពេលអ្នកមានចិត្តច្របូកច្របល់។
ប្រភព៖ Thebnews
0 comments:
Post a Comment